លោកប្រាយអិន(Brian) មានគម្រោងធ្វើជាអ្នកនាំភ្ញៀវចូលកន្លែងអង្គុយ នៅក្នុងពិធីមង្គលការរបស់បងប្រុសគាត់ ប៉ុន្តែ គេមិនឃើញគាត់មកសោះ។ ក្រុមគ្រួសារគាត់ ក៏មានការខកចិត្ត ដោយរាប់បញ្ចូលទំាងប្អូនស្រីរបស់គាត់ ឈ្មោះចាស្មីន(Jasmine) ដែលត្រូវអានខគម្ពីរ នៅថ្ងៃនោះ។ នៅក្នុងពិធីមង្គលការនោះ នាងក៏បានអានខគម្ពីរ ១កូរិនថូស ១៣ យ៉ាងល្អឥតខ្ចោះ ដែលនោះជាខគម្ពីរដ៏ពេញនិយម ដែលនិយាយអំពីក្តីស្រឡាញ់។ ប៉ុន្តែ បន្ទាប់ពីពិធីមង្គលការបានចប់សព្វគ្រប់ ឪពុករបស់នាងក៏បានប្រាប់នាង ឲ្យយកអំណោយថ្ងៃខួបកំណើត ទៅឲ្យលោកប្រាយអិន តែនាងមានការស្ទាក់ស្ទើរ។ នាងក៏បានដឹងថា ការអនុវត្តតាមព្រះបន្ទូល ដែលនិយាយអំពីក្តីស្រឡាញ់ គឺមានភាពងាយស្រួលជាងការអនុវត្តន៍តាម។ ទោះជាយ៉ាងណាក៏ដោយ មុនពេលយប់មកដល់ នាងក៏បានផ្លាស់ប្តូរគំនិត ហើយក៏បានទទួលស្គាល់ថា នាងមិនអាចឈរអានខគម្ពីរ ដែលនិយាយអំពីក្តីស្រឡាញ់ ដោយមិនអនុវត្តតាមនោះឡើយ។
តើអ្នកធ្លាប់បានទទួលការចាក់ចុចចិត្ត ពីព្រះគម្ពីរ ដែលអ្នកបានអាន ឬបានឮ តែពិបាកនឹងអនុវត្តតាមឬទេ? មិនមែនមានតែអ្នកទេ ដែលមានបញ្ហានេះ។ ការអាន ហើយស្តាប់តាមព្រះបន្ទូលព្រះ គឺងាយស្រួលជាងការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់។ ហេតុនេះហើយបានជាសាវ័កយ៉ាកុបបានជំរុញយើងថា “ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ”(យ៉ាកុប ១:២២)។ យើងអាចស្តាប់បង្គាប់តាម ដោយទឹកមុខញញឹម ព្រោះយើងយល់ អំពីអត្ថន័យ នៃការសង្កេតមើលខ្លួនឯង ដើម្បីស្វែងរកចំណុច ដែលយើងត្រូវការកែប្រែ ឬត្រូវធ្វើ។ ប៉ុន្តែ យើងកំពុងតែបោកប្រាស់ខ្លួនឯងហើយ បើយើងគ្រាន់តែសង្កេតមើល ហើយមិនធ្វើអ្វីសោះនោះ។ ដូចនេះយើងចាំបាច់ត្រូវ “ពិនិត្យមើលក្នុង” សេចក្តីពិតរបស់ព្រះ ហើយបន្តរស់នៅតាមសេចក្តីពិតរបស់ទ្រង់(ខ.២៥) គឺដូចដែលចាស្មីនបានយល់ព្រះបន្ទូលអំពីសេចក្តីស្រឡាញ់ ហើយក៏ទទួលការជំរុញចិត្ត ឲ្យបង្ហាញចេញ នូវសេចក្តីស្រឡាញ់ ដល់បងប្រុសរបស់នាង យ៉ាងដូច្នោះដែរ។ ចូរយើងអនុវត្តតាមព្រះបន្ទូលទ្រង់ ដ្បិតទ្រង់សក្តិសមនឹងទទួលការគោរពប្រតិបត្តិដ៏ល្អបំផុតពីយើង។ —ARTHUR JACKSON