លោកស៊ែមញួល មីលស៍(Samuel Mills) និងមិត្តភក្តិរបស់គាត់បួននាក់ ច្រើនតែជួបជុំគ្នា អធិស្ឋាន សូមព្រះទ្រង់ចាត់មនុស្សឲ្យកាន់តែច្រើន ឲ្យផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ។ ថ្ងៃមួយ ក្នុងឆ្នាំ១៨០៦ បន្ទាប់ពីគាត់វិលត្រឡប់មកពីការជួបជុំគ្នាអធិស្ឋាន ពួកគេក៏បានជួបព្យុះរន្ទះ ហើយក៏បានចូលជ្រកក្នុងជង្រុកមួយ។ ការជួបជុំគ្នាប្រចាំសប្តាហ៍របស់ពួកគេនៅពេលនោះ ក៏ត្រូវបានគេហៅថា ការប្រជុំអធិស្ឋានក្នុងជង្រុក ហើយបានក្លាយជាចលនាបេសកកម្មអន្តរជាតិមួយ។ សព្វថ្ងៃនេះ វិមាននៃការប្រជុំអធិស្ឋានក្នុងជង្រុក មានទីតាំងនៅមហាវិទ្យាល័យវីលៀម នៅសហរដ្ឋអាមេរិក ជាការរំឭកអំពីការអស្ចារ្យដែលព្រះជាម្ចាស់អាចធ្វើ តាមរយៈការអធិស្ឋានរបស់យើង។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌សប្បាយព្រះទ័យ ពេលដែលកូនៗរបស់ទ្រង់ ចូលមករកទ្រង់ ដោយការទូលសូមរួមគ្នា។ ការនេះគឺដូចជាការជួបជុំគ្រួសារ ដែលក្នុងនោះពួកគេមានការចូលរួម ដោយគោលបំណងតែមួយ ដោយចែករំលែកបន្ទុកដល់គ្នាទៅវិញទៅមក។
សាវ័កប៉ុលបានទទួលស្គាល់ថា ព្រះទ្រង់បានជួយគាត់ តាមរយៈការអធិស្ឋានរបស់អ្នកដទៃ ក្នុងអំឡុងពេលនៃការរងទុក្ខដ៏ធ្ងន់ធ្ងរ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ទ្រង់នឹងប្រោសឲ្យរួចទៅមុខទៀតដែរ ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង”(២កូរិនថូស ១:១០-១១)។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យប្រើការអធិស្ឋានរបស់យើង ជាពិសេសការរួមគ្នាអធិស្ឋាន ដើម្បីសម្រេចព្រះរាជកិច្ចទ្រង់ ក្នុងពិភពលោក។ ហេតុនេះហើយ គាត់ក៏បានមានប្រសាសន៍ទៀតថា មនុស្សជាច្រើននឹងអរព្រះគុណព្រះ សម្រាប់ការឆ្លើយតប ចំពោះការអធិស្ឋានរបស់មនុស្សជាច្រើន។
ចូរយើងរួមគ្នាអធិស្ឋាន ដើម្បីឲ្យយើងអាចអរសប្បាយជាមួយគ្នា នៅក្នុងសេចក្តីល្អរបស់ព្រះជាម្ចាស់។ ព្រះវរបិតានៃសេចក្តីស្រឡាញ់របស់យើង កំពុងតែរង់ចាំយើងចូលមករកទ្រង់ ដើម្បីឲ្យទ្រង់អាចធ្វើការ តាមរយៈយើង តាមរបៀបដែលអាចឈោងចាប់ លើសការរំពឹងគិតរបស់យើងទៅទៀត។—POH FANG CHIA