លោកអាន់តូនីញ៉ូ ស្ត្រាឌីវ៉ារី(Antonio Stradivari ឆ្នាំ១៦៤៤ ដល់ ១៧៣៧) មានបុគ្គលដ៏ល្បីល្បាញ នៅក្នុងពិភពតន្រ្តី។ ឧបករណ៍តន្រ្តីរបស់គាត់ ដែលមានវីយូឡុង សេឡូ និងវ៉ាអូឡា ត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង ដោយសារពួកវាជាស្នាដៃដ៏ល្អឯក ដែលជាងបានផលិត ហើយបញ្ចេញសម្លេងច្បាស់ល្អ ដែលសក្តិសមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ពួកវា។ ឧទាហរណ៍ ក្នុងចំណោមឧបករណ៍ទាំងនេះ មានវីយូឡុងមួយត្រូវបានគេដាក់ឈ្មោះឲ្យថា “Messiah-Salabue Stradivarius”។ ក្រោយពេលដែលអ្នកកូតវីយូឡុងម្នាក់ ឈ្មោះ យ៉ូសែប យ៉ៅជីម(Joseph Joachim ឆ្នាំ១៨៣១ ដល់១៩០៧) បានកូតវីយូឡុងនេះហើយ គាត់ក៏បានសរសេរថា “សម្លេងវីយូឡុងនេះ ពិតជាពិសេសណាស់។ វាបានធ្វើឲ្យខ្ញុំនឹកឃើញវា ម្តងហើយម្តងទៀត ដោយការរួមផ្សំនៃភាពផ្អែមល្ហែម និងភាពប្រណិតរបស់វា”។
ទោះជាយ៉ាងណាក៏ដោយ សូម្បីតែឈ្មោះ និងសម្លេងនៃវីយូឡុងដ៏ល្បីល្បាញមួយនេះ ក៏នៅតែមិនសក្តិសម នឹងឲ្យយើងប្រៀបធៀបវា ជាមួយនឹងស្នាព្រះហស្តរបស់ព្រះ ដែលអស្ចារ្យជាងនេះទៀត។ ចាប់តាំងពីសម័យលោកម៉ូសេ រហូតដល់សម័យព្រះយេស៊ូវ ព្រះលើអស់ទាំងព្រះ បានបើកបង្ហាញឲ្យគេស្គាល់ព្រះនាមទ្រង់ ដែលល្អលើសអស់ទាំងនាម។ ដើម្បីជាប្រយោជន៍យើងរាល់គ្នា ទ្រង់សព្វព្រះទ័យឲ្យប្រាជ្ញា និងស្នាព្រះហស្តទ្រង់ ត្រូវបានគេទទួលស្គាល់ ឲ្យតម្លៃ និងអបអរសាទរ ដោយសម្លេងតន្រ្តីដ៏ពិរោះរណ្តំ(និក្ខមនំ ៦:១ ១៥:១-២)។
ជាងនេះទៅទៀត ទ្រង់បានឆ្លើយតប ចំពោះទំនួញរបស់រាស្រ្តទ្រង់ដែលកំពុងតែវេទនា ដោយបង្ហាញអំណាចចេស្តាទ្រង់ ដែលនេះគ្រាន់តែជាការចាប់ផ្តើមមួយប៉ុណ្ណោះ។ ក្រោយមកទៀត ព្រះយេស៊ូវបន្ទាបព្រះកាយ ឲ្យគេយកទ្រង់ទៅឆ្កាង ដើម្បីសង្រ្គោះមនុស្សឲ្យរួចពីបាប ហើយទ្រង់ក៏បានបន្សល់ទុកនូវកេរដំណែល ដែលមានតម្លៃដ៏អស់កល្ប។ ដែលពីមុនមក តើមាននរណាខ្លះនឹកស្មានថា ព្រះទ្រង់សម្រេចព្រះទ័យធ្វើដូចនេះ? តើមាននរណាខ្លះ ដែលបាននឹកស្មានថា សម្លេងតន្រ្តីដ៏ពិរោះអស្ចារ្យ នឹងត្រូវបានគេប្រគុំ ជាមួយនឹងការច្រៀងសរសើរដំកើងព្រះនាមរបស់ទ្រង់ ដែលបានសុគតដោយទទួលទោសនៃអំពើបាប និងការបដិសេធន៍របស់យើង ដើម្បីបង្ហាញថា ទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា? —MART DEHAAN