នៅក្បែរតំបន់ដែលខ្ញុំរស់នៅ មានហាងលក់កង់មួយ ដែលមានផ្លាកយីហោថា ហាងលក់កង់ឱកាសទីពីរ។ នៅទីនោះ អ្នកស្ម័គ្រចិត្តបានជួសជុលកង់ដែលគេបោះបង់ចោល ហើយយកវាទៅចែកដល់ក្មេងទាល់ក្រ។ លោកអឺនី ក្លក(Ernie Clark) ដែលជាស្ថាបនិកនៃហាងនេះ ក៏បានបរិច្ចាកកង់ជាច្រើនដល់មនុស្សធំដែលទាល់ក្រ ដែលរាប់បញ្ចូលទាំងជនអនាថា ជនពិការ និងអតីតយុទ្ធជន ដែលកំពុងតែមានការពិបាក នៅក្នុងការរស់នៅជាជនស៊ីវិល។ កង់ទាំងនោះមានឱកាសទីពីរ ប៉ុន្តែ ជួនកាល អ្នកទទួលកង់ទំាងនោះ ក៏មានការចាប់ផ្តើមជាថ្មីផងដែរ។ ឧទាហរណ៍ អតីតយុទ្ធជនម្នាក់បានប្រើកង់ដែលគាត់បានទទួលថ្មីៗ ដើម្បីទៅសម្ភាសការងារ។
ឱកាសទីពីរអាចកែប្រែជីវិតរបស់មនុស្សម្នាក់ ជាពិសេស នៅពេលដែលឱកាសទីពីរនោះ ជាការប្រទានរបស់ព្រះ។ ហោរាមីកាបានលើកសរសើរ អំពីព្រះគុណ ដែលនាំមកនូវឱកាសទីពីរ ក្នុងអំឡុងពេលដែលប្រជាជាតិអ៊ីស្រាអែល កំពុងតែមានភាពពុករលួយ ដោយការស៊ីសំណូក ការកេងបន្លំ និងអំពើបាបដ៏គួរឲ្យស្អប់ខ្ពើមដទៃទៀត។ គឺដូចដែលគាត់បានពោលទំនួញថា “មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(មីកា ៧:២)។
លោកមីកាដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះការអាក្រក់។ តែដោយសារទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់ ទ្រង់នឹងប្រទានឱកាសទីពីរដល់អ្នកដែលប្រែចិត្តចេញពីបាប។ ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់ ហោរាមីកាក៏បានសួរថា “តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់”(ខ.១៨)។
យើងក៏អាចអរសប្បាយ ដោយដឹងថា ព្រះជាម្ចាស់មិនបោះបង់យើងចោល ដោយសារអំពើបាបរបស់យើងឡើយ ហើយយើងត្រូវទូលសូមការអត់ទោសបាបពីទ្រង់។ គឺដូចដែលលោកមីកាបានប្រកាស់អំពីព្រះអង្គថា “ទ្រង់នឹងមានសេចក្តីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្តីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ”(ខ.១៩)។
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ប្រទានឱកាសទីពីរដល់អ្នកដែលស្វែងរកទ្រង់។—PATRICIA RAYBON