មានពេលមួយខ្ញុំបានទៅលេងកោះបាហាម៉ា។ អ្នកនាំផ្លូវម្នាក់បានដឹកនាំដំណើរកម្សាន្តនេះ នៅក្នុងឧទ្យានជាតិមួយ។ ពេលនោះ ខ្ញុំក៏បានសរសេរខ្វៀកនៅលើសៀវភៅកត់ត្រា ខណៈពេលដែលគាត់កំពុងតែណែនាំ អំពីរុក្ខជាតិទាំងឡាយ ក្នុងព្រៃបុរាណរបស់កោះបាហាម៉ា។ គាត់បានប្រាប់យើង អំពីដើមឈើដែលយើងត្រូវជៀសវាង។ គាត់ថា មានដើមឈើពិសមួយប្រភេទ បញ្ចេញរុក្ខរស់ពណ៌ខ្មៅ ដែលនាំឲ្យមានកន្ទួលរមាស់ដ៏ឈឺចាប់។ ប៉ុន្តែ កុំបារម្ភអី! តាមធម្មតា គេអាចរកឃើញថ្នាំបន្សាបនៅក្បែរដើមឈើនោះ។ គាត់ថា “គេត្រូវជាសម្បកឈើពណ៌ក្រហមរបស់ដើមជ័រដែលនៅក្បែរនោះ ហើយយកទឹកដមរបស់វាមកឈ្លីពីលើកន្លែងកន្ទួលរមាស់នោះ។ កន្ទួលរមាស់នឹងបាត់ភ្លាម”។
ពេលឮគាត់និយាយដូចនេះ ខ្ញុំស្ទើរជ្រុះខ្មៅដៃពីដៃ ដោយការភ្ញាក់ផ្អើល។ ពីមុនមក ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំអាចរកឃើញរឿងប្រៀបប្រដូចអំពីសេចក្តីសង្រ្គោះ នៅក្នុងព្រៃឡើយ។ ប៉ុន្តែ ដើមជ័រនោះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះយេស៊ូវ។ ព្រះអង្គជាថ្នាំ សម្រាប់បន្សាបជាតិពុលនៃអំពើបាប នៅគ្រប់ពេល។ ព្រះលោហិតរបស់ព្រះយេស៊ូវនាំមកនូវការប្រោសឲ្យជា ដូចសម្បកពណ៌ក្រហមនៃដើមជ័រនោះ។
ហោរាអេសាយដឹងថា មនុស្សជាតិត្រូវការការប្រោសឲ្យជា។ មនុស្សទាំងអស់សុទ្ធតែមានបាប។ កណ្ឌគម្ពីរអេសាយបានសន្យាថា ការប្រោសឲ្យជារបស់យើង គឺបានមកពី “មនុស្សទូទុក្ខ” ដែលបានទទួលយកជម្ងឺរបស់យើង(អេសាយ ៥៣:៣)។ មនុស្សទូទុក្ខនោះ គឺជាអង្គព្រះយេស៊ូវ។ យើងមានជម្ងឺ ប៉ុន្តែ ព្រះយេស៊ូវស្ម័គ្រព្រះទ័យទទួលយកការឈឺចាប់ និងរបួសជំនួសយើង។ ពេលណាយើងទទួលជឿទ្រង់ យើងបានទទួលការប្រោសឲ្យជាពីជម្ងឺនៃអំពើបាប(ខ.៥)។ យើងអាចចំណាយពេលមួយជីវិត ដើម្បីរៀនរស់នៅជាមនុស្សដែលបានទទួលការប្រោសឲ្យជា ដោយទទួលស្គាល់ថា យើងមានបាប ហើយបដិសេធវា ស្របតាមអត្តសញ្ញាណថ្មីរបស់យើង ប៉ុន្តែ ដោយសារព្រះយេស៊ូវ នោះយើងមិនចាំបាច់ត្រូវចំណាយពេលយូរដូចនេះឡើយ ព្រោះយើងអាចទទួលការប្រោសឲ្យជា និងការប្រោសលោះរបស់ទ្រង់ នៅពេលណាក៏បាន។ —AMY PETERSON