មានពេលមួយ លោកជីម(Jim) បានចែកចាយ អំពីបញ្ហាដែលគាត់កំពុងតែមាន ជាមួយក្រុមការងាររបស់គាត់ ដែលមានដូចជា ការបាក់បែក ការថ្កោលទោសគ្នា និងការយល់ច្រឡំ។ បន្ទាប់ពីខ្ញុំបានអង្គុយស្តាប់គាត់ ដោយចិត្តអត់ធ្មត់ ប្រហែល១ម៉ោង ខ្ញុំក៏បានលើកទឹកចិត្តគាត់ ឲ្យអធិស្ឋានទូលសួរព្រះយេស៊ូវថា តើព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើអ្វី ក្នុងស្ថានភាពនេះ។ យើងក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀមអស់រយៈពេល៥នាទី។ បន្ទាប់មក រឿងដ៏អស្ចារ្យបានកើតឡើង។ យើងទាំងពីរនាក់មានអារម្មណ៍ថា សន្តិភាពរបស់ព្រះបានគ្របដណ្តប់យើង ដូចជាភួយដ៏កក់ក្តៅ។ យើងក៏បានបន្ធូរអារម្មណ៍កាន់តែខ្លាំង ខណៈពេលដែលយើងបានពិសោធនឹងព្រះវត្តមាន និងការដឹកនាំរបស់ទ្រង់ ហើយយើងមានទំនុកចិត្ត នៅក្នុងការបន្តប្រឈមមុខនឹងការលំបាកទំាងនោះ។
លោកពេត្រុស ស្ថិតក្នុងចំណោមសាវ័ករបស់ព្រះយេស៊ូវ។ គាត់ត្រូវការព្រះវត្តមានដ៏កម្សាន្តចិត្តរបស់ទ្រង់។ នៅពេលយប់មួយ គាត់ និងសាវ័កដទៃទៀត កំពុងតែធ្វើដំណើរតាមទូកក្តោង ឆ្លងកាត់សមុទ្រកាលីឡេ។ ពេលនោះ ខ្យល់ព្យុះក៏បានបក់បោកមក។ ភ្លាមៗនោះ ពួកគេក៏បានឃើញព្រះយេស៊ូវកំពុងតែដើរនៅលើទឹក។ ពួកសាវ័កក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទ្រង់ក៏បានមានបន្ទូលធានាដល់ពួកគេថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ ១៤:២៧)។
លោកពេត្រុសក៏បានទូលសូមព្រះយេស៊ូវដោយចិត្តឆេះឆួល ដើម្បីឲ្យគាត់បានដើរនៅលើទឹកជាមួយទ្រង់ដែរ។ គាត់ក៏បានបោះជំហានចេញពីលើទូក ហើយដើរទៅរកព្រះយេស៊ូវ។ ប៉ុន្តែ មិនយូរប៉ុន្មាន គាត់ក៏បានឈប់ផ្តោតទៅលើព្រះយេស៊ូវ ហើយបែរជាគិតអំពីស្ថានភាពដ៏គ្រោះថ្នាក់របស់គាត់ ដែលមនុស្សមិនអាចធ្វើបាន ហើយក៏បានចាប់ផ្តើមលិចចូលទៅក្នុងទឹក។ គាត់ក៏បានស្រែកឡើងថា “ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង” ស្រាប់តែព្រះយេស៊ូវទ្រង់ជួយសង្រ្គោះគាត់ភ្លាម ដោយសេចក្តីស្រឡាញ់(ខ.៣០-៣១)។
យើងអាចដឹងថា ព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះ តែងតែគង់នៅជាមួយយើងជានិច្ច ក្នុងព្យុះនៃជីវិត។ —ESTERA PIROSCA ESCOBAR