“តើឯងចង់ធ្វើការងារអ្វី ពេលដែលឯងធំឡើង?” នេះជាសំណួរ ដែលយើងរាល់គ្នាសុទ្ធតែធ្លាប់ឮគេសួរយើង កាលនៅក្មេង ហើយជួនកាល ពេលដែលយើងពេញវ័យហើយ គេក៏នៅតែសួរសំណួរនេះដែរ។ សំណួរនេះកើតឡើងពីការចង់ដឹង ហើយជាញឹកញាប់ ចម្លើយដែលគេទទួលបាន ក៏បានបង្ហាញអំពីសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ពេលអនាគត។ ចម្លើយរបស់ខ្ញុំបានផ្លាស់ប្តូរពីមួយឆ្នំាទៅមួយឆ្នាំ ដោយពីដំបូងខ្ញុំចាប់ផ្តើមឆ្លើយថា ខ្ញុំចង់ធ្វើជាអ្នកចិញ្ចឹមគោ បន្ទាប់មក ខ្ញុំប្រាប់គេថា ខ្ញុំចង់ធ្វើអ្នកបើកឡានកុងតៃន័រ ក្រោយមក ខ្ញុំថា ខ្ញុំចង់ធ្វើទាហាន ហើយខ្ញុំក៏បានចូលរៀននៅមហាវិទ្យាល័យ ក្នុងការតាំងចិត្តថា ខ្ញុំនឹងក្លាយជាវេជ្ជបណ្ឌិត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចាំថា ខ្ញុំមិនដែលមាននរណាម្នាក់លើកទឹកចិត្ត ឲ្យខ្ញុំទៅស្វែងរកជីវិតដែលស្រគត់ស្រគំ ឬស្ងៀមស្ងាត់នោះឡើយ ហើយខ្ញុំខ្លួនឯងក៏មិនដែលគិតចង់ស្វែងរកវាដែរ។
ប៉ុន្តែ នោះជាអ្វីដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងថែស្សាឡូនិច។ ទីមួយ គាត់បានជំរុញពួកគេឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយស្រឡាញ់មហាគ្រួសារនៃព្រះកាន់តែខ្លាំងឡើង(១ថែស្សាឡូនិច ៤:១០)។ បន្ទាប់មក គាត់ក៏បានដាស់តឿន ដោយប្រាប់ពួកគេឲ្យខំប្រឹងអស់ពីចិត្ត នៅក្នុងការស្វែងរកជីវិតដែលស្រគត់ស្រគំ ឬស្ងប់ស្ងាត់(ខ.១១)។ ត្រង់ចំណុចនេះ តើសាវ័កប៉ុលចង់មានន័យដូចម្តេច? គាត់បានណែនាំពួកគេ ឲ្យផ្តោតទៅលើកិច្ចការអ្វីដែលពួកគេកំពុងធ្វើ ហើយធ្វើការដោយដៃខ្លួនឯងផង ដើម្បីឲ្យពួកគេបានប្រព្រឹត្តដោយគួរគប្បី ដល់មនុស្សខាងក្រៅ ហើយមិនធ្វើជាបន្ទុកសម្រាប់នរណាម្នាក់(ខ.១១-១២)។ យើងមិនត្រូវបំបាក់ទឹកចិត្តក្មេងៗ មិនឲ្យដេញតាមក្តីស្រមៃរបស់ខ្លួន តាមអំណោយទាន ឬចិត្តឆេះឆួលរបស់ពួកគេនោះទេ តែយើងប្រហែលជាអាចលើកទឹកចិត្តពួកគេថា ទោះពួកគេសម្រេចចិត្តធ្វើអ្វីក៏ដោយ ពួកគេត្រូវធ្វើដោយវិញ្ញាណដែលស្រគត់ស្រគំ។
នៅក្នុងពិភពលោកដែលយើងកំពុងតែរស់នៅ ពាក្យសេចក្តីប្រាថ្នាធំ និង ភាពស្រគត់ស្រគំ គឺហាក់ដូចជាមិនអាចចូលគ្នាបានទេ។ ប៉ុន្តែ យើងនៅតែអាចអនុវត្តតាមព្រះគម្ពីរ ទោះនៅសម័យណាក៏ដោយ ដូចនេះ យើងគួរតែស្វែងរកជីវិតដែលស្រគត់ស្រគំវិញ។—JOHN BLASÉ