លោក​ប្រាយអិន(Brian) មាន​គម្រោង​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ចូល​កន្លែង​អង្គុយ នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​បង​ប្រុស​គាត់ ប៉ុន្តែ គេ​មិន​ឃើញ​គាត់​មក​សោះ។ ក្រុម​គ្រួសារ​គាត់ ក៏​មាន​ការ​ខក​ចិត្ត ដោយ​រាប់​បញ្ចូល​ទំាង​ប្អូន​ស្រី​របស់​គាត់ ឈ្មោះ​ចាស្មីន(Jasmine) ដែល​ត្រូវ​អាន​ខគម្ពីរ នៅ​ថ្ងៃ​នោះ។ នៅ​ក្នុង​ពិធី​មង្គល​ការ​នោះ នាង​ក៏​បាន​អាន​ខគម្ពីរ ១កូរិនថូស ១៣ យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​នោះ​ជា​ខ​គម្ពីរ​ដ៏​ពេញ​និយម ដែល​និយាយ​អំ​ពី​ក្តី​ស្រឡាញ់។ ប៉ុន្តែ បន្ទាប់​ពី​ពិធី​មង្គល​ការបាន​ចប់​សព្វ​គ្រប់ ឪពុក​របស់​នាង​ក៏​បាន​ប្រាប់​នាង ឲ្យ​យក​អំណោយ​ថ្ងៃ​ខួប​កំណើត ទៅ​ឲ្យ​លោក​ប្រាយអិន តែ​នាង​មាន​ការ​ស្ទាក់​ស្ទើរ។ នាង​ក៏​បាន​ដឹង​ថា ការ​អនុវត្ត​តាម​ព្រះ​បន្ទូល ដែល​និយាយ​អំពី​ក្តី​ស្រឡាញ់ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​អនុវត្តន៍​តាម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មុន​ពេល​យប់​មក​ដល់ នាង​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត ហើយ​ក៏​បានទទួល​ស្គាល់​ថា នាង​មិន​អាច​ឈរ​អាន​ខគម្ពីរ ដែល​និយាយ​អំពី​ក្តី​ស្រឡាញ់ ដោយ​មិន​អនុវត្ត​តាម​នោះ​ឡើយ។

តើ​អ្នក​ធ្លាប់​បាន​ទទួល​ការ​ចាក់​ចុច​ចិត្ត ពី​ព្រះ​គម្ពីរ ដែល​អ្នក​បាន​អាន ឬ​បាន​ឮ តែ​ពិបាក​នឹង​អនុវត្ត​តាម​ឬ​ទេ? មិន​មែន​មាន​តែ​អ្នក​ទេ ដែល​មាន​បញ្ហា​នេះ។ ការ​អាន ហើយ​ស្តាប់​តាម​ព្រះ​បន្ទូល​ព្រះ គឺ​ងាយ​ស្រួល​ជាង​ការ​ស្តាប់​បង្គាប់​តាម​ព្រះ​បន្ទូល​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​សាវ័ក​យ៉ាកុប​បាន​ជំរុញ​យើង​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ”(យ៉ាកុប ១:២២)។ យើង​អាច​ស្តាប់​បង្គាប់​តាម ដោយ​ទឹក​មុខ​ញញឹម ព្រោះ​យើង​យល់ អំពី​អត្ថ​ន័យ នៃ​ការ​សង្កេត​មើល​ខ្លួន​ឯង ដើម្បី​ស្វែង​រក​ចំណុច ដែល​យើង​ត្រូវ​ការកែប្រែ ឬ​ត្រូវ​ធ្វើ។ ប៉ុន្តែ យើង​កំពុង​តែ​បោក​ប្រាស់​ខ្លួន​ឯង​ហើយ បើ​យើង​គ្រាន់​តែ​សង្កេត​មើល ហើយ​មិន​ធ្វើ​អ្វី​សោះ​នោះ។ ដូច​នេះ​យើង​ចាំ​បាច់​ត្រូវ “ពិនិត្យ​មើល​ក្នុង” សេចក្តី​ពិត​របស់​ព្រះ ហើយ​បន្ត​រស់​នៅ​តាម​សេចក្តី​ពិត​របស់​ទ្រង់​(ខ.២៥) គឺ​ដូច​ដែល​ចាស្មីន​បាន​យល់​ព្រះ​បន្ទូល​អំពី​សេចក្តី​ស្រឡាញ់ ហើយ​ក៏​ទទួល​ការ​ជំរុញ​ចិត្ត ឲ្យ​បង្ហាញ​ចេញ​ នូវ​សេចក្តី​ស្រឡាញ់ ដល់​បង​ប្រុស​របស់​នាង យ៉ាង​ដូច្នោះ​ដែរ។ ចូរ​យើង​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដ្បិត​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​គោរព​ប្រតិបត្តិ​ដ៏​ល្អ​បំផុត​ពី​យើង។ —ARTHUR JACKSON