កាល​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ មាន​អ្នក​ភូមិ​ជន​ជាតិ​បារំាង​មួយ​ចំនួន បាន​ជួយ​លាក់​បំពួក​ជន​ជាតិ​យូដា ឬ​ជ្វីប ដែល​កំពុង​រត់​គេច​ពី​ពួក​ណាហ្ស៊ី។ ពេល​នោះ មាន​អ្នក​ខ្លះ​បាន​ច្រៀង​ចម្រៀង នៅ​ក្នុង​ព្រៃ​ស្តុក នៅ​ជុំវិញ​ទី​ប្រជុំ​ជនរបស់​ពួក​គេ ដើម្បី​ស៊ីញ៉ូ​ឲ្យ​ជន​ភាស​ខ្លួន​ទាំង​នោះ​ដឹង​ថា ពួក​គេ​អាច​ចេញ​ពី​ការ​លាក់​ខ្លួន ដោយ​សុវត្ថិ​ភាព​ហើយ។ អ្នក​ភូមិ​ដ៏​ក្លាហាន​ទាំង​នេះ នៅ​ភូមិ​ឡឺ ចាំបុង សួលីកនុង បាន​ឆ្លើយ​តប​ការ​អំពាវ​នាវ​របស់​លោក​អនដ្រេ ត្រូកមេ(André Trocmé) ដែល​ជា​គ្រូ​គង្វាល​ប្រចាំ​តំបន់ និង​ភរិយា​របស់​គាត់​ឈ្មោះ មែកដា(Magda) ឲ្យ​ផ្តល់​កន្លែង​ជ្រក​កោន​សម្រាប់​ជន​ជាតិ​យូដា នៅ​សម័យ​សង្រ្គាម នៅ​តំបន់​ខ្ពង់​រាប ដែល​មាន​ឈ្មោះ​ថា​ “ឡា មុងតាញេ ប្រូតេស្តង់”។ ការ​ផ្តល់​សញ្ញា​ដល់​ជន​ភាស​ខ្លួន ដោយ​ប្រើ​បទ​ចម្រៀង​នេះ បាន​ក្លាយ​ជា​លក្ខណៈ​ពិសេស​នៃ​សេចក្តី​ក្លាហាន​របស់​អ្នក​ភូមិ​នោះ ដែល​បាន​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា​ជិត​៣​ពាន់​នាក់ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​បាន​ច្រៀង​ចម្រៀង ក្នុង​ពេល​ដ៏​គ្រោះ​ថ្នាក់ គឺ​នៅ​ពេល​ដែល​ស្តេច​សូល​បញ្ជូន​ឃាត​ករ ឲ្យ​ចូល​ផ្ទះ​ទ្រង់នៅ​ពេល​យប់។ ទ្រង់​បាន​ប្រើ​បទ​ចម្រៀង មិន​មែន​ដើម្បី​ស៊ីញ៉ូ​នរណា​ម្នាក់​ឡើយ តែ​ដើម្បី​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ដែល​ជា​ទី​ជ្រក​កោន​របស់​ទ្រង់។ ស្តេច​ដាវីឌ​បាន​បន្លឺ​សម្លេង​ដ៏​រីក​រាយ​ថា “ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេងច្រៀង​ពី​សេចក្តី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ”(ទំនុកដំកើង ៥៩:១៦)។

បទ​ចម្រៀង​ប្រភេទ​នេះ មិន​មែន​ជា​ “ការ​ហួច ក្នុង​ភាព​ងងឹត” ដើម្បី​បន្លប់​ការ​ភ័យ​ខ្លាច ក្នុង​ពេល​ដែល​មាន​គ្រោះ​ថ្នាក់នោះ​ទេ។​ ផ្ទុយ​ទៅ​វិញ ការ​ច្រៀង​របស់​ស្តេច​ដាវីឌ បាន​បង្ហាញ​ចេញ​នូវ​ជំនឿ​ដែល​គាត់​មាន ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។ “ឱ​ព្រះ​ដ៏​ជា​កំឡាំង​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ទ្រង់ ដ្បិត​ព្រះ​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ”(ខ.១៧)។

ការ​ច្រៀង​សរសើរ​ដំកើង​របស់​ស្តេច​ដាវីឌ និង​ការ​ច្រៀង​របស់​អ្នក​ភូមិ ឡឺ ចាំបុង បាន​អញ្ជើញ​យើង ឲ្យ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ជា​ម្ចាស់ នៅ​ថ្ងៃ​នេះ ដោយ​បទ​ចម្រៀង​របស់​យើង ទោះ​យើង​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ជីវិត​យ៉ាង​ណា​ក្តី។ ព្រះ​វត្ត​មាន​នៃ​ក្តី​ស្រឡាញ់​របស់​ទ្រង់​នឹង​ឆ្លើយ​តប ដោយ​ជួយ​ឲ្យ​ចិត្ត​យើង​មាន​កម្លាំង​ឡើង។—PATRICIA RAYBON