អ្នកលេងកីឡាវាយកូនបាល់គ្រីឃីតម្នាក់ បាននិយាយថា គាត់នឹងមានការខកចិត្តយ៉ាងខ្លំាង បើសិនជាសមាជិកក្រុមរបស់គាត់បានធ្វើខុសច្បាប់នៃការប្រកួត។ ពេលនោះ គាត់កំពុងតែនិយាយសំដៅទៅលើកីឡាករវាយកូនបាល់គ្រីឃីត នៅក្នុងក្រុមរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានបំពានច្បាប់នៃការប្រកួត នៅក្នុងការប្រកួត ក្នុងឆ្នាំ២០១៦។ ប៉ុន្តែ ពីឆ្នាំក្រោយមក កីឡាកររូបនោះត្រូវបានគេរកឃើញថា បានធ្វើខុសច្បាប់នៃការប្រកួត ដែលស្ទើរតែដូចលើកមុខ។
ការលាក់ពុតរបស់អ្នកដទៃ អាចធ្វើឲ្យយើងឈឺចាប់យ៉ាងខ្លាំង ហើយមានកំហុសតិចណាស់ ដែលធ្វើឲ្យយើងឈឺចាប់ជាងនេះ។ ប៉ុន្តែ នៅក្នុងរឿងរបស់លោកយូដា ក្នុងបទគម្ពីរ លោកុប្បត្តិ ជំពូក៣៨ ការលាក់ពុតរបស់លោកយូដា ស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិត។ បន្ទាប់ពីកូនប្រុសរបស់គាត់ពីរនាក់ បានបាត់បង់ជីវិត បន្ទាប់ពីពួកគេទើបតែបានរៀបការជាមួយនាងតាម៉ារ គាត់ក៏បានបោះបង់ចោលភារៈកិច្ច នៅក្នុងការផ្គត់ផ្គង់នាង ដោយស្ងាត់ៗ(ខ.៨-១១)។ ដោយទាល់គំនិត នាងតាម៉ារក៏បានយកស្បៃរបស់ស្រ្តីរកស៊ីផ្លូវភេទបាំងមុខខ្លួនឯង ដើម្បីក្លែងខ្លួនធ្វើជាស្រីពេស្យា ហើយលោកយូដាក៏បានទៅរួមដំណេកជាមួយនាង(ខ.១៥-១៦)។
តែពេលដែលលោកយូដាបានដឹងថា កូនប្រសារស្រីរបស់គាត់មានផ្ទៃពោះ គាត់ក៏មានប្រតិកម្មភ្លាមៗ ដោយចង់សម្លាប់នាង។ គាត់ក៏បានទាមទាឲ្យគេនាំនាងចេញក្រៅ ដើម្បីដុតនាងសម្លាប់(ខ.២៤)។ ប៉ុន្តែ នាងតាម៉ារមានភស្តុតាងដើម្បីបញ្ជាក់ថា លោកយូដា គឺជាឪពុករបស់ក្មេង ដែលនៅក្នុងផ្ទៃនាង(ខ.២៥)។
លោកយូដាអាចបដិសេធការពិត នៅពេលនោះ។ តែផ្ទុយទៅវិញ គាត់បានទទួលស្គាល់ការលាក់ពុតរបស់គាត់ ហើយក៏បានទទួលខុសត្រូវ នៅក្នុងការថែរក្សានាង ដោយនិយាយថា “នាងសុចរិតជាងគាត់”(ខ.២៦)។
ហើយព្រះជាម្ចាស់ក៏បានបញ្ចូលសាច់រឿងដ៏ងងឹតរបស់លោកយូដា និងនាងតាម៉ារ ទៅក្នុងរឿងនៃការប្រោសលោះរបស់ទ្រង់។ កូនចៅជំនាន់ក្រោយរបស់នាងតាម៉ារ(ខ.២៩-៣០) ក៏បានក្លាយជាបុព្វបុរសរបស់ព្រះយេស៊ូវ(ម៉ាថាយ ១:២-៣)។
ហេតុអ្វីបានជារឿងនៅក្នុងបទគម្ពីរលោកុប្បត្តិជំពូក៣៨ ត្រូវបានកត់ទុកក្នុងព្រះគម្ពីរប៊ីប? មូលហេតុទីមួយ គឺដោយសាររឿងនេះ ឆ្លុះបញ្ចាំងអំពីចិត្តរបស់យើងដែលលាក់ពុត និងព្រះទ័យរបស់ព្រះជាម្ចាស់ ដែលមានសេចក្តីស្រឡាញ់ ព្រះគុណ និងសេចក្តីមេត្តាករុណា។—TIM GUSTAFSON