នៅ​ក្បែរ​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​ហាង​លក់​កង់​មួយ ដែល​មាន​ផ្លាក​យីហោ​ថា ហាង​លក់​កង់​ឱកាស​ទី​ពីរ។ នៅ​ទីនោះ អ្នក​ស្ម័គ្រចិត្ត​បាន​ជួស​ជុល​កង់​ដែល​គេ​បោះ​បង់​ចោល ហើយ​យក​វា​ទៅ​ចែក​ដល់​ក្មេង​ទាល់​ក្រ។ លោក​អឺនី ក្លក(Ernie Clark) ដែល​ជាស្ថាប​និក​នៃ​ហាង​នេះ ក៏​បាន​បរិច្ចាក​កង់​ជា​ច្រើន​ដល់​មនុស្ស​ធំ​ដែល​ទាល់​ក្រ ដែល​រាប់​បញ្ចូល​ទាំង​ជន​អនាថា ជន​ពិការ និង​អតីត​យុទ្ធ​ជន ដែល​កំពុង​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​រស់​នៅ​ជា​ជន​ស៊ីវិល។ កង់​ទាំង​នោះ​មាន​ឱកាស​ទីពីរ ប៉ុន្តែ ជួន​កាល​ អ្នកទទួល​កង់​ទំាង​នោះ ក៏​មាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ផង​ដែរ។ ឧទាហរណ៍ អតីត​យុទ្ធ​ជន​ម្នាក់​បាន​ប្រើ​កង់​ដែល​គាត់​បាន​ទទួល​ថ្មី​ៗ ដើម្បី​ទៅ​សម្ភាស​ការងារ។

ឱកាស​ទីពីរ​អាច​កែ​ប្រែ​ជីវិត​របស់​មនុស្ស​ម្នាក់ ជា​ពិសេស នៅ​ពេល​ដែល​ឱកាស​ទីពីរ​នោះ ជា​ការ​ប្រទាន​របស់​ព្រះ។ ហោរា​មីកា​បាន​លើក​សរសើរ អំពី​ព្រះ​គុណ​ ដែល​នាំ​មក​នូវ​ឱកាស​ទីពីរ ក្នុង​អំឡុង​ពេល​ដែល​ប្រជា​ជាតិ​អ៊ីស្រាអែល កំពុង​តែ​មាន​ភាព​ពុករលួយ ដោយ​ការ​ស៊ី​សំណូក ការ​កេង​បន្លំ និង​អំពើ​បាប​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដទៃ​ទៀត។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ទំនួញ​ថា “មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(មីកា ៧:២)។

លោក​មីកា​ដឹង​ថា ព្រះ​ជា​ម្ចាស់​នឹង​ជំនុំ​ជម្រះ​ការ​អាក្រក់។ តែ​ដោយ​សារ​ទ្រង់​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទ្រង់​នឹង​ប្រទាន​ឱកាស​ទីពីរ​ដល់​អ្នក​ដែល​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ដោយ​សារ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ហោរា​មីកា​ក៏​បាន​សួរ​ថា “តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់”(ខ.១៨)។

យើង​ក៏​អាច​អរ​សប្បាយ ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មិន​បោះ​បង់​យើង​ចោល ដោយសារ​អំពើ​បាប​របស់​យើង​ឡើយ ហើយ​យើងត្រូវ​ទូល​សូម​ការ​អត់​ទោស​បាប​ពី​ទ្រង់។ គឺ​ដូច​ដែល​លោក​មីកា​បាន​ប្រកាស់​អំពី​ព្រះ​អង្គ​ថា “ទ្រង់​នឹង​មាន​សេចក្តី​អាណិតអាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្តី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះបាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ”(ខ.១៩)។

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ ប្រទាន​ឱកាស​ទីពីរ​ដល់​អ្នក​ដែល​ស្វែង​រក​ទ្រង់។—PATRICIA RAYBON