ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា មាន​សិស្ស​ម្នាក់​បាន​ទៅ​រៀន​អធិប្បាយ​ព្រះ​បន្ទូល នៅ​សាលា​ព្រះ​គម្ពីរ​ដ៏​ល្បីល្បាញ​មួយ។ សិស្ស​នោះ​ជា​យុវជន​ម្នាក់ ដែល​បាន​ផ្តោត​ទៅ​លើ​ខ្លួន​ឯង​ជ្រុល​បន្តិច ពេល​ដែល​គាត់​ឡើង​អធិប្បាយ​ព្រះ​បន្ទូល ដោយ​វោហា​ស័ព្ទ និង​ចិត្ត​ដែល​ឆេះ​ឆួល។ គាត់​ក៏​បាន​ត្រឡប់​មក​កន្លែង​អង្គុយ​វិញ ដោយ​ការ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង ហើយ​លោក​សាស្ត្រា​ចារ្យ​ក៏​បាន​ស្ងប់​ស្ងាត់​មួយ​សន្ទុះ មុន​នឹង​ឆ្លើយ​តប​ចំពោះ​ការ​អធិប្បាយ​របស់​គាត់។ គាត់​មាន​ប្រសាសន៍​ថា “នេះ​ ជា​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដ៏​មាន​អំណាច។ វា​មាន​ការ​រៀប​ចាំ​បាន​ល្អ ហើយ​ក៏​មាន​ភាព​រលូន​ផង។ ខ្ញុំ​ឃើញ​មាន​បញ្ហាតែ​មួយ​ទេ គឺ​ប្រយោគ​នីមួយ​ៗ​ មិន​បាន​និយាយ​អំពី​ព្រះ​អង្គ​ទាល់​តែ​សោះ”។

ត្រង់​ចំណុច​នេះ លោក​សាស្ត្រា​ចារ្យ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​បញ្ហា​ដែល​យើង​រាល់​គ្នា​មាន នៅ​ពេល​ខ្លះ គឺ​យើង​និយាយ ដោយ​ហាក់​ដូច​ជា​គិត​ថា ខ្លួន​យើង​ជា​តួ​ឯក​ទី​មួយ​(ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​អ្វី ដែល​យើង​ធ្វើ និង​អ្វី​ដែលយើង​និយាយ) តែ​តាម​ពិត គឺ​ព្រះ​ទេ​ដែល​ជា​តួ​ឯក​ទី​មួយ ក្នុង​ជីវិត​យើង។ យើង​ច្រើន​តែ​សារភាព​ថា ព្រះ​ជា​ម្ចាស់ “គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់” ប៉ុន្តែ យើង​ច្រើន​តែ​ប្រព្រឹត្ត ដោយ​ហាក់​ដូច​ជា​គិត​ថា លទ្ធ​ផល​ទាំង​អស់ សុទ្ធ​តែ​ពឹង​ផ្អែក​លើ​យើង។

ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់​ថា​ ព្រះ​ទ្រង់​គឺ​ជា​ប្រធាន​បទ​ដ៏​ពិត នៃ​ជីវិត​របស់​យើង ពោល​គឺ​ទ្រង់​ជា​កម្លាំង​ពិត​ប្រាកដ។ សូម្បី​តែ​ជំនឿ​របស់​យើង ក៏​ត្រូវ​បាន​ធ្វើ​ឡើង “ក្នុង​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​យេស៊ូវ” គឺ​ក្នុង​អំណាច​របស់​ទ្រង់​(ទំនុក​ដំកើង ១១៨:១០-១១)។ ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សង្រ្គោះ​កើត​មាន​ឡើង។ ទ្រង់​ជួយ​សង្រ្គោះ​យើង។ ទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង។ ព្រះ​អម្ចាស់​បាន​ធ្វើ​នូវ​ការ​ដ៏​សំខាន់​នេះ(ខ.២៣)។

ដូច​នេះ សម្ពាធ​ក៏​លែង​មាន​ទៀត។​ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ការ​ប្រៀប​ធៀប ឬ​ធ្វើការ​ដោយ​បង្ខំ ឬ​បន្ថែមការ​ថប់​បារម្ភ​នោះ​ឡើយ។ ព្រះ​ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់​ហើយ។ យើង​គ្រាន់​តែ​ទុក​ចិត្ត ហើយ​ដើរ​តាម​ការ​ដឹក​នាំ​របស់​ទ្រង់ ដោយ​ការ​ស្តាប់​បង្គាប់​ប៉ុណ្ណោះ។—WINN COLLIER