លោកចេស អូវិន(Jesse Owens) ជាកីឡាកររត់ប្រណាំងដ៏ល្បីល្បាញ ដែលបានរស់នៅជាបុរសនៃសេចក្តីជំនឿ ដ៏ក្លាហាន ដោយសារគាត់បានទទួលឥទ្ធិពលពីឪពុកម្តាយរបស់គាត់ ដែលជាអ្នកជឿដ៏រឹងមាំ។ ក្នុងអំឡុងពេលនៃការប្រកួតកីឡាអូឡាំពិក កាលពីឆ្នាំ ១៩៣៦ លោកអូវិន ស្ថិតក្នុងចំណោមជនជាតិអាមេរិកស្បែកខ្មៅមួយចំនួនតូច នៅក្នុងក្រុមកីឡាករអាមេរិក ហើយគាត់បានទទួលមេដាយមាសចំនួន៤ នៅចំពោះមុខពួកណាហ្ស៊ីដែលពេញដោយក្តីសម្អប់ និងលោកអ៊ីត្លែរ(Hitler) ដែលជាមេដឹកនាំរបស់ពួកគេ។ គាត់ក៏បានរាប់អានគ្នាជាមិត្តភក្តិជាមួយនឹងកីឡាករអាឡឺម៉ង់ម្នាក់ ឈ្មោះ លូហ្ស ឡង(Luz Long)។
នៅសម័យនោះ ជីវិតរបស់លោកលូហ្សបានហ៊ុមព័ទ្ធដោយការឃោសនារបស់ពួកណាហ្ស៊ី ប៉ុន្តែ ការបង្ហាញចេញនូវសេចក្តីជំនឿ តាមរយៈការរស់នៅដ៏សាមញ្ញរបស់លោកអូវិន បានជិះឥទ្ធិពលមកលើលោកលូហ្ស។ ក្រោយមក លោកឡងក៏បានសរសេរសំបុត្រផ្ញើទៅលោកអូវិនថា “នៅម៉ោង ដែលខ្ញុំបាននិយាយជាមួយអ្នកជាលើកទីមួយ នៅទីក្រុងប៊ែរឡាំង ពេលដែលអ្នកកំពុងតែលត់ជង្គង់នៅលើដី ខ្ញុំដឹងថា អ្នកកំពុងតែអធិស្ឋាន… ពេលនោះ ខ្ញុំគិតថា ខ្ញុំចង់ទទួលជឿព្រះដែរ”។
ទីបន្ទាល់របស់លោកអូវិនបានបង្ហាញ អំពីរបៀបដែលគ្រីស្ទបរិស័ទអាចអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុលឲ្យ “ស្អប់ការអាក្រក់” ហើយ “ស្រឡាញ់គ្នាទៅវិញទៅមក”(រ៉ូម ១២:៩-១០)។ លោកអូវិនអាចឆ្លើយតប ចំពោះការអាក្រក់ដែលនៅជុំវិញខ្លួនគាត់ ដោយការស្អប់ តែគាត់បានជ្រើសរើសការរស់នៅ ដោយជំនឿ និងបង្ហាញសេចក្តីស្រឡាញ់ដល់លោកលូហ្ស ដែលក្រោយមកបានក្លាយជាមិត្តភក្តិគាត់ ហើយមានចិត្តចង់ទទួលជឿព្រះ។
ខណៈពេលដែលរាស្រ្តរបស់ព្រះមាន “ការខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន”(ខ.១២) ទ្រង់ក៏បានចម្រើនកម្លាំងយើង ឲ្យ “រស់នៅដោយមានគំនិតដែលចុះសម្រុងគ្នា”(ខ.១៦)។
ពេលដែលយើងពឹងផ្អែកលើការអធិស្ឋាន យើងអាចប្តេជ្ញាចិត្តថា យើងនឹងបង្ហាញចេញនូវសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ក្នុងការរស់នៅដល់អស់អ្នកដែលព្រះទ្រង់បានបង្កើត ឲ្យមានរូបភាពដូចទ្រង់។ ខណៈពេលដែលយើងស្រែករកព្រះ ទ្រង់នឹងជួយបំផ្លាញរនាំង ហើយសង់ស្ពានមេត្រី ជាមួយអ្នកជិតខាងរបស់យើង។—XOCHITL DIXON