មានពេលមួយខ្ញុំបានមើលពត៌មាន ដែលគេផ្សាយអំពីស្រ្តីជាច្រើនដែលបានក្លាយជាជនរងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទ ដោយពួកប្រុសៗដែលមានអំណាចមកលើពួកនាង។ វាជារឿងលាក់កំបាំងយូរមកហើយ តែពេលនេះ ត្រូវបានគេលើកយកមកលាតត្រដាង។ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំបានអានចំពត៌មាន ដែលផ្សាយថា បុរសពីរនាក់ដែលខ្ញុំធ្លាប់តែកោតសរសើរ គឺជាជនល្មើស គេបានរកឃើញភស្តុតាងបញ្ជាក់ថា ពួកគេពិតជាបានធ្វើការរំលោភបំពានមែន។ បញ្ហានេះបានកើតមាននៅគ្រប់ទីកន្លែង គឺសូម្បីតែនៅក្នុងពួកជំនុំក៏ដោយ។
ស្តេចដាវីឌក៏ធ្លាប់ទទួលទុក្ខវេទនា ដោយសារការអាក្រក់ដែលទ្រង់បានប្រព្រឹត្តផងដែរ។ នៅពេលរសៀលថ្ងៃមួយ ស្តេចដាវីឌបានឃើញស្រ្តីម្នាក់កំពុងងូតទឹក(២សាំយ៉ូអែល ១១:២)។ ហើយទ្រង់ចង់រួមដំណេកជាមួយនាង។ នាងបាតសេបាជាភរិយារបស់លោកអ៊ូរីដែលជាទាហានដ៏ស្មោះស្ម័គ្ររបស់ទ្រង់ តែទ្រង់នៅតែឲ្យគេទៅនាំនាងចូលក្រឡាបន្ទំរបស់ទ្រង់។ ពេលនាងបាតសេបាប្រាប់ស្តេចដាវីឌថា នាងមានផ្ទៃពោះ ទ្រង់ក៏មានការព្រួយបារម្ភ។ ស្តេចដាវីឌក៏បានរៀបគម្រោងក្បត់ ដ៏គួរឲ្យស្អប់ខ្ពើម ដោយបង្គាប់លោកយ៉ូអាប់ឲ្យទុកអ៊ូរីចោល នៅសមរភូមិ ដើម្បីឲ្យពួកសត្រូវសម្លាប់គាត់។
ស្តេចដាវីឌមិនអាចលាក់បាំងការអាក្រក់ ដែលទ្រង់បានធ្វើបំពានមកលើនាងបាតសេបា និងលោកអ៊ូរីឡើយ។ ហោរាសាំយ៉ូអែលបានបើកកកាយរឿងរបស់ទ្រង់ ឲ្យគេគ្រប់គ្នាបានឃើញច្បាស់។ ពេលដែលយើងបានធ្វើការអាក្រក់ យើងក៏ត្រូវប្រឈមមុខដោះស្រាយផងដែរ គឺមិនត្រូវព្យាយាមលាក់បាំងឡើយ។
ម្យ៉ាងទៀត យើងក៏ត្រូវស្តាប់រឿងទាំងអស់នេះ ព្រោះវាបានដាស់តឿនយើង ឲ្យប្រុងប្រយ័ត្នចំពោះការប្រើអំណាចបំពាន ក្នុងសម័យរបស់យើង។ ស្តេចដាវីឌជា “មនុស្សដែលធ្វើតាមបំណងព្រះទ័យព្រះ”(កិច្ចការ ១៣:២២) ប៉ុន្តែ ទ្រង់ក៏ជាមនុស្សដែលត្រូវទទួលខុសត្រូវ ចំពោះអ្វីដែលទ្រង់បានប្រព្រឹត្តផងដែរ។ ដូចនេះ យើងក៏ត្រូវឲ្យអ្នកដឹកនាំរបស់យើង ទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់អំណាចផងដែរ។
ដោយសារព្រះគុណព្រះ នោះយើងអាចទទួលការប្រោសលោះពីទ្រង់។ ពេលដែលយើងបន្តអានរឿងរបស់ស្តេចដាវីឌ យើងឃើញថា ស្តេចដាវីឌក៏បានប្រែចិត្តចេញពីអំពើបាបរបស់ទ្រង់(២សាំយ៉ូអែល ១២:១៣)។ ដូចនេះ ចិត្តដែលរឹងរូសនៅអាចផ្លាស់ប្រែបាន ដោយសារព្រះគុណព្រះ។ —WINN COLLIER