លោក​ថូម៉ាស អេឌីសិន(Thomas Edison) បាន​ឆ្នៃ​បង្កើត​អំពូល​ភ្លើង​ដំបូង​គេ ដែល​អាច​ប្រើ​ប្រាស់​បាន។ លោក​យ៉ូណាស សក(Jonas Salk) បាន​បង្កើត​វ៉ាក់សាំង​ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង។ អ្នក​ស្រី​អេមី ខាមៃឃល(Amy Carmichael) បាន​និពន្ធ​បទ​ទំនុក​សកល​ជា​ច្រើន ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​ច្រៀង នៅ​ក្នុង​កម្ម​វីធី​ថ្វាយ​បង្គំ​ព្រះ។ ប៉ុន្តែ ចុះ​ចំណែក​ឯ​អ្នក​វិញ? តើ​ព្រះ​ជា​ម្ចាស់​បាន​ដាក់​អ្នក​នៅ​លើ​ផែន​ដី​នេះ ដើម្បី​អ្វី​ដែរ? តើ​អ្នក​នឹង​ប្រើ​ជីវិត​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ?

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៤ បាន​ប្រាប់​យើង​ថា នាង​អេវ៉ា “បាន​មាន​ផ្ទៃ​ពោះ ហើយ​ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​កាអ៊ីន”។ បន្ទាប់​ពី​នាង​បាន​ពរ​កាអ៊ីន​ជា​លើកទី​មួយ នាង​ក៏​បាន​ប្រកាស់​ថា នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដោយ​ព្រះ​អម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​នាង​(ខ.១)។ ត្រង់​ចំណុច​នេះ នាង​អេវ៉ា​បាន​បង្ហាញ​អំពី​អារម្មណ៍​ដ៏​រំភើប​រីករាយ​បំផុត ដែល​កូន​ទីមួយ​របស់​នាងបាន​ចាប់​កំណើត បាន​ជា​នាង​ប្រកាស់​ថា កូន​នោះ គឺជា​ការ​ប្រោស​ប្រទាន​របស់​ព្រះ​អម្ចាស់ ពោល​គឺ​នាង​បាន​ពឹង​ផ្អែក​លើ​ជំនួយ​របស់​ព្រះ​អង្គ។  ទី​បំផុត តាម​រយៈ​ពូជ​របស់​នាង​អេវ៉ា ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រទាន​សេចក្តី​សង្រ្គោះ​ដល់​រាស្រ្ត​ព្រះ​អង្គ តាម​រយៈ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​(យ៉ូហាន ៣:១៦)។ នាង​បាន​បន្សល់​នូវ​កេរ​ដំណែល​ដ៏​អស្ចារ្យ!

ការ​បំពេញ​តួនាទី​ជា​ឪពុក​ម្តាយ ស្ថិត​ក្នុង​ចំណោម​ការ​រួម​ចំណែក​ដ៏​យូរ​អង្វែង ជួយ​ដល់​ពិភព​លោក​នេះ។ ការ​រួម​ចំណែក​ជួយ​នោះ ក៏​រាប់​បញ្ចូល​សកម្ម​ភាពមាន​ប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​បាន​ធ្វើ ដែល​មាន​ដូច​ជា​ការ​សរសេរ​និពន្ធ ការ​កាត់​ដេរ​ខោអាវ ឬ​ការ​គូរ​គំនូរ​ជា​ដើម។ ម្យ៉ាង​ទៀត អ្នក​អាច​ធ្វើ​ជា​គំរូ​ដ៏​ល្អ សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​ឥទ្ធិ​ពល​នៃ​ការ​កោត​ខ្លាច​ព្រះ។ ពុំ​នោះទេ ការ​រួម​ចំណែក​របស់​អ្នក​នឹង​បន្ត​កើត​មាន តាម​របៀប​ដែល​អ្នក​នឹក​ស្មានមិន​ដល់ បន្ទាប់​ពី​អ្នក​បាន​លា​ចាក​លោក​នេះ។ វា​អាច​ជា​ស្នាដៃ​ដែល​អ្នក​បាន​បន្សល់​ទុក ឬ​ជា​កេរ្តិ៍​ឈ្មោះ​ដ៏​ល្អ ដែល​អ្នក​បាន​បន្សល់​ទុក នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​ដ៏​ស្មោះ​ត្រង់។ ទោះ​ជា​អ្នក​បាន​រួម​ចំណែក​តាម​ធម្យោបាយ​ណា​ក៏​ដោយ តើ​អ្នក​បាន​យក​គំរូ​តាម​នាង​អេវ៉ា ដោយ​ប្រកាស​ថា អ្នក​បាន​ធ្វើ​ការ​ទាំង​អស់នោះ ដោយ​ពឹង​ផ្អែក​ព្រះ​ជា​ម្ចាស់​ឬ​ទេ? ដោយ​ជំនួយ​មក​ពី​ព្រះ​អម្ចាស់ តើ​អ្នក​នឹង​ធ្វើ​ការ​អ្វី ដើម្បី​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់? —ELISA MORGAN