អ្នកស្រីបឺរីល ម៉ាខាម(Beryl Markham)បាននិពន្ធសៀវភៅមួយក្បាល ដើម្បីពិពណ៌នាជាលម្អិត អំពីការផ្សាំងសត្វសេះមួយក្បាល ដែលមានភាពរឹងចចេសយ៉ាងខ្លាំង។ ពេលដែលគាត់ព្យាយាមកាន់តែខ្លាំង វាក៏កាន់តែរឹងក្បាល។ ទោះគាត់បានប្រើវិធីសាស្រ្តអ្វីក៏ដោយ ក៏គាត់នៅតែមិនអាចផ្សាំងសត្វសេះដ៏មានអំណួតមួយក្បាលនេះបានដដែល។ តែទីបំផុត គាត់ក៏បានឈ្នះចិត្តដ៏រឹងទទឹងរបស់វា។
តើយើងដឹងទេថា យើងក៏ចាំបាច់ត្រូវផ្សាំងអណ្តាតរបស់យើងផងដែរ? នៅក្នុងការផ្សាំងអណ្តាតរបស់យើង តើយើងមានអារម្មណ៍ថាពិបាក ដូចអ្នកស្រីបឺរីលផ្សាំងសត្វសេះរបស់គាត់ឬទេ? សាវ័កយ៉ាកុបបានប្រៀបប្រដូចអណ្តាត ទៅនឹងដែកបង្ខាំងនៅក្នុងមាត់សេះ ឬចង្កូតនាវា(យ៉ាកុប ៣:៣-៥) តែទន្ទឹមនឹងនោះ គាត់ក៏បានពោលជាពាក្យទំនួញថា “មានទាំងពាក្យសរសើរ និងពាក្យប្រទេចផ្តាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ”(ខ.១០)។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចប្រយុទ្ធឈ្នះអណ្តាតរបស់ខ្លួនឯងបាន? សាវ័កប៉ុលក៏បានបង្រៀនអំពីរបៀបផ្សាំងអណ្តាតផងដែរ។ ទីមួយ គឺត្រូវនិយាយតែការពិត(អេភេសូរ ៤:២៥)។ ទោះជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនចេះតែនិយាយការពិត ឲ្យតែរួចពីមាត់ ដោយឥតបើគិត ធ្វើឲ្យគេឈឺចាប់នោះទេ។ ព្រោះនៅខបន្ទាប់ សាវ័កប៉ុលមានប្រសាសន៍ទៀតថា “មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់”(ខ.២៩)។ យើងក៏អាចដកភាពកខ្វក់ចេញពីពាក្យសម្តីរបស់យើង ដោយដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីយើងរាល់គ្នា(ខ.៣១)។ នេះមិនមែនជារឿងដែលងាយស្រួលធ្វើទេ បើសិនជាយើងព្យាយាមធ្វើវា ដោយពឹងកម្លាំងខ្លួនឯងនោះ។ តែអរព្រះគុណព្រះអង្គ ដែលយើងមានព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់នឹងជួយយើង ឲ្យតែយើងពឹងផ្អែកលើទ្រង់។
ការផ្សាំងអណ្តាតគឺជាកិច្ចការ ដែលយើងត្រូវធ្វើជាប់ជាប្រចាំ ដើម្បីប្រយុទ្ធឲ្យឈ្នះចិត្តខ្លួនឯង គឺមិនខុសពីការផ្សំាងសត្វសេះ ដែលត្រូវឈ្នះចិត្តរបស់វានោះដែរ។ —LINDA WASHINGTON