កាលពីឆ្នាំ២០១៧ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងហាវេយបានវាយប្រហារមកលើសហរដ្ឋអាមេរិក ក្រុមរបស់ខ្ញុំបានមើលឃើញឱកាសជួយជនរងគ្រោះ ហើយក៏បានធ្វើដំណើរទៅទីក្រុងហ៊ូស្តុន។ គោលដៅរបស់យើង គឺដើម្បីលើកទឹកចិត្តអ្នកដែលបានទទួលផលប៉ះពាល់ពីខ្យល់ព្យុះនោះ។ ក្នុងដំណាក់កាលនោះ ជំនឿរបស់យើងក៏បានជួបការល្បងល ហើយក៏បានពង្រឹងឡើង ខណៈពេលដែលយើងកំពុងតែឈរជាមួយពួកគេ នៅក្នុងព្រះវិហារ និងផ្ទះរបស់ពួកគេ ដែលបានបាក់បែក។
សេចក្តីជំនឿដែលប្រជាជនទាំងនោះបានបង្ហាញចេញមក បន្ទាប់ពីខ្យល់ព្យុះបានបំផ្លិចបំផ្លាញតំបន់ដែលពួកគេរស់នៅ បានធ្វើឲ្យខ្ញុំនឹកឃើញសេចក្តីជំនឿ ដែលលោកហាបាគុកបានបង្ហាញចេញមក នៅក្នុងចុងបញ្ចប់នៃបទទំនាយ ដែលគាត់បានថ្លែង កាលពីសតវត្សរ៍ទី៧ មុនគ្រីស្ទសគរាជ។ ហោរារូបនេះបានថ្លែងទំនាយថា ថ្ងៃដ៏វេទនាជិតមកដល់ហើយ(១:៥-២:១) អ្វីៗនឹងកាន់តែអាក្រក់ តែក្រោយមក ក៏បានប្រែជាល្អឡើងវិញ។ នៅចុងបញ្ចប់នៃបទទំនាយរបស់គាត់ យើងឃើញថា គាត់បានជញ្ជឹងគិត អំពីការបាត់បង់របស់ទ្រព្យនៅលើផែនដី ហើយគាត់ក៏បាននិយាយថា “ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ”(៣:១៧)។
តើយើងនឹងមានសេចក្តីជំនឿយ៉ាងណា ពេលដែលយើងកំពុងតែប្រឈមមុនដាក់ការបាត់បង់ ដែលមានដូចជា ការបាត់បង់សុខភាព ឬការងារ ការស្លាប់របស់មនុស្សជាទីស្រឡាញ់ ឬគ្រោះធម្មជាតិដ៏ហិនហោចជាដើម? បទទំនាយរបស់លោកហាបាគុកអំពីគ្រាវេទនា បានលើកទឹកចិត្តយើងឲ្យមានការជឿទុកចិត្តព្រះជាម្ចាស់ ដែលព្រះអង្គជាប្រភពនៃសេចក្តីសង្រ្គោះ(ខ.១៨) កម្លាំង និងស្ថេរភាព(ខ.១៩) សម្រាប់ថ្ងៃម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។ សរុបមក អ្នកដែលទុកចិត្តទ្រង់ នឹងមិនដែលខកចិត្តឡើយ។—ARTHUR JACKSON