ថ្មីៗនេះ ខ្ញុំបានរកឃើញ “ដំណោះស្រាយដ៏ងាយស្រួលមួយ” ពេលដែលចៅរបស់ខ្ញុំម្នាក់បានយកតុក្កតាទន្សាយរបស់នាង មកកម្តៅនៅពីលើកញ្ចក់ សម្រាប់ការពារជើងក្រានកម្តៅផ្ទះ នៅរដូវរងា។ កម្តៅនៅលើកញ្ចក់បានធ្វើឲ្យរោមតុក្កតាទន្សាយរបស់នាងរលាយជាប់នឹងកញ្ចក់ ធ្វើឲ្យវាលែងស្អាតដូចមុខទៀត ប៉ុន្តែ អ្នកឯកទេសផ្នែកជើងក្រានកម្តៅផ្ទះ បានផ្តល់ឲ្យនូវដំណោះស្រាយដ៏ងាយស្រួលមួយ ដើម្បីសម្អាតកញ្ចក់នោះឲ្យស្អាតដូចថ្មី។ ដំណោះស្រាយពិតជាមានប្រយោជន៍ណាស់ ហើយសព្វថ្ងៃនេះ ខ្ញុំឈប់ឲ្យក្មេងៗយកតុក្កតា មកដាក់នៅក្បែរជើងក្រានកម្តៅក្នុងផ្ទះទៀតហើយ។
ខ្ញុំបានលើកយកដំណោះស្រាយនេះមកនិយាយ ព្រោះជួនកាល យើងអាចសង្កេតឃើញថា ព្រះគម្ពីរប្រជុំទៅដោយដំណោះស្រាយជាច្រើន ដែលជួយឲ្យជីវិតកាន់តែមានភាពងាយស្រួល។ ជាការពិតណាស់ ព្រះគម្ពីរមានខគម្ពីរជាច្រើន ដែលចែងអំពីរបៀបរស់នៅ ក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ប៉ុន្តែ ព្រះគម្ពីរមានគោលបំណងលើសពីនេះទៀត។ ព្រះគម្ពីរបានផ្តល់ឲ្យយើង នូវដំណោះស្រាយមួយ សម្រាប់បំពេញតម្រូវការដែលធំបំផុត គឺការត្រូវការការសង្រ្គោះឲ្យរួចពីបាប និងរួចពីការដាច់ចេញពីព្រះអស់កល្បជានិច្ច។
ព្រះគម្ពីរបានចែងអំពីរឿងសំខាន់ៗជាច្រើន ដែលរាប់ចាប់ពីព្រះបន្ទូលសន្យា អំពីសេចក្តីសង្គ្រោះ(ក្នុងលោកុប្បត្តិ ៣:១៥) និងផ្លូវទៅរកក្តីសង្ឃឹមដ៏ពិត នៃផ្ទៃមេឃ និងផែនដីថ្មី(វិវរណៈ ២១:១-២)។ ក្នុងរឿងទាំងនេះមានខ្លឹមសាររួមមួយ គឺថា ព្រះជាម្ចាស់មានផែនការដ៏អស់កល្ប ដើម្បីសង្រ្គោះយើង ឲ្យរួចពីបាប និងអនុញ្ញាតយើង ឲ្យអរសប្បាយនឹងការប្រកបទាក់ទងជាមួយព្រះអង្គ។ ក្នុងរឿងនីមួយៗ និងក្នុងការបង្រៀនទាំងអស់ អំពីរបៀបរស់នៅ ដែលបានចែងក្នុងព្រះគម្ពីរ គឺសុទ្ធតែចង្អុលបង្ហាញយើង ឲ្យងាកទៅរកព្រះយេស៊ូវ ដែលអាចដោះស្រាយបញ្ហាធំបំផុតរបស់យើង។
ពេលដែលយើងបើកព្រះគម្ពីរ ដែលជាសៀវភៅរបស់ព្រះជាម្ចាស់ សូមយើងនឹកចាំថា យើងកំពុងតែរកមើលព្រះយេស៊ូវ និងការសង្រ្គោះដែលទ្រង់ប្រទាន ព្រមទាំងរបៀបរស់នៅ ជាកូនរបស់ទ្រង់។ ព្រះអង្គប្រទានដំណោះស្រាយដែលប្រសើរបំផុត។—DAVE BRANON