មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ពេល​គាត់​មាន​វ័យ​កាន់​តែ​ចាស់ ខ្ញុំ​ហាក់​ដូច​ជា​កាន់​តែ​មាន​ប្រាជ្ញា។ ហើយ​គាត់ប្រាប់​ខ្ញុំ​ទៀត​ថា ជួន​កាល ពេល​គាត់​និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ គាត់​ថែម​ទាំង​ឮ​សម្លេង​ខ្ញុំ ចេញ​ពី​មាត់​របស់​គាត់​ទៀត​ផង។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា គាត់​បាន​ប្រៀន​ប្រដៅ​កូន​របស់​គាត់ ដោយ​ប្រើ​ពាក្យ​សម្តី​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ទៅ​កាន់​គាត់ កាល​គាត់​នៅ​ក្មេង។ គាត់​បាន​និយាយ​ត្រង់​ៗ តែ​ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច។ ខ្ញុំ​ក៏​មាន​មាន​អារម្មណ៍​ដូច​គាត់​ផង​ដែរ ពេល​ដែល​ខ្ញុំ​គិត​ដល់ ឪពុក​ម្តាយ​ខ្ញុំ ហើយ​ជា​ញឹក​ញាប់​ខ្ញុំ​សង្កេត​ឃើញ​ថា ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្តី​របស់​ពួក​គាត់ កាល​ខ្ញុំ​ចិញ្ចឹមបី​បាច់​កូន​ៗ​របស់​ខ្ញុំ។ ពេល​ខ្ញុំ​ក្លាយ​ជា​ឪពុក​គេ ទស្សនៈ​ដែល​ខ្ញុំ​មាន​ចំពោះ​ឪពុក​ម្តាយ​ខ្ញុំ ក៏​មាន​ការ​ផ្លាស់​ប្តូរ។ កាល​ពី​មុន ខ្ញុំ​គិត​ថា ការ​ប្រៀន​ប្រដៅ​របស់​គាត់ គឺ​ជា​រឿង​ល្ងង់​ខ្លៅ ប៉ុន្តែ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​ប្រៀន​ប្រដៅ​នោះ​មាន​ពេញ​ដោយ​ប្រាជ្ញា លើស​ពី​ការ​គិត​របស់​ខ្ញុំ​ទៅ​ទៀត។

ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា “​សេចក្តី​ល្ងង់ល្ងើ​របស់​ព្រះ នោះ​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស”(១កូរិនថូស ១:២៥)។ “ដ្បិត​ដោយ​ព្រោះ​ព្រះ​ទ្រង់​បាន​សំរេច​តាម​ប្រាជ្ញា​នៃ​ទ្រង់​ថា មនុស្ស​លោក​នឹង​រក​ស្គាល់​ព្រះ​ដោយ​អាង​ប្រាជ្ញា​ខ្លួន​មិន​បាន​ទេ បាន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ជួយ​សង្គ្រោះ​អស់​លោក​អ្នក​ដែល​ជឿ ដោយសារ​សេចក្តី​ល្ងីល្ងើ​វិញ គឺ​ជា​ការ​ប្រកាស​ដំណឹង​ល្អ”(ខ.២១)។

ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​នូវ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន។ ជាក់​ស្តែង ព្រះ​រាជ​បុត្រា​នៃ​ព្រះ​មិន​បាន​យាង​មក​ធ្វើ​ជា​ស្តេច​ដ៏​មាន​ជ័យ​ជម្នះ ដូច​ការ​រំពឹង​គិត​របស់​មនុស្ស​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក ក្នុង​នាម​ជា​អ្នក​បម្រើ​ដែល​រង​ទុក្ខ ហើយ​បាន​សុគត នៅ​លើ​ឈើ​ឆ្កាង ដោយ​ការ​បន្ទាប​ខ្លួន មុន​ពេល​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​សិរីល្អ​ដែល​ខ្ពស់​បំផុត។

តាម​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ ការ​បន្ទាប​ខ្លួន គឺ​មាន​តម្លៃ​ជាង​អំណួត ហើយ​យើង​អាច​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​សារ​សេចក្តី​មេត្តា និង​សេចក្តី​សប្បុរស​ដែល​យើង​មិន​សម​នឹង​ទទួល។ តាម​រយៈ​ឈើ​ឆ្កាង ព្រះ​មែស៊ី​នៃ​យើង ដែល​មិន​ចេះ​ចាញ់ បាន​ធ្វើ​ជា​ជន​រង​គ្រោះ​ដ៏​ធ្ងន់​បំផុត ដើម្បី​សង្រ្គោះ​ទាំង​ស្រុង (ហេព្រើរ ៧:២៥) ដល់​អស់​អ្នក​ដែល​ទទួល​ជឿ​ព្រះ​អង្គ។ —JAMES BANKS