នៅកន្លែងប្រកួតជិះស្គីតាមជម្រាលភ្នំ ច្រើនតែមានគំនូសបន្ទាត់ពណ៌ខៀវ ដែលគេបានគូសចំណាំពីលើផ្ទៃព្រឹលពណ៌ស ដោយបាញ់ថ្នាំពណ៌ខៀវពីលើ។ ខ្សែបន្ទាត់កោងៗទាំងនោះអាចជារូបភាពដែលរំខានទស្សនិកជន ប៉ុន្តែ វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះជោគជ័យ និងសុវត្ថិភាពរបស់កីឡាករដែលកំពុងប្រកួត។ ពណ៌នោះបានជួយនាំផ្លូវអ្នកប្រកួត ឲ្យទៅតាមផ្លូវ ដែលឆាប់ចុះទៅដល់ជើងភ្នំ។ ម្យ៉ាងទៀត ពណ៌នោះក៏លេចឡើងច្បាស់ល្អ នៅលើផ្ទៃព្រិលពណ៌សរ គឺមានសារៈសំខាន់ចំពោះសុវត្ថិភាពរបស់កីឡាករដែលកំពុងតែជិះស្គីបោះពួយចុះពីលើជម្រាលភ្នំ ក្នុងល្បឿនដ៏លឿន។
ស្តេចសាឡូម៉ូនបានប្រៀនប្រដៅបុត្ររបស់ទ្រង់ទាំងប៉ុន្មានឲ្យស្វែងរកប្រាជ្ញា ដោយសង្ឃឹមថា ប្រាជ្ញានឹងជួយពួកគេឲ្យមានសុវត្ថិភាព នៅផ្លូវប្រកួតនៃជីវិត។ ប្រាជ្ញាជួយនាំពួកគេ ធ្វើដំណើរតាមផ្លូវដ៏ទៀងត្រង់ ហើយជួយការពារមិនឲ្យពួកគេជំពប់ដួល(សុភាសិត ៤:១១-១២)។ ក្នុងនាមទ្រង់ជាបិតារបស់ពួកគេ ទ្រង់សង្ឃឹមថា ពួកគេបានអរសប្បាយនឹងជីវិតពេញបរិបូរ ដែលជៀសផុត ពីការខូចខាត ដែលកើតឡើងពីការរស់នៅ ដាច់ឆ្ងាយពីប្រាជ្ញារបស់ព្រះជាម្ចាស់។
ព្រះទ្រង់ជាព្រះវរបិតាដែលមានព្រះជន្មរស់នៃយើង ដែលបានប្រទានយើងនូវប្រាជ្ញាក្នុងព្រះគម្ពីរ សម្រាប់នាំផ្លូវយើង គឺដូចជាខ្សែបន្ទាត់ពណ៌ខៀវ នៅកន្លែងប្រណាំងស្គី។ ទ្រង់ឲ្យយើងមានសេរីភាព នៅក្នុងការធ្វើដំណើរក្នុងជីវិត ហើយប្រាជ្ញាក្នុងព្រះគម្ពីរ ដែលទ្រង់ប្រទាន សម្រាប់ដឹកនាំផ្លូវយើង គឺជាជីវិតដល់អស់អ្នកណាដែលស្វែងរក(ខ.២២)។ ពេលណាយើងងាកចេញពីការអាក្រក់ ហើយដើរជាមួយទ្រង់ ផ្លូវរបស់យើងនឹងបានភ្លឺឡើង ដោយសេចក្តីសុចរិតរបស់ទ្រង់ ដោយជួយទប់ជើងយើង មិនឲ្យជំពប់ដួល ហើយដឹកនាំយើង ឆ្ពោះទៅមុខ ជារៀងរាល់ថ្ងៃ(ខ.១២,១៨)។—KIRSTEN HOLMBERG