កាលពីពេលថ្មីៗនេះ ខ្ញុំ និងភរិយារបស់ខ្ញុំ ឈ្មោះ ឃែរី(Cari) បានធ្វើដំណើរទៅទីក្រុងសាន់តា បាបារ៉ា រដ្ឋកាលីហ្វូញ៉ា ដើម្បីចូលរួមកម្មវិធីជួបជុំមិត្តរួមជំនាន់ នៅមហាវិទ្យាល័យ។ ទីក្រុងនោះជាកន្លែងដែលយើងបានជួបគ្នា និងធ្លាក់ក្នុងអន្លង់ស្នេហ៍ កាលពី៣៥ឆ្នាំមុន។ យើងមានគម្រោងទៅលេងកន្លែងមួយចំនួន ដែលយើងធ្លាប់បានចំណាយពេលដ៏ល្អបំផុតជាមួយគ្នា កាលវ័យយុវជន។ ប៉ុន្តែ ពេលដែលយើងទៅដល់ទីតាំងរបស់ភោជ្ជនីយដ្ឋានមីស៊ីកូដែលយើងចូលចិត្តជាងគេ យើងបែរជាឃើញហាងផ្គត់ផ្គង់គ្រឿងសំណង់នៅទីនោះទៅវិញ។ តែយើងបានឃើញផ្លាកដែកមួយ ដែលគេបានព្យួរនៅលើជញ្ជាំង ជាការរំឭកដល់ភោជ្ជនីយដ្ឋាននេះ ដែលបានបម្រើសហគមន៍នៅទីនោះអស់រយៈពេល៤ទសវត្សរ៍មកហើយ។
ខ្ញុំក៏បានមើលទៅផ្លូវដើរ ដ៏សោះកក្រោះ ដែលពីមុនបានលម្អរដោយតុកៅអី និងឆ័ត្រពណ៌ចម្រុះ ដ៏ស្រស់ស្អាត។ នៅទីនោះ ពិតជាមានការប្រែប្រួលច្រើនណាស់។ ប៉ុន្តែ ទោះជាអ្វីៗមានការប្រែប្រួលយ៉ាងណាក៏ដោយ សេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនដែលផ្លាស់ប្តូរឡើយ។ គឺដូចដែលស្តេចដាវីឌបានពោលយ៉ាងសោកសៅថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល។ ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត។តែសេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់ សេចក្តីសុចរិតរបស់ទ្រង់ ក៏នៅរហូតដល់កូនចៅគេតទៅ”(ទំនុកដំកើង ១០៣:១៥-១៧)។ នៅចុងបញ្ចប់នៃទំនុកមួយនេះ ស្តេចដាវីឌក៏បានបន្លឺសម្លេងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”(ខ.២២)។
លោកហេរ៉ាគ្លីទើស(Heraclitus) ដែលជាទស្សនវិទូបុរាណ បានមានប្រសាសន៍ថា “មនុស្សមិនដែលចុះទៅក្នុងទឹកទន្លេដដែល ជាលើកទីពីរឡើយ”។ បានសេចក្តីថា អ្វីៗនៅជុំវិញខ្លួនយើង មានការផ្លាស់ប្តូរជានិច្ច ប៉ុន្តែ ព្រះជាម្ចាស់នៅតែដដែល ហើយនៅតែអាចឲ្យយើងទុកចិត្តព្រះបន្ទូលសន្យារបស់ទ្រង់! យើងនៅតែអាចមានការទុកចិត្ត ចំពោះភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ពីមួយជំនាន់ ទៅមួយជំនាន់។—JAMES BANKS