លោកថូម៉ាស អេឌីសិន(Thomas Edison) បានឆ្នៃបង្កើតអំពូលភ្លើងដំបូងគេ ដែលអាចប្រើប្រាស់បាន។ លោកយ៉ូណាស សក(Jonas Salk) បានបង្កើតវ៉ាក់សាំងជម្ងឺគ្រុនស្វិតដៃជើង។ អ្នកស្រីអេមី ខាមៃឃល(Amy Carmichael) បាននិពន្ធបទទំនុកសកលជាច្រើន ដែលគ្រីស្ទបរិស័ទជាច្រើនបានច្រៀង នៅក្នុងកម្មវីធីថ្វាយបង្គំព្រះ។ ប៉ុន្តែ ចុះចំណែកឯអ្នកវិញ? តើព្រះជាម្ចាស់បានដាក់អ្នកនៅលើផែនដីនេះ ដើម្បីអ្វីដែរ? តើអ្នកនឹងប្រើជីវិតរបស់អ្នក យ៉ាងដូចម្តេចខ្លះ?
បទគម្ពីរលោកុប្បត្តិ ជំពូក៤ បានប្រាប់យើងថា នាងអេវ៉ា “បានមានផ្ទៃពោះ ហើយក៏បង្កើតបានកូនប្រុសម្នាក់ ឈ្មោះកាអ៊ីន”។ បន្ទាប់ពីនាងបានពរកាអ៊ីនជាលើកទីមួយ នាងក៏បានប្រកាស់ថា នាងបង្កើតបានកូនប្រុសមួយ ដោយព្រះអម្ចាស់បានប្រោសប្រទានដល់នាង(ខ.១)។ ត្រង់ចំណុចនេះ នាងអេវ៉ាបានបង្ហាញអំពីអារម្មណ៍ដ៏រំភើបរីករាយបំផុត ដែលកូនទីមួយរបស់នាងបានចាប់កំណើត បានជានាងប្រកាស់ថា កូននោះ គឺជាការប្រោសប្រទានរបស់ព្រះអម្ចាស់ ពោលគឺនាងបានពឹងផ្អែកលើជំនួយរបស់ព្រះអង្គ។ ទីបំផុត តាមរយៈពូជរបស់នាងអេវ៉ា ព្រះជាម្ចាស់ក៏បានប្រទានសេចក្តីសង្រ្គោះដល់រាស្រ្តព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គ(យ៉ូហាន ៣:១៦)។ នាងបានបន្សល់នូវកេរដំណែលដ៏អស្ចារ្យ!
ការបំពេញតួនាទីជាឪពុកម្តាយ ស្ថិតក្នុងចំណោមការរួមចំណែកដ៏យូរអង្វែង ជួយដល់ពិភពលោកនេះ។ ការរួមចំណែកជួយនោះ ក៏រាប់បញ្ចូលសកម្មភាពមានប្រយោជន៍ជាច្រើនដែលអ្នកបានធ្វើ ដែលមានដូចជាការសរសេរនិពន្ធ ការកាត់ដេរខោអាវ ឬការគូរគំនូរជាដើម។ ម្យ៉ាងទៀត អ្នកអាចធ្វើជាគំរូដ៏ល្អ សម្រាប់អ្នកដែលស្រេកឃ្លានឥទ្ធិពលនៃការកោតខ្លាចព្រះ។ ពុំនោះទេ ការរួមចំណែករបស់អ្នកនឹងបន្តកើតមាន តាមរបៀបដែលអ្នកនឹកស្មានមិនដល់ បន្ទាប់ពីអ្នកបានលាចាកលោកនេះ។ វាអាចជាស្នាដៃដែលអ្នកបានបន្សល់ទុក ឬជាកេរ្តិ៍ឈ្មោះដ៏ល្អ ដែលអ្នកបានបន្សល់ទុក នៅក្នុងការធ្វើជំនួញដ៏ស្មោះត្រង់។ ទោះជាអ្នកបានរួមចំណែកតាមធម្យោបាយណាក៏ដោយ តើអ្នកបានយកគំរូតាមនាងអេវ៉ា ដោយប្រកាសថា អ្នកបានធ្វើការទាំងអស់នោះ ដោយពឹងផ្អែកព្រះជាម្ចាស់ឬទេ? ដោយជំនួយមកពីព្រះអម្ចាស់ តើអ្នកនឹងធ្វើការអ្វី ដើម្បីថ្វាយព្រះកិត្តិនាមដល់ទ្រង់? —ELISA MORGAN