ក្នុង​រដូវ​ផ្ការីក បន្ទាប់​ពី​រដូវ​រងា​ដ៏​គួរ​ឲ្យ​ធុញ​ថប់​បាន​កន្លង​ផុត​ទៅ អ្នក​ស្រី​អេម៉ា​បាន​ជួយ​ថែទាំ​សមាជិក​គ្រួសារ​ម្នាក់ ដែល​កំពុង​មាន​ជម្ងឺ​ជា​យូរ​មក​ហើយ។ ពេល​នោះ គាត់​បាន​រក​ឃើញ​ការ​លើក​ទឹក​ចិត្ត រៀង​រាល់​ពេល​ដែល​គាត់​ដើរ​កាត់​តាម​ដើម​សេរីហ្ស​មួយ​ដើម នៅ​ក្បែរ​ផ្ទះ​គាត់ ក្នុង​ក្រុង​ខេមប្រីជ ប្រទេស​អង់គ្លេស។ ដើម​សេរីហ្ស​នោះ​បាន​ចេញ​ផ្កា​ពណ៌​ស៊ី​ជំពូ​រីក​ស្គុះ​ស្គាយ ដោយមាន​ផ្កា​ពណ៌ស​នៅ​ចុង​របស់​វា។  អ្នក​ថែ​សួន​ដ៏​ឆ្លាត​វ័យ​ម្នាក់​បាន​យក​មែក​ដែល​មាន​ផ្កា​ពណ៌ស មក​បំបៅ​ជាប់​នឹង​ដើម​មួយ​នេះ ។ ពេល​ដែល​អ្នក​ស្រី​អេម៉ា​ដើរ​កាត់​តាម​ដើម​សេរីហ្ស​ដ៏​ចម្លែក​មួយ​នេះ គាត់​ក៏​បាន​គិត​អំពី​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ ដែល​និយាយ​អំពី​ព្រះ​អង្គ​ទ្រង់ ដែល​ជា​ដើម និង​អ្នក​ដើរ​តាម​ទ្រង់ ដែល​ជា​ខ្នែង​(យ៉ូហាន ១៥:១-៨)។

នៅគ្រាសញ្ញាចាស់ ដើមទំពាំងបាយជូរជានិមិត្តរូបតំណាងឲ្យរាស្រ្តរបស់ព្រះ(ទំនុកដំកើង ៨០:៨-៩ និង ហូសេ ១០:១)។ ប៉ុន្តែ នៅ​គ្រា​សញ្ញា​ថ្មី​ព្រះ​យេស៊ូវ​ប្រើ​និមិត្ត​រូប​នេះ ជា​តំណាង​ឲ្យ​ព្រះ​អង្គ​ទ្រង់ ដោយ​មាន​បន្ទូល​ថា ទ្រង់​ជា​ដើម​ទំពាំង​បាយ​ជូរ ហើយ​អ្នក​ដើរ​តាម​ទ្រង់ ជា​ខ្នែង ឬ​មែក​ដែល​ត្រូវ​បាន​បំបៅ​ជាប់​នឹង​ទ្រង់។ ហើយ​ដរាប​ណា​ពួក​គេ​នៅ​ជាប់​នឹង​ទ្រង់ ដោយ​ទទួលជីវ​ជាតិ និង​កម្លាំង​ពី​ទ្រង់ ពួក​គេ​នឹង​បង្កើត​ផល​ផ្លែ​(យ៉ូហាន ១៥:៥)។

ខណៈ​ពេល​ដែល​អ្នក​ស្រី​អេម៉ា​កំពុង​តែ​ជួយ​ថែទាំ​សមាជិក​គ្រួសារ​ដែល​មាន​ជម្ងឺ គាត់​ត្រូវ​ការ​ការ​រំឭក​ថា គាត់​កំពុង​តែ​នៅ​ជាប់​នឹង​ព្រះ​យេស៊ូវ។ ពេល​ដែល​គាត់​ឃើញ​មែក​ដែល​មាន​ផ្កា​ពណ៌ស នៅ​ជាប់​នឹង​ដើម​ដែល​មាន​ផ្កា​ពណ៌​ស៊ី​ជម្ពូរ គាត់​ក៏​បាន​នឹក​ចាំ អំពី​សេចក្តី​ពិត​ដែល​ថា គាត់​នៅ​ជាប់​នឹង​ដើម ដូច​នេះ គាត់​បាន​ទទួល​ជីវ​ជាតិ​ពី​ព្រះ​អង្គ។​

ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ និង​មាន​ការ​ចម្រើន​ឡើង ពេល​ដែល​យើងជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​ថា យើង​ជា​ខ្នែង ដែល​ត្រូវ​នៅ​ជាប់​នឹង​ទ្រង់ ដែល​ជា​ដើម។—AMY BOUCHER PYE