លោកស្ទីហ្វិន(Stephen) បានចម្រើនវ័យធំឡើង ក្នុងតំបន់ដ៏អាក្រក់ នៅក្នុងផ្នែកខាងកើតនៃទីក្រុងឡុង ហើយគាត់ក៏បានធ្លាក់ខ្លួនចូលទៅក្នុងអំពើឧក្រឹដ្ឋ ពេលដែលគាត់មានអាយុ១០ឆ្នាំ។ គាត់ថា ពេលដែលគាត់ឃើញគេលក់គ្រឿងញៀន ឬលួចប្លន់ ឬក៏ក្លែងបន្លំ គាត់ក៏បានទៅចូលរួមជាមួយគេ ព្រោះវាជារឿងធម្មតាទៅហើយ។ ប៉ុន្តែ ពេលដែលគាត់មានអាយុ២០ឆ្នាំ គាត់ក៏មានសុបិន្តមួយ ដែលបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរ។ គាត់ថា “ក្នុងសុបិន្តនោះ គាត់ឮព្រះជាម្ចាស់មានបន្ទូលថា គាត់ត្រូវទៅសារភាព ព្រោះគាត់បានសម្លាប់មនុស្ស”។ ការយល់សប្តិនេះ គឺជាការព្រមាន ហើយគាត់ក៏បានងាកមករកព្រះយេស៊ូវ ហើយក៏បានទទួលជឿទ្រង់ជាព្រះសង្រ្គោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានកែប្រែជីវិតគាត់។
លោកស្ទីហ្វិនក៏បានបើកអង្គការមួយ ដែលបង្រៀនក្មេងៗក្រីក្រ ក្នុងទីក្រុង អំពីការលត់ដំ សីលធម៌ និងការគោរព តាមរយៈការលេងកីឡា។ គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ជោគជ័យដែលគាត់ទទួលបាន ខណៈពេលដែលគាត់បានអធិស្ឋាន និងបង្រៀនក្មេងៗទំាងនោះ។ គាត់ថា គាត់កំពុងតែនាំក្មេងៗទាំងនោះ ឲ្យមានក្តីស្រមៃដ៏ត្រឹមត្រូវឡើងវិញ។
កាលណាយើងស្វែងរកព្រះទ័យព្រះ ហើយលះចោលអតីតកាលរបស់យើង គឺមានន័យថា យើងបានអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ដែលបានបង្គាប់ពួកជំនុំនៅទីក្រុងអេភេសូរ ឲ្យឱបក្រសោបយកជីវិតថ្មី។ ទោះជីវិតចាស់របស់យើង តែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកមែន ជារៀងរាល់ថ្ងៃ យើងអាចខិតខំ “ប្រដាប់ខ្លួនដោយមនុស្សថ្មី” ដែលត្រូវបានបង្កើតមក តាមភាពព្រះ(អេភេសូរ ៤:២២,២៤)។ គ្រីស្ទបរិស័ទទាំងអស់ចាំបាច់ត្រូវឱបក្រសោបយកការផ្លាស់ប្រែ ដែលត្រូវបន្តទៅមុខ ដោយយើងត្រូវសូមព្រះជាម្ចាស់ ជួយយើងឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។
លោកស្ទីហ្វិនក៏បាននិយាយថា សេចក្តីជំនឿគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ឲ្យជីវិតគាត់បានផ្លាស់ប្រែ។ តើជីវិតរបស់អ្នក មានគ្រឹះនៃជំនឿ ដែលនាំមកនូវការផ្លាស់ប្រែយ៉ាងដូចម្តេចខ្លះ? —AMY BOUCHER PYE