កាល​អ្នក​ស្រី​ឃែរី(Kerry) និង​លោក​ប៉ុល(Paul) ទើប​តែ​រៀប​ការ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មិន​ចេះ​ធ្វើ​ម្ហូប​ដូច​គ្នា។ ប៉ុន្តែ នៅ​ពេល​យប់​មួយ អ្នក​ស្រី​ឃែរី​បាន​សម្រេច​ចិត្ត​សាក​ធ្វើ​ម្ហូប​ស្ពែហ្គេទី។ គាត់​​បាន​ធ្វើ​ច្រើន​ពេក បាន​ជា​ប្តី​ប្រពន្ធ​មួយ​គូ​នេះ អាចបន្ត​ញាំ​វា​ទៀត នៅ​ពេល​ល្ងាច​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​ទី​បី លោក​ប៉ុល​ក៏​បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ម្ហូប​ម្តង ដោយ​ដាក់​ប៉ាស្តា និងទឹក​ជ្រលក់​ច្រើន​ជាង​មុន​ទ្វេរ​ដង ដោយ​សង្ឃឹង​ថា អាហារ​មួយ​ឆ្នាំង​ធំ​នេះ អាច​ឲ្យ​ពួក​គេ​ញាំ​រហូត​ដល់​ចុង​សប្តាហ៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ដែល​អ្នក​ទាំង​ពីរ​អង្គុយ​ចុះ ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច​នៅ​យប់​នោះ អ្នក​ស្រី​ឃែរី​ក៏បាន​សារភាព​ថា គាត់​មាន​ការ​ធុញ​ទ្រាន់​នឹង​ការ​ញាំ​ស្ពែហ្កេទី​នោះ​ហើយ។

សូម​យើង​គ្រាន់​តែ​ស្រមៃ អំពី​ការ​ញំា​អាហារ​ដដែល​ៗ ដូច​ពួក​អ៊ីស្រាអែល នៅ​វាល​រហោ​ស្ថាន អស់​រយៈ​ពេល​៤០​ឆ្នាំ។ រៀង​រាល់​ពេល​ព្រឹក ពួក​គេ​បាន​ដើរ​រើស “អាហារ​ដ៏​អស្ចារ្យ” ដែល​មាន​រស់​ជាតិ​ផ្អែម ដែល​ព្រះ​ទ្រង់​បាន​ផ្គត់​ផ្គង់ ឲ្យ​ពួក​គេ​ទៅ​ជា​ធ្វើ​អាហារ(ដោយ​បរិភោគ​មិន​ឲ្យ​សល់ លើក​លែង​តែ​នៅ​ពេល​ដែល ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​បន្ទាប់ និក្ខមនំ ១៦:២៣-២៦)។ ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ចម្អិន​វា ដោយ​ដុត ឬ​ស្ងោវា​ធ្វើ​ជា​អាហារ(ខ.២៣)។ ប៉ុន្តែ ពួក​គេ​ក៏​បាន​នឹក​អាហារ​ល្អ​ៗ ដែល​ពួក​គេ​ចូល​ចិត្ត​បរិភោគ​នៅ​នគរ​អេសីព្ទ​(ខ.៣ ជនគណនា ១១:១-៩) ទោះ​ពួក​គេ​បាន​ទទួល​អាហារ​ដ៏​មាន​ជីវជាតិ​ទាំង​នោះ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​របប​ទាសភាព​ដ៏សាហាវ​ក៏​ដោយ។

ជួន​កាល យើង​ក៏​មាន​ការ​តូច​ចិត្ត​ផង​ដែរ ពេល​ដែល​ជីវិត​យើង​មិន​បាន​សុខ​ស្រួល​ដូច​កាល​ពី​មុន។ ពុំ​នោះ​ទេ “ភាព​អាប់​ឱន” នៃ​ជីវិត​ធ្វើ​ឲ្យ​យើង​មាន​ការ​មិន​ពេញ​ចិត្ត។ ប៉ុន្តែ សូម​យើង​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ​និក្ខមនំ ជំពូក​១៦ ដែល​បាន​ចែង​អំពី​ការ​ផ្គត់​ផ្គង់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ សម្រាប់​ប្រ​ជា​ជន​អ៊ីស្រាអែល ដែល​នាំ​ឲ្យ​ពួក​គេ​ទុក​ចិត្ត និង​ពឹង​ផ្អែក​លើ​ការ​ថែរក្សា​របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​ជា​ម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ការ។ ព្រះ​អង្គ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​យើង ហើយ​បំពេញ​វិញ្ញាណ​យើង ដោយ “របស់ល្អ”(ទំនុកដំកើង ១០៧:៩)។—CINDY HESS KASPER