លោកលេហ្វ អេងហ្គ័រ(Leif Enger) បាននិពន្ធរឿងប្រលោមលោក ដែលមានចំណងជើងថា សុខសាន្តដូចទឹកទន្លេ ។ ក្នុងរឿងនេះ លោកយេរេមា លែន(Jeremiah Land) ជាឪពុកដែលមានកូនបីនាក់។ គាត់ជាអ្នកយាម នៅសាលារៀនមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ គាត់ក៏ជាបុរសដែលមានជំនឿខ្លាំង ហើយនៅពេលខ្លះ ជំនឿគាត់នាំឲ្យមានការអស្ចារ្យកើតឡើង។ សៀវភៅរឿងនេះទាំងមូល បាននិយាយអំពីជំនឿរបស់គាត់ ដែលបានជួបការល្បងលជាញឹកញាប់។
សាលារៀនដែលលោកយេរេមាធ្វើការ ស្ថិតក្រោមការដឹកនាំរបស់លោកឆេស្ទ័រ ហូលឌិន(Chester Holden) ដែលជាអ្នកគ្រប់គ្រងចិត្តអាក្រក់ ដែលមានជម្ងឺសើស្បែក។ លោកហូលឌិន នៅតែចង់ឲ្យលោកយេរេមាឈប់ធ្វើការនៅទីនោះ ទោះគាត់មានក្រមសីលធម៌ការងារ ដោយជូតសម្អាតទឹកលូដែលគេធ្វើកំពុប ដោយគ្មានការរអ៊ូរទាំ និងបានរើសដបដែលអ្នកគ្រប់គ្រងរូបនេះបានបោកចោលជាដើម។ ថ្ងៃមួយ គាត់ក៏បានចោទប្រកាន់លោកយេរេមាថា ជាមនុស្សប្រមឹកស្រា ហើយក៏បានបណ្តេញគាត់ចេញពីការងារ នៅចំពោះមុខសិស្សទាំងអស់។ ទង្វើរនេះបានធ្វើឲ្យលោកយេរេមាមានការអាប់ឱនយ៉ាងខ្លាំង។
តើលោកយេរេមាបានឆ្លើយតបយ៉ាងដូចម្តេច? គាត់អាចគំរាមអ្នកគ្រប់គ្រងនោះថា គាត់នឹងដាក់ពាក្យបណ្តឹង ចំពោះការបណ្តេញចេញដោយអយុត្តិធម៌ ឬធ្វើការចោទប្រកាន់ជាដើម។ ពុំនោះទេ គាត់អាចដើរចេញតាមសម្រួល ដោយទទួលយកភាពអយុត្តិធម៌នោះ។ សូមអ្នកចំណាយពេលមួយភ្លែត ដើម្បីគិតថា អ្នកនឹងធ្វើអ្វី បើសិនជាអ្នកជាគាត់វិញ។
ព្រះយេស៊ូវមានបន្ទូលថា “ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(លូកា ៦:២៧-២៨)។ ដែលព្រះយេស៊ូវមានបន្ទូលដូចនេះ គឺមិនមែនបើកឱកាសឲ្យគេបន្តធ្វើការអាក្រក់ ឬឈប់ស្វែងរកយុត្តិធម៌នោះទេ។ ផ្ទុយទៅវិញ ទ្រង់សព្វព្រះទ័យឲ្យយើងយកតម្រាប់តាមព្រះអង្គ(ខ.៣៦) ដោយសួរខ្លួនឯងថា : តើខ្ញុំអាចជួយសត្រូវរបស់ខ្ញុំ យ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យពួកគេមានអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកគេមាន?
ក្នុងរឿងនេះ បន្ទាប់ពីលោកយេរេមាត្រូវលោកហូលឌិនបណ្តេញចេញពីការងារ គាត់ក៏បានមើលទៅលោកហូលឌិនមួយសន្ទុះ រួចយកដៃគាត់ទៅប៉ះមុខលោកហូលឌិន។ លោកហូលឌិនក៏បានថយក្រោយ ដើម្បីការពារខ្លួន ហើយលោកយេរេមាក៏បានប៉ះចង្ការ និងមុខរបស់ហូលឌិន ដោយការអស្ចារ្យ។ មុខរបស់គាត់ដែលមានជម្ងឺសើរស្បែកនោះ ក៏បានទទួលការប្រោសឲ្យជាពីព្រះជាម្ចាស់ នៅពេលនោះ។ ត្រង់ចំណុចនេះ លោកយេរេមាបានពាល់ខ្មាំងសត្រូវរបស់គាត់ ដោយព្រះគុណព្រះ។ —SHERIDAN VOYSEY