កាល​លោក​បេនយ៉ាមីន វេស(Benjamin West) នៅ​ក្មេង គាត់​បាន​ព្យាយាម​គូ​រូប​បង​ស្រី​របស់​គាត់ ប៉ុន្តែ គាត់គ្រាន់​តែ​អាច​គូ​រូប​គំនូរ​ដ៏​រញេរញ៉ៃ​មួយ​ផ្ទំាង​ប៉ុណ្ណោះ។ ម្តាយ​របស់​គាត់​ក៏​បាន​ឃើញ​រូប​គំនូរ​របស់​គាត់ ហើយ​ក៏​បានថើប​ក្បាល​គាត់ រួច​ប្រាប់​គាត់​ថា រូប​មនុស្ស​ក្នុង​គំនូរ​របស់​គាត់ មាន​មុខ​ដូច​សលី(Sally)ដែល​ជា​បង​ស្រី​របស់​គាត់។ ក្រោយ​មក គាត់​ក៏​បាន​និយាយ​ថា ការ​ថើប​របស់​ម្តាយ​គាត់​នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​វិចិត្រករ ហើយ​ក្រោយមក គាត់​ក៏​បាន​ក្លាយ​ជា​វិចិត្រករ​ដ៏ល្បី​ល្បាញ​របស់​ជន​ជាតិ​អាមេរិក។ ការ​លើក​ទឹក​ចិត្ត គឺ​មាន​អំណាច​ណាស់!

សាវ័ក​ប៉ុល​មិន​សូវ​មាន​គេ​ឲ្យ​តម្លៃ នៅ​ក្នុង​ដើម​ដំបូង​នៃ​ការងារ​ដែល​គាត់​ធ្វើ​បម្រើ​ព្រះ គឺ​មិន​ខុស​ពី​ក្មេង​ប្រុស​ដែលកំពុង​តែ​រៀន​គូរ​គំនូរ​នោះ​ឡើយ ប៉ុន្តែ លោក​បាណាបាស​ក៏​បាន​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​ត្រាស​ហៅ​សាវ័ក​ប៉ុល​មែន។ ដោយសារ​ការ​លើក​ទឹក​ចិត្ត​របស់​លោក​បាណាបាស ទើប​ពួក​ជំនុំ​បាន​ទទួល​ស្គាល់​ថា គាត់​ជា​បង​ប្អូន​រួមជំនឿ​(កិច្ចការ ៩:២៧)។ លោក​បាណាបាស​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​ដែល​នៅ​ក្មេង​ខ្ចី​នៅឡើយ ធ្វើ​ឲ្យ​ពួក​ជំនុំ​នៅ​ក្រុង​អាន់​ទីយ៉ូក ស្ថិត​ក្នុង​ចំណោម​ពួក​ជំនុំ​ដែល​មាន​ឥទ្ធិ​ពល​បំផុត ក្នុង​ព្រះ​គម្ពីរ​កិច្ចការ​(១១:២២-២៣)។ ហើយ​ក៏​ដោយសារ​ការ​លើក​ទឹក​ចិត្ត​របស់​លោក​បាណាបាស និង​សាវ័ក​ប៉ុល ដែល​បាន​ធ្វើ​ឲ្យ​ពួក​ជំនុំនៅ​ទីក្រុង​យេរូសាឡិម​ទទួល​ស្គាល់​ថា​ អ្នក​ជឿ​ដែល​ជា​សាសន៍​ដទៃ ក៏​ជា​គ្រីស្ទ​បរិស័ទ​ដែរ(១៥:១៩)។ ដូច​នេះ រឿងជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ពួក​ជំនុំ​ដំបូង គឺ​ជា​រឿង​នៃ​ការ​លើក​ទឹក​ចិត្ត។

ការ​រស់​នៅ​របស់​យើង​ក៏​ដូច្នេះ​ដែរ។ យើង​ប្រហែល​ជា​គិត​ថា ការ​លើក​ទឹក​ចិត្ត​គ្រាន់​តែ​ជា​ការ​និយាយ​ពាក្យ​ល្អ ទៅកាន់​នរណា​ម្នាក់។ ប៉ុន្តែ បើ​យើង​គិត​ដូច​នេះ គឺ​មាន​ន័យ​ថា យើង​មិន​បាន​ទទួល​ស្គាល់​អំណាច​របស់​ការ​លើក​ទឹក​ចិត្ត​ឡើយ។ ការ​លើក​ទឹក​ចិត្ត​ស្ថិត​នៅ​ក្នុង​ចំណោម​មធ្យោ​បាយ ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រើ ដើម្បី​កសាង​ជីវិត​មនុស្សម្នាក់​ៗ ក៏​ដូច​ជា​ជីវិត​របស់​ពួក​ជំនុំ។

ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ សម្រាប់​ការ​លើក​ទឹក​ចិត្ត​ដែល​យើង​បាន​ទទួល ហើយ​ចូរ​យើង​បន្ត​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​ទៀត។ —PETER CHIN