មាន​ពេល​មួយ ខ្ញុំ​បាន​មើល​វីដេអូ​ឯកសារ​មួយ របស់​ក្រុម​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​អង់​គ្លេស ដែល​ក្នុង​នោះ​ពួក​គេ​បាន​ថត​សកម្ម​ភាព​របស់​អ្នក​ស្រី​ផ្លេននើរី អូ ខុនន័រ(Flannery O’Connor) នៅ​ក្នុង​កសិដ្ឋាន​របស់​ក្រុម​គ្រួសារ​គាត់ កាល​គាត់ មាន​អាយុ​៦​ឆ្នាំ ក្នុង​ឆ្នាំ ១៩៣២។ នៅ​សម័យ​ក្រោយ​មក​ទៀត អ្នក​ស្រី​ផ្លេននើរី​បាន​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក។ កាល​គាត់​នៅតូច គាត់​ចេះ​បង្រៀន​សត្វ​មាន់​មួយ​ក្បាល ឲ្យ​ដើរ​ថយ​ក្រោយ ធ្វើ​ឲ្យ​ក្រុម​អ្នក​ផលិត​វីដេអូ​នោះ​មាន​ការ​ចង់​ដឹង​ចង់​ឃើញ​គាត់​សម្តែង​ដោយ​ផ្ទាល់។ ក្រៅ​ពី​ស្នាដៃ​និពន្ធ​រឿង​ប្រលោម​លោក​ដ៏​ល្បី ខ្ញុំ​គិត​ថា ខ្សែ​វីដេអូ​នេះ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​ប្រវត្តិ​របស់​គាត់ ដែលបាន​ផ្តល់​ឲ្យ​នូវ​ន័យ​ធៀប​ដ៏​ល្អ​ឥត​ខ្ចោះ។ ដោយសារ​អ្នក​ស្រី​ផ្លេនើរី​មាន​សមត្ថ​ភាព​ខ្ពស់​នៅ​ក្នុង​ផ្នែក​អក្សរ​សាស្រ្ត និង​មាន​ជំនឿ​រឹងមាំ គាត់​បាន​ចំណាយ​ពេល​៣៩​ឆ្នាំ នៅ​ក្នុង​ការ​ដើរ​ផ្ទុយ​នឹង​ការ​វិវត្តន៍​ទៅ​មុខ​របស់​វប្ប​ធម៌ និង​សង្គម។ អ្នក​បោះ​ពុម្ភ​ផ្សាយ និងអ្នក​អាន​សៀវភៅ​គាត់ មាន​ការ​ងឿង​ឆ្ងល់ ចំពោះ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ដែល​គាត់​បាន​បញ្ចូល​ក្នុង​ការ​និពន្ធ​របស់​គាត់ ដែលមាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​គិត​របស់​ពួក​គេ។

ការ​រស់​នៅ​ដ៏​ត្រឹម​ត្រូវ ដែល​ផ្ទុយ​នឹង​ប្រពៃណី និង​ទំនៀម​ទំលាប់​របស់​លោកិយ គឺ​ជា​រឿង​ដែល​ជៀស​មិន​រួច សម្រាប់​អ្នក​ដែល ​ពិត​ជា​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ។ កណ្ឌ​គម្ពីរ​ភីលីព​បាន​បង្រៀន​យើង​ថា ទោះ​ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​មួយ​រយភាគ​រយ​ក៏​ដោយ ទ្រង់​មិន​បាន​ធ្វើ​អ្វី ដូច​ការ​រំពឹង​គិត​របស់​មនុស្ស​ឡើយ​(២:៦)។ ទ្រង់​មិន​បាន​ប្រើ​អំណាច​ទ្រង់ “ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន” ប៉ុន្តែ “ទ្រង់​បាន​បន្ទាប​ព្រះ​កាយ ឲ្យ​ទាប​បំផុត ដោយ​យក​ភាព​ជា​បាវ​បម្រើ”(ខ.៦-៧)។ ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​អ្វី​ៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត តែ​ទ្រង់​បាន​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ​វរបិតា រហូត​អស់​ព្រះ​ជន្ម ដោយ​សារ​សេចក្តី​ស្រឡាញ់។ ព្រះ​អង្គ​មិន​បាន​បង្ហាញ​កិត្យានុ​ភាព តែ​បាន​ឱប​ក្រសោប​យក​ការ​បន្ទាប​ខ្លួន។ ទ្រង់​មិន​បាន​ដណ្តើម​អំណាច តែ​បានលះ​បង់​ការ​គ្រប់​គ្រង។ និយាយ​រួម លោកិយ​គិត​ថា ទ្រង់​ដើរ​ថយ​ក្រោយ តែ​ផ្លូវ​ដែល​ព្រះ​យេស៊ូវ​យាង​ទៅ​នោះ មាន​ទិស​ដៅ​ផ្ទុយនឹង​ផ្លូវ​របស់​លោកិយ។​

ព្រះ​គម្ពីរ​ក៏​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ​(ខ.៥)។ យើង​ត្រូវ​យក​តម្រាប់​តាម​ទ្រង់ ដោយ​បម្រើ​ជា​ជាង​ត្រួត​ត្រា​គេ។ យើង​បោះ​ជំហាន​ទៅ​រក​ការ​បន្ទាប​ខ្លួន ជា​ជាង​ការ​លេច​ធ្លោ។ យើង​ឲ្យច្រើន​ជាង​ទទួល។ យើង​ដើរ​តាម​ព្រះយេស៊ូវ ដោយ​អំណាច​របស់​ទ្រង់ ទោះ​លោកិយ​ថា យើង​កំពុង​តែ​ដើរ​ថយ​ក្រោយ​ក៏​ដោយ។  —WINN COLLIER