នៅលើកទីមួយ ដែលសត្វប្រជៀវមួយក្បាលចូលផ្ទះរបស់ខ្ញុំ យើងក៏បានគិតថា វាបានចូលផ្ទះយើងដោយចៃដន្យ។ ប៉ុន្តែ បន្ទាប់ពីវាបានចូលផ្ទះយើងម្តងទៀត នៅយប់ទីពីរ ខ្ញុំក៏បានអានអត្ថបទ ដែលនិយាយអំពីសត្វដ៏តូចទាំងនោះ ហើយក៏បានដឹងថា ពួកវាមិនត្រូវការច្រកចូលធំ ដើម្បីចូលក្នុងផ្ទះរបស់មនុស្សឡើយ។ តាមពិត ឲ្យតែពួកវារកឃើញប្រហោង ដែលមានទំហំតូចដូចកាក់ ពួកវានឹងចូលតាមរន្ធនោះ។
ដូចនេះ ខ្ញុំក៏បានយកកាវបិទកញ្ចក់ ទៅដើរបិទរន្ធតូចៗទាំងអស់ ដែលខ្ញុំឃើញមាននៅជុំវិញផ្ទះ។
ក្នុងបទគម្ពីរ បទចម្រៀងសាឡូម៉ូន ២:១៥ ស្តេចសាឡូម៉ូនបានលើកឡើង អំពីថានិកសត្វដែលគួរឲ្យរំខានមួយទៀត។ ទ្រង់បានសរសេរ អំពីគ្រោះថ្នាក់របស់ “សត្វចចកតូចៗ” ដែលអាច “បំផ្លាញចំការទំពាំងបាយជូរ”។ ត្រង់ចំណុចនេះ ទ្រង់កំពុងមានបន្ទូលក្នុងន័យធៀប អំពីការគំរាមកំហែង ដែលអាចចូលទៅបំផ្លាញទំនាក់ទំនង ។ ដែលខ្ញុំនិយាយនេះ គឺមិនចង់ធ្វើឲ្យមានការអាក់អន់ចិត្ត ដល់អ្នកស្រឡាញ់សត្វប្រជៀវ ឬសត្វចចកឡើយ ប៉ុន្តែ ការការពារកុំឲ្យសត្វប្រជៀវចូលផ្ទះ និងសត្វចចកចូលចំការទំពាំងបាយជូរ គឺមិនខុសពីការដោះស្រាយបញ្ហានៃអំពើបាប ក្នុងជីវិតយើងនោះឡើយ(អេភេសូរ ៥:៣)។ ដោយសារព្រះគុណព្រះ នោះព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងយើង បានជាយើងមិនចាំបាច់ត្រូវ “រស់នៅតាមនិស្ស័យសាច់ឈាមទៀតឡើយ តែតាមព្រះវិញ្ញាណវិញ”(រ៉ូម ៨:៤)។ ដោយអំណាចនៃព្រះវិញ្ញាណ យើងអាចជម្នះការល្បួង ដែលនាំឲ្យប្រព្រឹត្តបាប។
សូមសរសើរដំកើងព្រះជាម្ចាស់ ដែលក្នុងព្រះគ្រីស្ទ នោះយើងបានក្លាយជា “ពន្លឺក្នុងព្រះអម្ចាស់” ហើយអាចរស់នៅ តាមរបៀបដែលទ្រង់ “សព្វព្រះទ័យ”(អេភេសូរ ៥:៨-១០)។ និយាយឲ្យខ្លី ព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យចាប់សត្វចចកខាងវិញ្ញាណទាំងនោះ។—DAVE BRANON