លោកលេហ្វ អេងហ្គ័រ(Leif Enger) បាន​និពន្ធ​រឿង​ប្រលោម​លោក ដែល​មាន​ចំណង​ជើង​ថា សុខ​សាន្ត​ដូច​ទឹក​ទន្លេ ។ ក្នុង​រឿងនេះ លោក​យេរេមា លែន(Jeremiah Land) ជា​ឪពុក​ដែល​មាន​កូន​បី​នាក់។ គាត់​ជា​អ្នក​យាម នៅ​សាលា​រៀន​មួយ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​ជា​បុរស​ដែល​មាន​ជំនឿ​ខ្លាំង ហើយ​នៅ​ពេល​ខ្លះ ជំនឿ​គាត់​នាំ​ឲ្យ​មាន​ការ​អស្ចារ្យ​កើត​ឡើង។ សៀវ​ភៅ​រឿង​នេះ​ទាំង​មូល បាន​និយាយ​អំពី​ជំនឿ​របស់​គាត់ ដែល​បាន​ជួប​ការ​ល្បងល​ជា​ញឹក​ញាប់។

សាលា​រៀន​ដែល​លោក​យេរេមា​ធ្វើ​ការ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឆេស្ទ័រ ហូលឌិន(Chester Holden)  ដែល​ជា​អ្នក​គ្រប់​គ្រង​ចិត្ត​អាក្រក់ ដែល​មាន​ជម្ងឺ​សើ​ស្បែក។ លោក​ហូលឌិន នៅ​តែ​ចង់​ឲ្យ​លោក​យេរេមា​ឈប់​ធ្វើ​ការ​នៅ​ទីនោះ ទោះ​គាត់​មាន​ក្រម​សីល​ធម៌​ការងារ​ ដោយ​ជូត​សម្អាត​ទឹក​លូ​ដែល​គេ​ធ្វើ​កំពុប ដោយ​គ្មាន​ការ​រអ៊ូរទាំ និង​បាន​រើស​ដប​ដែល​អ្នក​គ្រប់​គ្រង​រូប​នេះ​បានបោក​ចោល​ជា​ដើម។ ថ្ងៃ​មួយ គាត់​ក៏​បាន​ចោទ​ប្រកាន់​លោក​យេរេមា​ថា ជា​មនុស្ស​ប្រមឹក​ស្រា ហើយ​ក៏​បាន​បណ្តេញ​គាត់​ចេញ​ពីការងារ នៅ​ចំពោះ​មុខ​សិស្ស​ទាំង​អស់។ ទង្វើរ​នេះ​បាន​ធ្វើ​ឲ្យ​លោក​យេរេមា​មាន​ការ​អាប់​ឱន​យ៉ាង​ខ្លាំង។

តើ​លោក​យេរេមា​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្តេច? គាត់​អាច​គំរាម​អ្នក​គ្រប់​គ្រង​នោះ​ថា គាត់​នឹង​ដាក់​ពាក្យ​បណ្តឹង ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិធម៌ ឬ​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ដើម។ ពុំ​នោះ​ទេ​ គាត់​អាច​ដើរ​ចេញ​តាម​សម្រួល ដោយ​ទទួល​យក​ភាពអយុត្តិធម៌​នោះ។ សូម​អ្នក​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​គិត​ថា អ្នក​នឹង​ធ្វើ​អ្វី បើ​សិន​ជា​អ្នក​ជា​គាត់​វិញ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ហើយ​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អ្នក ដែល​ស្អប់​អ្នក​រាល់​គ្នា​វិញ ចូរ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក”(លូកា ៦:២៧-២៨)។ ដែល​ព្រះយេស៊ូវមាន​បន្ទូល​ដូច​នេះ គឺ​មិន​មែន​បើក​ឱកាស​ឲ្យ​គេ​បន្ត​ធ្វើ​ការ​អាក្រក់ ឬ​ឈប់​ស្វែង​រក​យុត្តិធម៌​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​អង្គ(ខ.៣៦) ដោយ​សួរ​ខ្លួន​ឯង​ថា : តើ​ខ្ញុំ​អាច​ជួយ​សត្រូវ​របស់​ខ្ញុំ យ៉ាង​ដូច​ម្តេច​ខ្លះ ដើម្បី​ឲ្យ​ពួក​គេ​មាន​អ្វី​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​មាន?

ក្នុង​រឿង​នេះ បន្ទាប់​ពី​លោក​យេរេមា​ត្រូវ​លោក​ហូលឌិន​បណ្តេញ​ចេញ​ពី​ការងារ គាត់​ក៏​បាន​មើល​ទៅ​លោក​ហូលឌិន​មួយ​សន្ទុះ រួច​យក​ដៃ​គាត់​ទៅ​ប៉ះ​មុខ​លោក​ហូលឌិន។ លោក​ហូលឌិន​ក៏​បាន​ថយ​ក្រោយ ដើម្បី​ការពារ​ខ្លួន ហើយ​លោក​យេរេមា​ក៏​បាន​ប៉ះចង្ការ និង​មុខ​របស់​ហូល​ឌិន ដោយ​ការ​អស្ចារ្យ។ មុខ​របស់​គាត់​ដែល​មាន​ជម្ងឺ​សើរ​ស្បែក​នោះ ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ពី​ព្រះជា​ម្ចាស់ នៅ​ពេល​នោះ។ ត្រង់​ចំណុច​នេះ លោក​យេរេមា​បាន​ពាល់​ខ្មាំង​សត្រូវ​របស់​គាត់ ដោយ​ព្រះ​គុណ​ព្រះ​។ —SHERIDAN VOYSEY