កាលឆ្នាំ១៧២២ មានគ្រីស្ទបរិស័ទម៉ូរ៉ាវានមួយក្រុមតូច រស់នៅក្នុងប្រទេសមួយ ដែលសព្វថ្ងៃមានឈ្មោះថា សាធារណៈរដ្ឋឆេក ហើយពួកគេរកបានកន្លែងជ្រកកោន នៅក្នុងគេហដ្ឋានរបស់អ្នកធំម្នាក់ ឲ្យរួចផុតពីការបៀតបៀនពីជាជនជាតិអាឡឺម៉ង់។ ក្នុងអំឡុងពេល៤ឆ្នាំ មានមនុស្សជាង៣០០នាក់បានចូលមករស់នៅទីនោះ។ ប៉ុន្តែ ពួកគេមិនបានបង្កើតឲ្យមានសហគមន៍ដ៏ល្អ សម្រាប់ជនភាសខ្លួនដែលរត់គេចពីការបៀតបៀននោះទេ ផ្ទុយទៅវិញ កន្លែងស្នាក់នៅមួយនេះប្រែជាមានពេញទៅដោយការមិនចុះសម្រុងគ្នា។ ការមានទស្សនៈខុសៗគ្នា អំពីជំនឿលើព្រះគ្រីស្ទ បាននាំឲ្យមានការបែកបាក់។ អ្វីដែលពួកគេធ្វើបន្ទាប់មកទៀត ហាក់ដូចជាការសម្រេចចិត្តដ៏តូចមួយ ប៉ុន្តែ វាបាននាំឲ្យមានភាពផុសផុលដែលមិនគួរឲ្យជឿ ដោយពួកគេបានចាប់ផ្តើមផ្តោតទៅលើការអ្វីដែលពួកគេបានស្រុះស្រួលគ្នា ជាជាងផ្តោតទៅលើអ្វីដែលពួកគេមិនយល់ស្របនឹងគ្នា។ ជាលទ្ធផលពួកគេក៏មានការរួបរួមគ្នា។
សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ ក្នុងពួកជំនុំនៅក្រុងអេភេសូរឲ្យរស់នៅ ដោយការរួបរួមគ្នា។ អំពើបាបតែងតែនាំឲ្យមានបញ្ហា ភាពអាត្មានិយម និងការប៉ះទង្គិចគ្នាក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមជាអ្នកដែលព្រះទ្រង់បានប្រោស ឲ្យ “រស់ជាមួយព្រះគ្រីស្ទ” ពួកជំនុំក្រុងអេភេសូរ ត្រូវបានត្រាសហៅ ឲ្យបង្ហាញចេញនូវអត្តសញ្ញាណថ្មីរបស់ខ្លួន ក្នុងការរស់នៅជាក់ស្តែង(អេភេសូរ ៥:២)។ ពីដំបូង ពួកគេត្រូវ “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(៤:៣)។
ការរួបរួមនេះ មិនគ្រាន់តែជាមិត្តភាព ដែលបានបង្កើត តាមរយៈកម្លាំងរបស់មនុស្សប៉ុណ្ណោះទេ។ យើងត្រូវតែ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២)។ តាមទស្សនៈរបស់មនុស្ស យើងមិនអាចប្រព្រឹត្តឲ្យបានល្អដូចនេះទេ។ យើងមិនអាចឈានទៅដល់ការរួបរួម តាមរយៈកម្លាំងរបស់យើងទេ តែយើងអាចធ្វើវាបាន តាមរយៈអំណាចចេស្តាដ៏ឥតខ្ចោះរបស់ព្រះជាម្ចាស់ “ដែលកំពុងតែធ្វើការក្នុងយើង”(៣:២០)។—ESTERA PIROSCA ESCOBAR