ត្រីឆ្លាមពណ៌សដ៏ធំសម្បើមមួយក្បាល មានប្រវែងជិត៥ម៉ែត្រ និងទម្ងន់ប្រហែល ១៥០០គីឡូក្រាម ត្រូវបានអ្នកជំនាញផ្នែកសមុទ្រ ភ្ជាប់ផ្លាកមួយពីលើវា នៅក្បែរឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១២។ គេបានដាក់ឈ្មោះឲ្យវាថា ម៉ារី លី(Mary Lee)។ គេបានដាក់ឧបករណ៍បញ្ជូនសញ្ញា នៅលើព្រុយខ្នងរបស់វា ដើម្បីឲ្យផ្កាយរណបអាចតាមដានវា ពេលណាវាងើបឡើងមកផ្ទៃទឹកខាងលើ។ អស់រយៈពេលប្រាំឆ្នាំក្រោយមក ការផ្លាស់ទីរបស់ត្រីឆ្លាមម៉ារី លី ត្រូវបានគេសង្កេតមើល នៅតាមបណ្តាញអ៊ីនធើណិត ដោយមនុស្សជាច្រើន រាប់ចាប់តាំងពីអ្នកស្រាវជ្រាវ រហូតដល់អ្នកជិះក្តាបន្ទះនៅលើទឹករលក ហើយក៏បានដឹងថាវាបានធ្វើដំណើរចុះឡើងៗ នៅតាមបណ្តោយឆ្នេរ។ គេបានតាមដានវា បានចម្ងាយជិត ៦៤០០០ គីឡូម៉ែត្រ រហូតដល់ពេលដែលឧបករណ៍បញ្ជូនសញ្ញានោះឈប់ដំណើរការទៀត អាចប្រហែលមកពីថ្មរបស់វាលែងកាន់ភ្លើងទៀត។
ចំណេះដឹង និងបច្ចេកវិទ្យារបស់មនុស្ស បានឈានទៅដល់ចម្ងាយដ៏ឆ្ងាយយ៉ាងនេះ។ អ្នកដែល “តាមដាន” ត្រីឆ្លាមម៉ារី លី បានបាត់ដានរបស់វា ប៉ុន្តែ ខ្ញុំនិងអ្នកស្ថិតក្រោមការទតមើលរបស់ព្រះជានិច្ច គ្រប់ពេលវេលាទាំងអស់ នៃជីវិតយើង។ ស្តេចដាវីឌបានអធិស្ឋានថា “តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់ តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់ ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ ព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ”(ទំនុកដំកើង ១៣៩:៧-៨)។ ស្តេចដាវីឌក៏បានបន្លឺសម្លេងឡើង ដោយការដឹងគុណព្រះថា “ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំ”(ខ.៦)។
ព្រះជាម្ចាស់ជ្រើសរើសយកការស្គាល់យើង ព្រោះទ្រង់ស្រឡាញ់យើង។ ទ្រង់ខ្វល់អំពីយើង គឺល្មមនឹងតាមមើលជីវិតរបស់យើង ហើយថែមទាំងចូលទៅក្នុងជីវិតយើង ព្រមទាំងធ្វើឲ្យជីវិតយើងថ្មីឡើង។ ទ្រង់ចូលមកជិតយើង តាមរយៈព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដើម្បីឲ្យយើងអាចស្គាល់ទ្រង់ ហើយស្រឡាញ់ទ្រង់ អស់កល្បជានិច្ច។ ទោះយើងទៅដល់ទីណាក៏ដោយ សេចក្តីស្រឡាញ់របស់ព្រះនៅជាមួយយើងជានិច្ច។—JAMES BANKS