ក្នុងនាមខ្ញុំជាមនុស្សដែលរស់នៅ តាមគោលការណ៍ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលបរាជ័យដ៏ធំមួយ។ តើខ្ញុំបានធ្វើអ្វីខុស? គឺខ្ញុំបានគេងលក់។ ខ្ញុំបានប្រាប់កូនៗរបស់ខ្ញុំឲ្យត្រឡប់មកផ្ទះវិញ តាមពេលដែលខ្ញុំកំណត់ នៅពេលយប់ ដែលពួកគេ ចេញទៅក្រៅ។ ពួកគេជាក្មេងល្អ ប៉ុន្តែ ខ្ញុំមានទម្លាប់រង់ចាំពួកគេត្រឡប់មកផ្ទះវិញ ទាល់តែខ្ញុំបានឮសម្លេងពួកគេបើកគន្លឹះទ្វារចូលផ្ទះ។ ខ្ញុំចង់ឃើញពួកគេត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ខ្ញុំមិនចង់អង្គុយចាំពួកគេទេ តែខ្ញុំបានសម្រេចចិត្តអង្គុយចាំពួកគេ។ ប៉ុន្តែ នៅពេលយប់មួយ ខ្ញុំអង្គុយចាំទាល់តែគេងលក់ ហើយពេលខ្ញុំភ្ញាក់ដឹងខ្លួន ឃើញកូនស្រីខ្ញុំញញឹម ហើយនិយាយប្រាប់ខ្ញុំថា នាងបានមកដល់ផ្ទះដោយសុវត្ថិភាពហើយ ខ្ញុំគួរតែចូលគេង។ ទោះឪពុកទាំងឡាយមានបំណងល្អយ៉ាងណាក៏ដោយ ជួនកាល ពួកគេគេងលក់ នៅពេលដែលពួកគេកំពុងអង្គុយចាំកូនត្រឡប់មកផ្ទះវិញ។ នេះជារឿងធម្មតាទេ ដែលយើងមានភាពកម្សោយ ក្នុងនាមយើងជាមនុស្ស។
ប៉ុន្តែ រឿងនេះមិនដែលកើតឡើងចំពោះព្រះជាម្ចាស់ឡើយ។ បទគម្ពីរទំនុកដំកើង ១២១ ជាបទចម្រៀងដែលបានរំឭកយើងថា ព្រះអង្គជាអ្នកយាម និងការពារកូនៗរបស់ទ្រង់។ អ្នកនិពន្ធបទទំនុកដំកើងនេះបានប្រកាស់ថា ព្រះដែលថែរក្សាយើង ទ្រង់មិនដែល “ងោកងុយឡើយ”(ខ.៣)។ គាត់ក៏បានលើកយកសេចក្តីពិតនេះមកនិយាយម្តងទៀត ក្នុងខ.៤ ដើម្បីសង្កត់ធ្ងន់ថា “ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ”។
អ្នកឃើញទេ ព្រះជាម្ចាស់មិនដែលងោកងុយឡើយ។ ទ្រង់តែងតែមើលថែយើង ដែលជាកូនប្រុសស្រីរបស់ទ្រង់ជានិច្ច។ ទ្រង់បានសម្រេចព្រះទ័យមើលថែយើង ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់។ នេះជាព្រះបន្ទូលសន្យា ដែលយើងគួរតែយកមកច្រៀងសរសើរព្រះអង្គ។—JOHN BLASÉ