លោក​ដេវីឌ លីន(David Lean) ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​រឿង លោក​ឡរិន នៃ​ទឹក​ដី​អារ៉ាប់ ។ អ្នក​រិះ​គន់​ខ្សែ​ភាព​យន្ត​ជាលក្ខណៈ​អាជីព​ជា​ច្រើន​នាក់​បាន​ទទួល​ស្គាល់​ថា ខ្សែ​ភាព​យន្ត​នេះ​ស្ថិត​ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ដែល​អស្ចារ្យ​បំផុត នៅ​គ្រប់​សម័យ​។ រឿង​នេះ​បាន​បង្ហាញ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​វាល​រហោស្ថាន​នៅ​តំបន់​អារ៉ាប់ ហើយ​មាន​ឥទ្ធិ​ពល​មក​លើ​អ្នក​ផលិតខ្សែ​ភាព​យន្ត​មួយ​ជំនាន់ ដែល​រាប់​បញ្ចូល​លោក​ស្ទីវិន ស្ពេលបឺក(Steven Spielberg) ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ដែល​បាន​ទទួល​ពានរង្វាន់​អូស្កា។ លោល​ស្ពេលបឺក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទទួល​ការ​ជំរុញ​ចិត្ត ពេល​ខ្ញុំ​បាន​មើល​រឿង​នេះ ជា​លើក​ទី​មួយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​តូច​ណាស់។ វា​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​តូច​ណាស់។ ហើយ​នេះ​ជារង្វាស់​មួយ​នៃ​ភាព​អស្ចារ្យ​របស់​វា”។

សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ភាព​ធំ​សម្បើម​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​តូច​ណាស់។ គឺនៅ​ពេល​ដែល​ខ្ញុំ​មើល​ទៅ​មហា​សមុទ្រ ឬ​ជិះ​យន្ត​ហោះ​ពី​លើ​ភ្នំ​ទឹកកក​នៅ​តំបន់​ប៉ូល ឬ​ក៏​គយ​គន់​ផ្ទៃ​មេឃ​ពេល​យប់​ងងឹត ដែល​មាន​ផ្កាយ​រាប់​ពាន់​លាន។ បើ​សិន​ជា​ចក្រ​វាល​ដែល​ព្រះ​បាន​បង្កើត មាន​ភាព​ធំ​សម្បើម​យ៉ាង​នេះ​ហើយ ចុះ​ទំ​រាំ​តែ​ព្រះ​អាទិករ​ដែល​បាន​មាន​បន្ទូល​ឲ្យ​វា​ចេញ​ជា​រូប​រាង្គ​ឡើង តើ​ទ្រង់​កាន់​តែ​មាន​ភាព​ធំ​អស្ចារ្យ​យ៉ាង​ណា?

ស្តេច​ដាវីឌ​ក៏​បាន​ប្រកាស អំពី​ភាព​ធំ​ប្រសើរ​របស់​ព្រះ និង​ភាព​តូច​តាច​របស់​មនុស្ស​យ៉ាង​ដូច​នេះ​ថា “នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ”(ទំនុកដំកើង ៨:៤)។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​យើង ដោយ​មាន​បន្ទូល​ធានា​ថា​ “ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី?”(ម៉ាថាយ ៦:២៦)។

ខ្ញុំ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​ខ្ញុំ​តូច និង​មិន​សំខាន់ ប៉ុន្តែ នៅ​ក្នុង​ព្រះ​នេត្រ​នៃ​ព្រះ​វរបិតា​ខ្ញុំ មាន​តម្លៃ​ដ៏​អស្ចារ្យ គឺ​តម្លៃ​ដែលបាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ពេល​ណា​ខ្ញុំ​មើល​ទៅ​ឈើ​ឆ្កាង។ តម្លៃ​ដែល​ទ្រង់​ហ៊ាន​បង់ ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ការ​ប្រកបជា​មួយ​ទ្រង់​ឡើង​វិញ ជា​ភស្តុ​តាង​បញ្ជាក់​ថា ទ្រង់​បាន​ឲ្យ​តម្លៃ​ខ្ញុំ​ច្រើន​ប៉ុណ្ណា។​—BILL CROWDER