លោក​ដេវ(Dave) សប្បាយ​នឹង​ការងារ​របស់​គាត់ ប៉ុន្តែ អស់​រយៈ​ពេល​យូរ​មក​ហើយ ដែល​គាត់​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​កំពុង​តែ​ទាញ​គាត់​ទៅ​រក​ការងារ​ផ្សេង។ ពេល​នេះ គាត់​ហៀប​នឹង​សម្រេច​ក្តី​ស្រមៃ​របស់​គាត់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុងការងារ​បេសក​កម្ម។ ប៉ុន្តែ អ្វី​ដែល​ចម្លែក​នោះ គាត់​ចាប់​ផ្តើម​មាន​ការ​សង្ស័យ​យ៉ាង​ខ្លាំង។

គាត់​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​របស់​គាត់​ថា គាត់​មិន​សម​នឹង​ទទួល​ការងារ​នេះ​ទេ។ ក្រុម​ប្រឹក្សា​បេសកកម្ម​មិន​ទាន់​ស្គាល់​ខ្ញុំ​ច្បាស់​ទេ។ ខ្ញុំ​មិន​មាន​លក្ខណៈ​សម្បត្តិ​ល្អ​គ្រប់​គ្រាន់ សម្រាប់​ការងារ​នេះ​ទេ។ មាន​បុគ្គល​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​លោក​ដេវ។ ពេល​យើង​ឮ​ឈ្មោះ​របស់​លោក​ម៉ូសេ យើង​គិត​អំពី​ការ​ដឹក​នាំ និង​ចំណុច​ខ្លាំង​របស់​គាត់ ព្រម​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ​។ យើងច្រើន​តែ​ភ្លេច​ថា លោក​ម៉ូសេ​បាន​រត់​គេច​ខ្លួន ទៅ​វាល​រហោ​ស្ថាន បន្ទាប់​ពី​គាត់​បាន​សម្លាប់​មនុស្ស​ម្នាក់។ យើង​មើល​រំលង​រយៈ​ពេល​៤០​ឆ្នាំ ដែល​គាត់​រស់​នៅ​ជា​មនុស្ស​ដែល​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន។ យើង​ក៏​មើល​រំលង​បញ្ហា​កំហឹង​របស់​គាត់ និង​ការ​ដែលគាត់​មាន​ការ​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លំាង នៅ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ត្រាស​ហៅ​របស់​ព្រះ។

ពេល​ដែល​ព្រះ​ជា​ម្ចាស់​ចេញ​សេចក្តី​បង្គាប់​ជា​បន្ត​បន្ទាប់​សម្រាប់​គាត់​(និក្ខមនំ ៣:១-១០) គាត់​ចេះ​តែ​និយាយ​ថា គាត់​មិន​ល្អគ្រប់​គ្រាន់​សម្រាប់​ការងារ​ទាំង​នោះ។ គាត់​ថែម​ទាំង​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកែក​ដ៏​វែង​មួយ ចំពោះ​ព្រះ ដោយ​សួរ​ទ្រង់​ថា “តើ​គាត់​ជា​នរណា?”(ខ.១១)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ថា ទ្រង់ ជា​នរណា។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”(ខ.១៤)។​ យើង​មិន​មាន​លទ្ធ​ភាព​ដើម្បី​ពន្យល់ អំពី​ព្រះ​នាម​ដ៏​អាថ៌​កំបាំង​នេះ​ឡើយ ព្រោះ​ព្រះ​ដែល​មនុស្ស​មិន​អាច​ពិពណ៌នា​បាន កំពុង​តែ​រៀប​រាប់​អំពី​ព្រះ​វត្ត​មាន​ដ៏​អស់​កល្ប​របស់​ទ្រង់ ដល់​លោក​ម៉ូសេ​ហើយ។

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​យើង។ តែ​បើ​យើង​ប្រើ​វា ជា​លេស ដើម្បី​រារាំង​មិន​ឲ្យ​ព្រះ​ប្រើ​យើង គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រមាថ​ទ្រង់​ហើយ។ គឺ​មិន​ខុស​ពី​ការ​និយាយ​ថា ព្រះ​ជា​ម្ចាស់​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ប្រើ​យើង​នោះ​ឡើយ។

ពេល​ដែល​ទ្រង់​ប្រើ​យើង យើង​មិន​ត្រូវ​សួរ​ថា តើ​យើង​ជា​នរណា​នោះ​ឡើយ តែ​យើង​ត្រូវ​សួរ​ថា តើ​ព្រះ​ទ្រង់​ជា​នរណា? —TIM GUSTAFSON