ត្រី​ឆ្លាម​ពណ៌​ស​ដ៏​ធំ​សម្បើម​មួយ​ក្បាល  មាន​ប្រវែង​ជិត​៥​ម៉ែត្រ និង​ទម្ងន់​ប្រហែល ១៥០០​គីឡូ​ក្រាម ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សមុទ្រ ភ្ជាប់​ផ្លាក​មួយ​ពី​លើ​វា នៅ​ក្បែរ​ឆ្នេរ​ខាង​កើត នៃ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១២។ គេ​បាន​ដាក់ឈ្មោះ​ឲ្យ​វា​ថា ម៉ារី លី(Mary Lee)។ គេ​បាន​ដាក់​ឧបករណ៍​បញ្ជូន​សញ្ញា នៅ​លើ​ព្រុយ​ខ្នង​របស់​វា ដើម្បី​ឲ្យ​ផ្កាយរណប​អាច​តាម​ដាន​វា ពេល​ណា​វា​ងើប​ឡើង​មក​ផ្ទៃ​ទឹក​ខាង​លើ។  អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ក្រោយ​មក ការ​ផ្លាស់​ទី​របស់​ត្រីឆ្លាម​ម៉ារី លី ត្រូវ​បាន​គេ​សង្កេត​មើល នៅ​តាម​បណ្តាញ​អ៊ីនធើណិត ដោយ​មនុស្ស​ជា​ច្រើន រាប់​ចាប់​តាំង​ពី​អ្នក​ស្រាវ​ជ្រាវ រហូត​ដល់​អ្នក​ជិះ​ក្តា​បន្ទះ​នៅ​លើ​ទឹក​រលក ហើយ​ក៏​បាន​ដឹង​ថា​វា​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ៗ នៅ​តាម​បណ្តោយ​ឆ្នេរ។ គេ​បាន​តាម​ដាន​វា បាន​ចម្ងាយ​ជិត ៦៤០០០ គីឡូ​ម៉ែត្រ រហូត​ដល់​ពេល​ដែល​ឧបករណ៍​បញ្ជូន​សញ្ញា​នោះ​ឈប់​ដំណើរការ​ទៀត អាច​ប្រហែល​មក​ពី​ថ្ម​របស់​វា​លែង​កាន់​ភ្លើង​ទៀត។

ចំណេះ​ដឹង និង​បច្ចេក​វិទ្យា​របស់​មនុស្ស បាន​ឈាន​ទៅ​ដល់​ចម្ងាយ​ដ៏​ឆ្ងាយ​យ៉ាង​នេះ។​ អ្នក​ដែល “តាម​ដាន” ត្រី​ឆ្លាម​ម៉ារី លី បាន​បាត់​ដាន​របស់​វា ប៉ុន្តែ ខ្ញុំ​និង​អ្នក​ស្ថិត​ក្រោម​ការ​ទត​មើល​របស់​ព្រះ​ជា​និច្ច គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​យើង។ ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ថា “តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះវិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះភក្ត្រ​ទ្រង់ ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ”(ទំនុកដំកើង ១៣៩:៧-៨)។ ស្តេច​ដាវីឌ​ក៏​បាន​បន្លឺ​សម្លេង​ឡើង ដោយ​ការ​ដឹង​គុណ​ព្រះ​ថា “ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូល​បង្គំ”(ខ.៦)។

ព្រះ​ជា​ម្ចាស់​ជ្រើស​រើស​យក​ការ​ស្គាល់​យើង ព្រោះ​ទ្រង់​ស្រឡាញ់​យើង។ ទ្រង់​ខ្វល់​អំពី​យើង គឺ​ល្មម​នឹង​តាម​មើល​ជីវិត​របស់​យើង ហើយ​ថែម​ទាំង​ចូល​ទៅ​ក្នុង​ជីវិត​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​ជីវិត​យើង​ថ្មី​ឡើង។ ទ្រង់​ចូល​មក​ជិត​យើង តាម​រយៈ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់ អស់​កល្ប​ជា​និច្ច។ ទោះ​យើង​ទៅ​ដល់​ទីណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ជា​មួយ​យើង​ជា​និច្ច។—JAMES BANKS