កាល​ឆ្នាំ១៧២២ មាន​គ្រីស្ទ​បរិស័ទ​ម៉ូរ៉ាវាន​មួយ​ក្រុម​តូច រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ថា សាធារណៈ​រដ្ឋ​ឆេក ហើយ​ពួក​គេ​រក​បាន​កន្លែង​ជ្រក​កោន នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក​ធំ​ម្នាក់ ឲ្យ​រួច​ផុត​ពី​ការ​បៀត​បៀន​ពី​ជា​ជន​ជាតិ​អាឡឺម៉ង់។ ក្នុងអំឡុង​ពេល​៤​ឆ្នាំ មាន​មនុស្ស​ជាង​៣០០​នាក់​បាន​ចូល​មក​រស់​នៅ​ទីនោះ។ ប៉ុន្តែ ពួក​គេ​មិន​បាន​បង្កើត​ឲ្យ​មាន​សហគមន៍​ដ៏​ល្អ សម្រាប់​ជន​ភាស​ខ្លួន​ដែល​រត់​គេច​ពី​ការ​បៀត​បៀន​នោះ​ទេ ផ្ទុយ​ទៅ​វិញ កន្លែង​ស្នាក់​នៅ​មួយ​នេះ​ប្រែ​ជា​មាន​ពេញ​ទៅ​ដោយ​ការមិន​ចុះ​សម្រុង​គ្នា។ ការ​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​ជំនឿ​លើ​ព្រះ​គ្រីស្ទ បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់។ អ្វី​ដែល​ពួក​គេ​ធ្វើ​បន្ទាប់​មកទៀត ហាក់​ដូច​ជា​ការ​សម្រេច​ចិត្ត​ដ៏​តូច​មួយ ប៉ុន្តែ វា​បាន​នាំ​ឲ្យ​មាន​ភាព​ផុស​ផុល​ដែល​មិន​គួរ​ឲ្យ​ជឿ ដោយ​ពួក​គេ​បាន​ចាប់​ផ្តើម​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​ពួក​គេ​បាន​ស្រុះ​ស្រួល​គ្នា ជា​ជាង​ផ្តោត​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មិន​យល់​ស្រប​នឹង​គ្នា។ ជា​លទ្ធ​ផល​ពួក​គេ​ក៏មាន​ការ​រួប​រួម​គ្នា។​

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​រស់​នៅ ដោយ​ការ​រួប​រួម​គ្នា។ អំពើ​បាប​តែង​តែ​នាំ​ឲ្យ​មានបញ្ហា ភាព​អាត្មា​និយម និង​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទំនាក់​ទំនង។ ប៉ុន្តែ ក្នុង​នាម​ជា​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ប្រោស ឲ្យ “រស់​ជា​មួយ​ព្រះគ្រីស្ទ” ពួក​ជំនុំ​ក្រុង​អេភេសូរ ត្រូវ​បាន​ត្រាស​ហៅ ឲ្យ​បង្ហាញ​ចេញ​នូវ​អត្ត​សញ្ញាណ​ថ្មី​របស់​ខ្លួន ក្នុង​ការ​រស់​នៅ​ជាក់​ស្តែង​(អេភេសូរ ៥:២)។ ពី​ដំបូង ពួក​គេ​ត្រូវ “ខំ​ប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​”(៤:៣)។

ការ​រួប​រួម​នេះ មិន​គ្រាន់​តែ​ជា​មិត្ត​ភាព ដែល​បាន​បង្កើត តាម​រយៈ​កម្លាំង​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​តែ “មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់”(ខ.២)។ តាម​ទស្សនៈ​របស់​មនុស្ស យើង​មិន​អាច​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​ដូច​នេះ​ទេ។ យើង​មិន​អាច​ឈាន​ទៅ​ដល់​ការ​រួប​រួម តាម​រយៈ​កម្លាំង​របស់​យើង​ទេ តែ​យើង​អាចធ្វើ​វា​បាន តាម​រយៈ​អំណាច​ចេស្តា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​ជា​ម្ចាស់ “ដែល​កំពុង​តែ​ធ្វើ​ការ​ក្នុង​យើង”​(៣:២០)។—ESTERA PIROSCA ESCOBAR