ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​រស់​នៅ តាម​គោល​ការណ៍​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ទទួល​បរាជ័យ​ដ៏​ធំ​មួយ។ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស? គឺខ្ញុំ​បាន​គេង​លក់។​ ខ្ញុំ​បាន​ប្រាប់​កូន​ៗ​របស់​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ តាម​ពេល​ដែល​ខ្ញុំ​កំណត់ នៅ​ពេល​យប់ ដែល​ពួក​គេ ចេញ​ទៅក្រៅ។ ពួក​គេ​ជា​ក្មេង​ល្អ ប៉ុន្តែ ខ្ញុំ​មាន​ទម្លាប់​រង់​ចាំ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ ទាល់​តែ​ខ្ញុំ​បាន​ឮ​សម្លេង​ពួក​គេ​បើក​គន្លឹះ​ទ្វារ​ចូល​ផ្ទះ។ ខ្ញុំ​ចង់​ឃើញ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​មិន​ចង់​អង្គុយ​ចាំ​ពួក​គេ​ទេ តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អង្គុយ​ចាំ​ពួក​គេ។ ប៉ុន្តែ នៅ​ពេល​យប់​មួយ ខ្ញុំ​អង្គុយ​ចាំ​ទាល់​តែ​គេង​លក់ ហើយ​ពេល​ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន ឃើញ​កូន​ស្រី​ខ្ញុំ​ញញឹម ហើយ​និយាយ​ប្រាប់​ខ្ញុំ​ថា នាង​បាន​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិ​ភាព​ហើយ ខ្ញុំ​គួរ​តែ​ចូល​គេង។  ទោះ​ឪពុក​ទាំង​ឡាយ​មាន​បំណង​ល្អ​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ពួក​គេ​គេង​លក់ នៅ​ពេល​ដែល​ពួក​គេ​កំពុង​អង្គុយ​ចាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ។ នេះ​ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ភាពកម្សោយ ក្នុង​នាម​យើង​ជា​មនុស្ស។

ប៉ុន្តែ រឿង​នេះ​មិន​ដែល​កើត​ឡើង​ចំពោះ​ព្រះ​ជា​ម្ចាស់​ឡើយ។ បទ​គម្ពីរ​ទំនុក​ដំកើង ១២១ ជា​បទ​ចម្រៀង​ដែល​បាន​រំឭក​យើង​ថា ព្រះ​អង្គ​ជា​អ្នក​យាម និង​ការពារ​កូន​ៗ​របស់​ទ្រង់។ អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ​បាន​ប្រកាស់​ថា ព្រះ​ដែល​ថែរក្សា​យើង ទ្រង់​មិនដែល “ងោកងុយ​ឡើយ”(ខ.៣)។ គាត់​ក៏​បាន​លើក​យក​សេចក្តី​ពិត​នេះ​មក​និយាយ​ម្តង​ទៀត ក្នុង​ខ.៤ ដើម្បី​សង្កត់​ធ្ងន់​ថា “ទ្រង់​នឹង​មិន​ដែល​ងោកងុយ ក៏​មិន​ដែល​ផ្ទំ​ល​ក់​ឡើយ”។

អ្នក​ឃើញ​ទេ ព្រះ​ជា​ម្ចាស់​មិន​ដែល​ងោក​ងុយ​ឡើយ។ ទ្រង់​តែង​តែ​មើល​ថែ​យើង ដែល​ជា​កូន​ប្រុស​ស្រី​របស់​ទ្រង់​ជា​និច្ច។ ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​មើល​ថែ​យើង ដោយសារ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ទ្រង់។ នេះ​ជា​ព្រះ​បន្ទូល​សន្យា ដែល​យើង​គួរ​តែយក​មក​ច្រៀង​សរសើរ​ព្រះ​អង្គ។—JOHN BLASÉ