ខ្ញុំធ្លាប់ឮគេនិយាយថា មានសិស្សម្នាក់បានទៅរៀនអធិប្បាយព្រះបន្ទូល នៅសាលាព្រះគម្ពីរដ៏ល្បីល្បាញមួយ។ សិស្សនោះជាយុវជនម្នាក់ ដែលបានផ្តោតទៅលើខ្លួនឯងជ្រុលបន្តិច ពេលដែលគាត់ឡើងអធិប្បាយព្រះបន្ទូល ដោយវោហាស័ព្ទ និងចិត្តដែលឆេះឆួល។ គាត់ក៏បានត្រឡប់មកកន្លែងអង្គុយវិញ ដោយការពេញចិត្តនឹងខ្លួនឯង ហើយលោកសាស្ត្រាចារ្យក៏បានស្ងប់ស្ងាត់មួយសន្ទុះ មុននឹងឆ្លើយតបចំពោះការអធិប្បាយរបស់គាត់។ គាត់មានប្រសាសន៍ថា “នេះ ជាការអធិប្បាយព្រះបន្ទូលដ៏មានអំណាច។ វាមានការរៀបចាំបានល្អ ហើយក៏មានភាពរលូនផង។ ខ្ញុំឃើញមានបញ្ហាតែមួយទេ គឺប្រយោគនីមួយៗ មិនបាននិយាយអំពីព្រះអង្គទាល់តែសោះ”។
ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យបាននិយាយសង្កត់ធ្ងន់ អំពីបញ្ហាដែលយើងរាល់គ្នាមាន នៅពេលខ្លះ គឺយើងនិយាយ ដោយហាក់ដូចជាគិតថា ខ្លួនយើងជាតួឯកទីមួយ(ដោយសង្កត់ធ្ងន់ទៅលើការអ្វី ដែលយើងធ្វើ និងអ្វីដែលយើងនិយាយ) តែតាមពិត គឺព្រះទេដែលជាតួឯកទីមួយ ក្នុងជីវិតយើង។ យើងច្រើនតែសារភាពថា ព្រះជាម្ចាស់ “គ្រប់គ្រងអ្វីៗទាំងអស់” ប៉ុន្តែ យើងច្រើនតែប្រព្រឹត្ត ដោយហាក់ដូចជាគិតថា លទ្ធផលទាំងអស់ សុទ្ធតែពឹងផ្អែកលើយើង។
ព្រះគម្ពីរបានបញ្ជាក់ច្បាស់ថា ព្រះទ្រង់គឺជាប្រធានបទដ៏ពិត នៃជីវិតរបស់យើង ពោលគឺទ្រង់ជាកម្លាំងពិតប្រាកដ។ សូម្បីតែជំនឿរបស់យើង ក៏ត្រូវបានធ្វើឡើង “ក្នុងព្រះនាមនៃព្រះអម្ចាស់យេស៊ូវ” គឺក្នុងអំណាចរបស់ទ្រង់(ទំនុកដំកើង ១១៨:១០-១១)។ ព្រះទ្រង់បានធ្វើឲ្យការសង្រ្គោះកើតមានឡើង។ ទ្រង់ជួយសង្រ្គោះយើង។ ទ្រង់បំពេញសេចក្តីត្រូវការរបស់យើង។ ព្រះអម្ចាស់បានធ្វើនូវការដ៏សំខាន់នេះ(ខ.២៣)។
ដូចនេះ សម្ពាធក៏លែងមានទៀត។ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ការប្រៀបធៀប ឬធ្វើការដោយបង្ខំ ឬបន្ថែមការថប់បារម្ភនោះឡើយ។ ព្រះទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ហើយ។ យើងគ្រាន់តែទុកចិត្ត ហើយដើរតាមការដឹកនាំរបស់ទ្រង់ ដោយការស្តាប់បង្គាប់ប៉ុណ្ណោះ។—WINN COLLIER