កាលអ្នកស្រីឃែរី(Kerry) និងលោកប៉ុល(Paul) ទើបតែរៀបការ អ្នកទាំងពីរសុទ្ធតែមិនចេះធ្វើម្ហូបដូចគ្នា។ ប៉ុន្តែ នៅពេលយប់មួយ អ្នកស្រីឃែរីបានសម្រេចចិត្តសាកធ្វើម្ហូបស្ពែហ្គេទី។ គាត់បានធ្វើច្រើនពេក បានជាប្តីប្រពន្ធមួយគូនេះ អាចបន្តញាំវាទៀត នៅពេលល្ងាចថ្ងៃបន្ទាប់។ នៅថ្ងៃទីបី លោកប៉ុលក៏បានស្ម័គ្រចិត្តធ្វើម្ហូបម្តង ដោយដាក់ប៉ាស្តា និងទឹកជ្រលក់ច្រើនជាងមុនទ្វេរដង ដោយសង្ឃឹងថា អាហារមួយឆ្នាំងធំនេះ អាចឲ្យពួកគេញាំរហូតដល់ចុងសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលអ្នកទាំងពីរអង្គុយចុះ ដើម្បីញាំអាហារពេលល្ងាចនៅយប់នោះ អ្នកស្រីឃែរីក៏បានសារភាពថា គាត់មានការធុញទ្រាន់នឹងការញាំស្ពែហ្កេទីនោះហើយ។
សូមយើងគ្រាន់តែស្រមៃ អំពីការញំាអាហារដដែលៗ ដូចពួកអ៊ីស្រាអែល នៅវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ។ រៀងរាល់ពេលព្រឹក ពួកគេបានដើររើស “អាហារដ៏អស្ចារ្យ” ដែលមានរស់ជាតិផ្អែម ដែលព្រះទ្រង់បានផ្គត់ផ្គង់ ឲ្យពួកគេទៅជាធ្វើអាហារ(ដោយបរិភោគមិនឲ្យសល់ លើកលែងតែនៅពេលដែល ថ្ងៃឈប់សម្រាក គឺជាថ្ងៃបន្ទាប់ និក្ខមនំ ១៦:២៣-២៦)។ ជាការពិតណាស់ ពួកគេមានភាពប៉ិនប្រសប់ក្នុងការចម្អិនវា ដោយដុត ឬស្ងោវាធ្វើជាអាហារ(ខ.២៣)។ ប៉ុន្តែ ពួកគេក៏បាននឹកអាហារល្អៗ ដែលពួកគេចូលចិត្តបរិភោគនៅនគរអេសីព្ទ(ខ.៣ ជនគណនា ១១:១-៩) ទោះពួកគេបានទទួលអាហារដ៏មានជីវជាតិទាំងនោះ នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងរបបទាសភាពដ៏សាហាវក៏ដោយ។
ជួនកាល យើងក៏មានការតូចចិត្តផងដែរ ពេលដែលជីវិតយើងមិនបានសុខស្រួលដូចកាលពីមុន។ ពុំនោះទេ “ភាពអាប់ឱន” នៃជីវិតធ្វើឲ្យយើងមានការមិនពេញចិត្ត។ ប៉ុន្តែ សូមយើងជញ្ជឹងគិត អំពីបទគម្ពីរនិក្ខមនំ ជំពូក១៦ ដែលបានចែងអំពីការផ្គត់ផ្គង់ដ៏ស្មោះត្រង់របស់ព្រះ សម្រាប់ប្រជាជនអ៊ីស្រាអែល ដែលនាំឲ្យពួកគេទុកចិត្ត និងពឹងផ្អែកលើការថែរក្សារបស់ទ្រង់ជារៀងរាល់ថ្ងៃ។
ព្រះជាម្ចាស់បានសន្យាថា នឹងប្រទានអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការ។ ព្រះអង្គបំពេញការស្រេកឃ្លានរបស់យើង ហើយបំពេញវិញ្ញាណយើង ដោយ “របស់ល្អ”(ទំនុកដំកើង ១០៧:៩)។—CINDY HESS KASPER