ព្រះ​វិហារ​ធំ​ណូត្រឺ ដេម នៅ​ទីក្រុង​ប៉ារីស គឺ​ជា​សំណង់​អគារ​ដ៏​ស្រស់​ស្អាត​គួរ​ជា​ទី​ទស្សនា។ ស្ថាបត្យ​កម្ម​របស់​វា គឺ​ពិត​ជា​អស្ចារ្យ ​ហើយ​បង្អួច​របស់​វា​ដែល​លម្អ​ដោយ​កញ្ចក់​ពណ៌ និង​ផ្ទៃ​ខាង​ក្នុង​ដ៏​ស្រស់​ស្អាត ក៏​គួរ​ឲ្យ​គយ​គន់​ផង​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​អគារ​នេះបាន​ឈរ​យ៉ាង​ខ្ពស់​ត្រដែត នៅ​ក្នុង​ទេសភាព​នៃ​ទីក្រុង​ប៉ារីស​អស់​ជា​ច្រើន​សតវត្សរ៍ វា​កំពុង​តែ​មាន​ការ​ខូច​ខាត។ ពេល​វេលា និងការ​បំពុល​បរិយាកាស​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​មក​លើ​វា ហើយ​ពេល​នេះ​ជា​ពេល​ដែល​សំណង់​អគារ​ដ៏​រុង​រឿង​នេះ ត្រូវ​ការ​ការ​ជួស​ជុល។

អគារ​ប្រវត្តិ​សាស្រ្ត​នេះ ត្រូវ​បាន​គេ​សាង​សង់​នៅ​សតវត្សរ៍​ទី​៨ និង​ជា​ទី​សំគាល់​នៃ​ទីក្រុង​ប៉ារីស​។ អ្នក​ដែល​ស្រឡាញ់​សំណង់​អគារ​នេះ​កំពុង​តែ​នាំ​គ្នា​ជួយ​សង្រ្គោះ​វា។ កាល​ពី​ឆ្នាំ​មុន រដ្ឋា​ភិបាល​បារាំង​បាន​ត្រៀម​លុយ​ជាង​៦​លាន​ដុល្លា ដើម្បី​ជួយ​ជួស​ជុល​ព្រះវិហារ​ធំ​នេះ ឲ្យ​ល្អ​ដូច​ដើម​វិញ។ ទម្រ​ដ៏​ខ្ពស់​ត្រដែត​របស់​វា​ត្រូវ​តែ​មាន​ការ​ទ្រទ្រង់​ឲ្យ​រឹង​មាំ​ឡើង​វិញ។​ សំណង់​ថ្ម​ជា​ច្រើន​ នៅផ្នែក​ខាង​ក្នុង​របស់​វា ចាំបាច់​ត្រូវ​សាង​សង់​ឡើង​វិញ ហើយ​ដំបូល​ទៀត​សោត ក៏​ត្រូវ​ការ​ការ​ជួស​ជុល​ផង​ដែរ។ គេ​នឹង​ចំណាយថវិការ​នោះ ដើម្បី​ជួស​ជុល​វា​ឡើង​វិញ ព្រោះ​សំណង់​ព្រះ​វិហារ​ធំ​មួយ​នេះ​បាន​ឈរ​នៅ ធ្វើ​ជា​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម សម្រាប់​មនុស្ស​ជា​ច្រើន។

រូប​កាយ​របស់​យើង ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​អគារ​ប៉ុន្មាន​ទេ។ រូប​កាយ​យើង​នឹង​មាន​សភាព​ចាស់ និង​ពុក​ផុយ​ជាង​មុន! ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​មាន​ដំណឹង​ល្អ​មួយ គឺ​ថា : យើង​បាត់​បង់​សម្រស់​រូប​កាយ​របស់​យើង ដោយ​ជៀស​មិន​ផុត ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដែល​ជា​ចំណុច​ស្នូល​នៃ​អត្ត​សញ្ញាណ​របស់​យើង អាច​បន្ត​មាន​ភាព​ថ្មី​ឡើង​វិញ និង​លូត​លាស់​ទៅរក​ភាព​ល្អ​ប្រសើរ​ជា​និច្ច​(២កូរិនថូស ៤:១៦)។

ពេល​ដែល​យើង​បាន​ដាក់​គោល​ដៅ​ថា យើង​នឹង​រស់​នៅ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​របស់​ព្រះ​អម្ចាស់​(៥:៩) យើង​នឹង​នៅ​តែបន្ត​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​បំពេញ និង​កែ​ប្រែ​យើង​(៣:១៨ អេភេសូរ ៥:១៨) ដែល​ជា​តម្រូវ​ការ​ខាង​វិញ្ញណ​របស់​យើង ទោះ​ជា​រូប​កាយ​ខាង​ក្រៅ​របស់​យើង​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​មាន​សភាព​ដូច​ម្តេច​ក៏​ដោយ។—DAVE BRANON