ក្នុង​បណ្តាញ​សង្គម​សព្វ​ថ្ងៃ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​ប្រាប់​អ្នក កុំ​ឲ្យ​ឆ្លើយ​តប ឬ​ចាប់​អារម្មណ៍​ចំពោះ​ការ​បង្ហោះ​សារ​ត្រូល​(Troll) ដែល​អ្នក​ប្រើ​ប្រាប់​បណ្តាញ​សង្គម​ខ្លះ​បាន​ធ្វើ​ឡើង ដើម្បី​រិះ​គន់ បរិហា​កេរ្តិ៍ ឬ​វាយ​ប្រហារ ក្នុង​បំណង​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺ​ចាប់ ឬទទួល​រង​នូវ​ការ​ខូច​ខាត​ក្នុង​កំរិត​ណា​មួយ​ជា​ដើម។ ប៉ុន្តែ ពេល​ដែល​យើង​មិន​អើពើរ​ចំពោះ​ការ​បញ្ចេញ​យោបល់ ឬ​comment ប្រភេទ​នេះ ពួក​គេ​នឹង​កាន់​តែ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​បន្ត​ជម្លោះ​នោះ។​

ជា​ការ​ពិត​ណាស់ មនុស្ស​ដែល​មិន​ចង់​មាន​ការ​សន្ទនា​គ្នា​ក្នុង​ន័យ​ស្ថាបនា គឺ​មិន​មែន​ទើប​តែ​មាន​ក្នុង​សម័យ​នេះ​ទេ។ បទ​គម្ពីរ​សុភាសិត ២៦:៤ ក៏​បាន​និយាយ​ទាក់​ទង​នឹង​បញ្ហា​នេះ​ផង​ដែរ។ បទ​គម្ពីរ​នេះ​បាន​ដាស់​តឿន​យើង​ថា ការ​ប្រកែក​ជា​មួយ ​មនុស្ស​ដែល​ក្រអឺត​ក្រទម និង​មិន​ចេះ​ទទួល​យោបល់​គេ អាច​នាំ​ឲ្យ​យើង​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​អន់​ថយ​ដូច​ពួក​គេ​ផង​ដែរ។

តែសូម្បី​តែ​មនុស្ស​ដែល​រឹង​ចចេស​បំផុត ក៏​ជា​មនុស្ស​​មាន​តម្លៃ ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​អង្គ។ បើសិន​ជា​យើង​ប្រញាប់​ដើរ​ចេញ​ពី​ពួក​គេ​ពេក យើង​អាច​ក្លាយ​ជា​មនុស្ស​ក្រអឺត​ក្រទម ឬ​មិន​ព្រម​ទទួល​ព្រះ​គុណ​របស់​ព្រះ(មើល​ម៉ាថាយ ៥:២២)។

ហេតុ​នេះ​ហើយ​បាន​ជា​បទ​គម្ពីរ​សុភាសិត ២៦:៥ បាន​ផ្តល់​ឲ្យ​នូវ​ការ​ណែនាំ ដែល​ផ្ទុយ​នឹង​ការណែនាំ​ក្នុង​បណ្តាញ​សង្គម។​ ព្រោះ​យើង​ចំា​បាច់​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ជាម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន និង​ការ​អធិស្ឋាន ដើម្បី​ឲ្យ​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ពួក​គេ តាម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ក្នុង​ស្ថាន​ភាព​នីមួយ​ៗ​(មើល​កូល៉ុស ៤:៥-៦)។ ជួន​កាល យើង​ឆ្លើយ​តបចំពោះ​គេ​ដោយ​ចិត្ត​សុភាព និង​ក្តី​ស្រឡាញ់ តែ​ពេល​ខ្លះ ការ​មិន​និយាយ​អ្វី​សោះ គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អ​បំផុត។​

ប៉ុន្តែ ក្នុង​ស្ថាន​ភាព​នីមួយៗ យើង​អាច​រក​ឃើញ​សន្តិ​ភាព ដោយ​ដឹង​ថា​ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស​ម្នាក់ៗ ដោយ​អំណាច​ចេស្តា​ទ្រង់ គឺ​ដូច​កាល​ដែល​ទ្រង់​បាន​នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឆាំង​នឹង​ព្រះ​អង្គ ដោយ​ចិត្ត​រឹង​ចចេស​(រ៉ូម ៥:៦)។​ ចូរ​យើង​សម្រាក និង​ពឹង​ផ្អែក​ប្រាជ្ញា​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​ព្យាយាម​ចែក​រំលែក​ក្តីស្រឡាញ់​របស់​ទ្រង់ ដល់​អ្នក​ដទៃ។​—MONICA BRANDS