លោក​ស្ទីហ្វិន(Stephen) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​តំបន់​ដ៏​អាក្រក់ នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ទីក្រុង​ឡុង ហើយ​គាត់​ក៏​បាន​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​អំពើ​ឧក្រឹដ្ឋ ពេល​ដែល​គាត់​មាន​អាយុ​១០​ឆ្នាំ។ គាត់​ថា ពេល​ដែល​គាត់​ឃើញ​គេ​លក់​គ្រឿង​ញៀន ឬ​លួច​ប្លន់​ ឬ​ក៏​ក្លែង​បន្លំ គាត់​ក៏​បាន​ទៅ​ចូល​រួម​ជា​មួយ​គេ ព្រោះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ប៉ុន្តែ ពេល​ដែល​គាត់​មាន​អាយុ​២០​ឆ្នាំ គាត់​ក៏មាន​សុបិន្ត​មួយ ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្តូរ។ គាត់​ថា “ក្នុង​សុបិន្ត​នោះ គាត់​ឮ​ព្រះ​ជា​ម្ចាស់​មាន​បន្ទូល​ថា គាត់​ត្រូវ​ទៅសារ​ភាព ព្រោះ​គាត់​បាន​សម្លាប់​មនុស្ស”។ ការ​យល់​សប្តិ​នេះ គឺ​ជា​ការ​ព្រ​មាន ហើយ​គាត់​ក៏​បាន​ងាក​មក​រក​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ទទួល​ជឿ​ទ្រង់​ជា​ព្រះ​សង្រ្គោះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​កែ​ប្រែ​ជីវិត​គាត់។

លោក​ស្ទីហ្វិន​ក៏​បាន​បើក​អង្គការ​មួយ ដែល​បង្រៀន​ក្មេង​ៗ​ក្រីក្រ ក្នុង​ទីក្រុង អំពី​ការ​លត់​ដំ សីល​ធម៌ និង​ការ​គោរព តាម​រយៈ​ការលេង​កីឡា។ គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ជោគ​ជ័យ​ដែល​គាត់​ទទួល​បាន​ ខណៈ​ពេល​ដែល​គាត់​បាន​អធិស្ឋាន និង​បង្រៀន​ក្មេង​ៗ​ទំាង​នោះ។ គាត់​ថា គាត់​កំពុង​តែ​នាំ​ក្មេង​ៗ​ទាំង​នោះ ឲ្យ​មាន​ក្តី​ស្រមៃ​ដ៏​ត្រឹម​ត្រូវ​ឡើង​វិញ។

កាល​ណា​យើង​ស្វែង​រក​ព្រះ​ទ័យ​ព្រះ ហើយ​លះ​ចោល​អតីត​កាល​របស់​យើង គឺ​មាន​ន័យ​ថា​ យើង​បាន​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដែល​បាន​បង្គាប់​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ ​ឲ្យ​ឱប​ក្រសោប​យក​ជីវិត​ថ្មី។ ទោះ​ជីវិត​ចាស់​របស់​យើង ​តែង​តែ​ខូច​ទៅ តាម​សេចក្តី​ប៉ងប្រាថ្នា​របស់​សេចក្តី​ឆបោក​មែន ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ខិត​ខំ “ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី” ដែល​ត្រូវ​បានបង្កើត​មក តាម​ភាព​ព្រះ(អេភេសូរ ៤:២២,២៤)។ គ្រីស្ទ​បរិស័ទ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ឱប​ក្រសោប​យក​ការ​ផ្លាស់​ប្រែ ដែល​ត្រូវបន្ត​ទៅ​មុខ ដោយ​យើង​ត្រូវ​សូម​ព្រះ​ជា​ម្ចាស់ ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​អង្គ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

លោក​ស្ទីហ្វិន​ក៏​បាន​និយាយ​ថា សេចក្តី​ជំនឿ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ជីវិត​គាត់​បាន​ផ្លាស់​ប្រែ។ តើ​ជីវិត​របស់​អ្នក មាន​គ្រឹះ​នៃ​ជំនឿ ដែល​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​យ៉ាង​ដូច​ម្តេច​ខ្លះ? —AMY BOUCHER PYE