កាលខ្ញុំនៅក្មេង មានពេលមួយ ខ្ញុំបានទទួលដំណឹងថា ខ្ញុំនឹងបានទៅរៀននៅក្រៅប្រទេស។ ក្នុងនាមខ្ញុំជាយុវជនម្នាក់ ក្នុងវ័យ១៧ឆ្នាំ ខ្ញុំមានចិត្តរំភើបរីករាយណាស់ ដែលបានឮគេប្រាប់ថា ខ្ញុំនឹងបានទៅរៀននៅប្រទេសអាឡឺម៉ង់។ ប៉ុន្តែ នៅសល់ពេលតែ៣ខែទៀតប៉ុណ្ណោះ ខ្ញុំនឹងធ្វើដំណើរទៅហើយ ដែលពីមុនមក ខ្ញុំមិនដែលធ្លាប់បានទៅរៀននៅប្រទេសអាឡឺម៉ង់សោះ។
នៅថ្ងៃបន្ទាប់ ខ្ញុំបានខិតខំរៀនសូត្រភាសាអាឡឺម៉ង់យ៉ាងវក់វី អស់ជាច្រើនម៉ោង ជារៀងរាល់ថ្ងៃ ហើយថែមទាំងបានសរសេរពាក្យនៅលើដៃខ្លួនឯង ដើម្បីទន្ទេញឲ្យចាំមាត់ផងដែរ។
ប៉ុន្មានខែក្រោយមក ខ្ញុំក៏បានចូលរៀនក្នុងថ្នាក់រៀនមួយ នៅប្រទេសអាឡឺម៉ង់ ដោយការបាក់ទឹកចិត្ត ព្រោះខ្ញុំចេះភាសាអាឡឺម៉ង់តិចពេក។ នៅថ្ងៃនោះ គ្រូបង្រៀនម្នាក់បានឲ្យយោបលប្រកបដោយប្រាជ្ញា។ គាត់ថា “ការរៀនភាសា គឺដូចជាការឡើងភ្នំខ្សាច់។ អ្នកខំប្រឹងឡើងទៅលើ តែជួនកាល អ្នកមានអារម្មណ៍ថា អ្នកនៅកន្លែងដដែល។ ប៉ុន្តែ ចូរបន្តព្យាយាមឡើងទៅលើទៀត អ្នកនឹងទៅដល់កំពូលភ្នំខ្សាច់មិនខាន”។
ពេលខ្លះ រឿងនេះបានធ្វើឲ្យខ្ញុំពិចារណាអំពីអត្ថន័យនៃការលូតលាស់របស់អ្នកដើរតាមព្រះយេស៊ូវ។ សាវ័កប៉ុលបានរំឭកយើងថា គាត់បានស្គាល់អាថ៌កំបាំងនៃការស្កប់ចិត្ត ក្នុងស្ថានភាពទាំងអស់។ សូម្បីតែអ្នកដែលមានជំនឿរឹងមាំដូចសាវ័កប៉ុល ក៏សន្តិភាពក្នុងចិត្ត មិនកើតមានភ្លាមៗដែរ។ គាត់ក៏ត្រូវការការលូតលាស់ខាងវិញ្ញាណ ដើម្បីឲ្យមានសន្តិភាព និងការស្កប់ចិត្ត ដោយពឹងអាងជំនួយរបស់ព្រះគ្រីស្ទ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំអាចធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំ”(ភីលីព ៤:១២-១៣)។
ជីវិតរបស់មនុស្សមានបញ្ហាប្រឈមជាច្រើន។ ប៉ុន្តែ ពេលណាយើងងាកមករកព្រះ ដែល “បានឈ្នះលោកិយ”(យ៉ូហាន ១៦:៣៣) យើងនឹងមិនគ្រាន់តែបានដឹងថា ទ្រង់មានព្រះទ័យស្មោះត្រង់ នៅក្នុងការនាំយើងឆ្លងកាត់បញ្ហាប៉ុណ្ណោះទេ តែថែមទាំងដឹងផងដែរថា គ្មានការអ្វីដែលសំខាន់ជាងការមានភាពជិតស្និទ្ធជាមួយទ្រង់នោះឡើយ។ ទ្រង់ប្រទានឲ្យយើងមានសន្តិភាព និងជួយយើងឲ្យទុកចិត្តព្រះអង្គ ហើយប្រទានកម្លាំងយើង ឲ្យអាចធ្វើដំណើរបានឆ្ងាយ កាលណាយើងបានដើរជាមួយព្រះអង្គ។ —JAMES BANKS