កាល​ខ្ញុំ​នៅ​ក្មេង មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ខ្ញុំ​នឹង​បាន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។ ក្នុង​នាម​ខ្ញុំ​ជា​យុវជន​ម្នាក់ ក្នុង​វ័យ​១៧​ឆ្នាំ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់ ដែល​បាន​ឮ​គេ​ប្រាប់​ថា ខ្ញុំ​នឹង​បាន​ទៅ​រៀន​នៅ​ប្រទេស​អាឡឺម៉ង់។ ប៉ុន្តែ នៅ​សល់​ពេល​តែ៣​ខែ​ទៀត​ប៉ុណ្ណោះ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ហើយ ដែល​ពី​មុន​មក ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​អាឡឺម៉ង់​សោះ។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ខិត​ខំ​រៀន​សូត្រ​ភាសា​អាឡឺម៉ង់​យ៉ាង​វក់​វី អស់​ជា​ច្រើន​ម៉ោង ជា​រៀង​រាល់​ថ្ងៃ ហើយ​ថែម​ទាំង​បាន​សរសេរ​ពាក្យ​នៅ​លើ​ដៃ​ខ្លួន​ឯង ដើម្បី​ទន្ទេញ​ឲ្យ​ចាំ​មាត់​ផង​ដែរ។

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​មួយ នៅ​ប្រទេស​អាឡឺម៉ង់ ដោយ​ការ​បាក់​ទឹក​ចិត្ត ព្រោះ​ខ្ញុំ​ចេះ​ភាសា​អាឡឺម៉ង់​តិច​ពេក។ នៅ​ថ្ងៃ​នោះ គ្រូ​បង្រៀន​ម្នាក់​បាន​ឲ្យ​យោបល​ប្រកប​ដោយ​ប្រាជ្ញា។ គាត់​ថា “ការ​រៀន​ភាសា គឺ​ដូច​ជា​ការ​ឡើង​ភ្នំ​ខ្សាច់​។ អ្នក​ខំ​ប្រឹង​ឡើង​ទៅ​លើ តែ​ជួន​កាល អ្នក​មាន​អារម្មណ៍​ថា អ្នក​នៅ​កន្លែង​ដដែល។ ប៉ុន្តែ ចូរ​បន្ត​ព្យាយាម​ឡើង​ទៅ​លើ​ទៀត អ្នក​នឹង​ទៅ​ដល់​កំពូល​ភ្នំ​ខ្សាច់​មិន​ខាន”។

ពេល​ខ្លះ ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា​អំពី​អត្ថ​ន័យ​នៃ​ការ​លូត​លាស់​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ។ សាវ័ក​ប៉ុល​បាន​រំឭក​យើងថា គាត់​បាន​ស្គាល់​អាថ៌​កំបាំង​នៃ​ការ​ស្កប់​ចិត្ត ក្នុង​ស្ថាន​ភាព​ទាំង​អស់។​ សូម្បី​តែ​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ​ដូច​សាវ័ក​ប៉ុល ក៏​សន្តិភាព​ក្នុង​ចិត្ត មិន​កើត​មាន​ភ្លាម​ៗ​ដែរ។ គាត់​ក៏​ត្រូវ​ការ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​មាន​សន្តិភាព និង​ការ​ស្កប់​ចិត្ត ដោយ​ពឹង​អាង​ជំនួយ​របស់​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​អាច​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះ​គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ”(ភីលីព ៤:១២-១៣)។

ជីវិត​របស់​មនុស្ស​មាន​បញ្ហា​ប្រឈម​ជា​ច្រើន។ ប៉ុន្តែ ពេល​ណា​យើង​ងាក​មក​រក​ព្រះ ដែល “បាន​ឈ្នះ​លោកិយ”(យ៉ូហាន ១៦:៣៣) យើង​នឹង​មិន​គ្រាន់​តែ​បាន​ដឹង​ថា ទ្រង់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ នៅ​ក្នុង​ការ​នាំ​យើង​ឆ្លង​កាត់​បញ្ហា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងដឹង​ផង​ដែរ​ថា គ្មាន​ការ​អ្វី​ដែល​សំខាន់​ជាង​ការ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​ទ្រង់​នោះ​ឡើយ។ ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​សន្តិ​ភាព និងជួយ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ហើយ​ប្រទាន​កម្លាំង​យើង ឲ្យ​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ កាល​ណា​យើង​បាន​ដើរ​ជា​មួយ​ព្រះ​អង្គ។ —JAMES BANKS