ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននៅព្រះវិហារ កាលនៅក្មេង ដែលក្នុងចំណោមនោះ ខ្ញុំនៅចាំថា មានពេលមួយ គ្រូគង្វាលម្នាក់កំពុងតែដើរតាមផ្លូវ នៅចន្លោះកន្លែងអង្គុយក្នុងព្រះវិហារ ដោយលើកទឹកចិត្តយើង ឲ្យនឹកចាំអំពីទឹក នៃបុណ្យជ្រមុជទឹកដែលយើងបានទទួល។ ខ្ញុំក៏បានសួរខ្លួនឯងថា តើខ្ញុំអាចនឹកចាំអំពីទឹកយ៉ាងដូចម្តេច? បន្ទាប់មក គាត់ក៏បានចាប់ផ្តើមសាចទឹកដាក់យើងម្នាក់ៗ ដែលពេលនោះ ក្នុងនាមខ្ញុំជាក្មេងតូចម្នាក់ ខ្ញុំមានចិត្តរីករាយ ហើយក៏មានការភាន់ភាំងផងដែរ។
ហេតុអ្វីបានជាយើងគួរតែគិតអំពីពិធីបុណ្យជ្រមុជទឹក? ពេលដែលមនុស្សម្នាក់ទទួលបុណ្យជ្រមុជទឹក គាត់បានទទួលលើសពីទឹក។ ពិធីបុណ្យជ្រមុជទឹកជានិមិត្ររូបតំណាងឲ្យ ការប្រដាប់កាយដោយព្រះគ្រីស្ទ(កាឡាទី ៣:២៧)។ អាចនិយាយបានម្យ៉ាងទៀតថា ពិធីបុណ្យជ្រមុជទឹកគឺជាការអបអរថា យើងបានក្លាយជាកម្មសិទ្ធិរបស់ទ្រង់ ហើយទ្រង់មានព្រះជន្មរស់នៅក្នុង និងតាមរយៈយើង។
ជាងនេះទៅទៀត បទគម្ពីរនេះបានប្រាប់យើងថា បើយើងបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គឺមានន័យថា យើងបានរកឃើញអត្តសញ្ញាណថ្មីមួយ នៅក្នុងទ្រង់។ យើងជាកូនរបស់ព្រះ(ខ.២៦)។ យើងត្រូវបានផ្សះផ្សាឲ្យជានឹងព្រះវិញ ដោយសេចក្តីជំនឿ មិនមែនដោយសារការកាន់តាមក្រឹត្យវិន័យសញ្ញាចាស់នោះទេ(ខ.២៣-២៥)។ យើងមិនមានការបែកបាក់គ្នា ដោយសារភេទ វប្បធម៌ និងវណ្ណៈនោះឡើយ។ យើងត្រូវបានរំដោះឲ្យមានសេរីភាព និងចូលទៅក្នុងការរួបរួម តាមរយៈព្រះគ្រីស្ទ ហើយពេលនេះ យើងជាកម្មសិទ្ធិរបស់ទ្រង់(ខ.២៩)។
ដូចនេះ យើងមានហេតុផលល្អៗជាច្រើន ដែលត្រូវនឹកចំាអំពីការទទួលបុណ្យជ្រមុជទឹក និងអ្វីៗដែលបុណ្យជ្រមុជទឹកបានធ្វើជាតំណាងឲ្យ។ យើងមិនគ្រាន់តែផ្តោតទៅលើសកម្មភាពប៉ុណ្ណោះទេ តែយើងក៏ផ្តោតទៅលើសេចក្តីពិតដែលថា យើងជាកម្មសិទ្ធិរបស់ព្រះយេស៊ូវ ហើយបានក្លាយជាកូនរបស់ព្រះ។ យើងបានរកឃើញអត្តសញ្ញាណ អនាគត និងសេរីភាពខាងវិញ្ញាណរបស់យើង ក្នុងទ្រង់។—PETER CHIN