លោកដេវីឌ លីន(David Lean) ជាអ្នកផលិតខ្សែភាពយន្តរឿង លោកឡរិន នៃទឹកដីអារ៉ាប់ ។ អ្នករិះគន់ខ្សែភាពយន្តជាលក្ខណៈអាជីពជាច្រើននាក់បានទទួលស្គាល់ថា ខ្សែភាពយន្តនេះស្ថិតក្នុងចំណោមខ្សែភាពយន្តដែលអស្ចារ្យបំផុត នៅគ្រប់សម័យ។ រឿងនេះបានបង្ហាញទេសភាពដ៏ស្រស់ស្អាតនៃវាលរហោស្ថាននៅតំបន់អារ៉ាប់ ហើយមានឥទ្ធិពលមកលើអ្នកផលិតខ្សែភាពយន្តមួយជំនាន់ ដែលរាប់បញ្ចូលលោកស្ទីវិន ស្ពេលបឺក(Steven Spielberg) ដែលជាអ្នកដឹកនាំរឿងដែលបានទទួលពានរង្វាន់អូស្កា។ លោលស្ពេលបឺកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលការជំរុញចិត្ត ពេលខ្ញុំបានមើលរឿងនេះ ជាលើកទីមួយ។ រឿងនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតូចណាស់។ វានៅតែធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតូចណាស់។ ហើយនេះជារង្វាស់មួយនៃភាពអស្ចារ្យរបស់វា”។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ ភាពធំសម្បើមនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំតូចណាស់។ គឺនៅពេលដែលខ្ញុំមើលទៅមហាសមុទ្រ ឬជិះយន្តហោះពីលើភ្នំទឹកកកនៅតំបន់ប៉ូល ឬក៏គយគន់ផ្ទៃមេឃពេលយប់ងងឹត ដែលមានផ្កាយរាប់ពាន់លាន។ បើសិនជាចក្រវាលដែលព្រះបានបង្កើត មានភាពធំសម្បើមយ៉ាងនេះហើយ ចុះទំរាំតែព្រះអាទិករដែលបានមានបន្ទូលឲ្យវាចេញជារូបរាង្គឡើង តើទ្រង់កាន់តែមានភាពធំអស្ចារ្យយ៉ាងណា?
ស្តេចដាវីឌក៏បានប្រកាស អំពីភាពធំប្រសើររបស់ព្រះ និងភាពតូចតាចរបស់មនុស្សយ៉ាងដូចនេះថា “នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ”(ទំនុកដំកើង ៨:៤)។ ប៉ុន្តែ ព្រះយេស៊ូវបានលើកទឹកចិត្តយើង ដោយមានបន្ទូលធានាថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី?”(ម៉ាថាយ ៦:២៦)។
ខ្ញុំប្រហែលជាមានអារម្មណ៍ថា ខ្លួនខ្ញុំតូច និងមិនសំខាន់ ប៉ុន្តែ នៅក្នុងព្រះនេត្រនៃព្រះវរបិតាខ្ញុំ មានតម្លៃដ៏អស្ចារ្យ គឺតម្លៃដែលបានបង្ហាញឲ្យឃើញច្បាស់ ពេលណាខ្ញុំមើលទៅឈើឆ្កាង។ តម្លៃដែលទ្រង់ហ៊ានបង់ ដើម្បីបើកផ្លូវឲ្យខ្ញុំចូលទៅក្នុងការប្រកបជាមួយទ្រង់ឡើងវិញ ជាភស្តុតាងបញ្ជាក់ថា ទ្រង់បានឲ្យតម្លៃខ្ញុំច្រើនប៉ុណ្ណា។—BILL CROWDER