ព្រះវិហារធំណូត្រឺ ដេម នៅទីក្រុងប៉ារីស គឺជាសំណង់អគារដ៏ស្រស់ស្អាតគួរជាទីទស្សនា។ ស្ថាបត្យកម្មរបស់វា គឺពិតជាអស្ចារ្យ ហើយបង្អួចរបស់វាដែលលម្អដោយកញ្ចក់ពណ៌ និងផ្ទៃខាងក្នុងដ៏ស្រស់ស្អាត ក៏គួរឲ្យគយគន់ផងដែរ។ ប៉ុន្តែ បន្ទាប់ពីអគារនេះបានឈរយ៉ាងខ្ពស់ត្រដែត នៅក្នុងទេសភាពនៃទីក្រុងប៉ារីសអស់ជាច្រើនសតវត្សរ៍ វាកំពុងតែមានការខូចខាត។ ពេលវេលា និងការបំពុលបរិយាកាសមានផលប៉ះពាល់យ៉ាងខ្លាំងមកលើវា ហើយពេលនេះជាពេលដែលសំណង់អគារដ៏រុងរឿងនេះ ត្រូវការការជួសជុល។
អគារប្រវត្តិសាស្រ្តនេះ ត្រូវបានគេសាងសង់នៅសតវត្សរ៍ទី៨ និងជាទីសំគាល់នៃទីក្រុងប៉ារីស។ អ្នកដែលស្រឡាញ់សំណង់អគារនេះកំពុងតែនាំគ្នាជួយសង្រ្គោះវា។ កាលពីឆ្នាំមុន រដ្ឋាភិបាលបារាំងបានត្រៀមលុយជាង៦លានដុល្លា ដើម្បីជួយជួសជុលព្រះវិហារធំនេះ ឲ្យល្អដូចដើមវិញ។ ទម្រដ៏ខ្ពស់ត្រដែតរបស់វាត្រូវតែមានការទ្រទ្រង់ឲ្យរឹងមាំឡើងវិញ។ សំណង់ថ្មជាច្រើន នៅផ្នែកខាងក្នុងរបស់វា ចាំបាច់ត្រូវសាងសង់ឡើងវិញ ហើយដំបូលទៀតសោត ក៏ត្រូវការការជួសជុលផងដែរ។ គេនឹងចំណាយថវិការនោះ ដើម្បីជួសជុលវាឡើងវិញ ព្រោះសំណង់ព្រះវិហារធំមួយនេះបានឈរនៅ ធ្វើជានិមិត្តរូបនៃក្តីសង្ឃឹម សម្រាប់មនុស្សជាច្រើន។
រូបកាយរបស់យើង ក៏មានលក្ខណៈមិនខុសពីអគារប៉ុន្មានទេ។ រូបកាយយើងនឹងមានសភាពចាស់ និងពុកផុយជាងមុន! ប៉ុន្តែ សាវ័កប៉ុលបានពន្យល់ថា យើងមានដំណឹងល្អមួយ គឺថា : យើងបាត់បង់សម្រស់រូបកាយរបស់យើង ដោយជៀសមិនផុត ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង ដែលជាចំណុចស្នូលនៃអត្តសញ្ញាណរបស់យើង អាចបន្តមានភាពថ្មីឡើងវិញ និងលូតលាស់ទៅរកភាពល្អប្រសើរជានិច្ច(២កូរិនថូស ៤:១៦)។
ពេលដែលយើងបានដាក់គោលដៅថា យើងនឹងរស់នៅ ដើម្បីបំពេញបំណងព្រះទ័យរបស់ព្រះអម្ចាស់(៥:៩) យើងនឹងនៅតែបន្តពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបំពេញ និងកែប្រែយើង(៣:១៨ អេភេសូរ ៥:១៨) ដែលជាតម្រូវការខាងវិញ្ញណរបស់យើង ទោះជារូបកាយខាងក្រៅរបស់យើងបានផ្លាស់ប្តូរទៅជាមានសភាពដូចម្តេចក៏ដោយ។—DAVE BRANON