“តើ​ឯង​ចង់​ធ្វើ​ការ​ងារ​អ្វី ពេល​ដែល​ឯង​ធំ​ឡើង?” នេះ​ជា​សំណួរ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​ឮ​គេ​សួរ​យើង កាល​នៅ​ក្មេង ហើយ​ជួន​កាល ពេល​ដែល​យើង​ពេញ​វ័យ​ហើយ គេ​ក៏​នៅ​តែ​សួរ​សំណួរ​នេះ​ដែរ។ សំណួរ​នេះ​កើត​ឡើង​ពី​ការ​ចង់​ដឹង ហើយ​ជា​ញឹក​ញាប់ ចម្លើយ​ដែល​គេ​ទទួល​បាន ក៏​បាន​បង្ហាញ​អំពី​សេចក្តី​ប្រាថ្នា​ដ៏​ធំ សម្រាប់​ពេល​អនា​គត។ ចម្លើយ​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នំា​ទៅ​មួយ​ឆ្នាំ ដោយ​ពី​ដំបូង​ខ្ញុំ​ចាប់​ផ្តើម​ឆ្លើយ​ថា ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ចិញ្ចឹម​គោ បន្ទាប់​មក ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ចង់​ធ្វើ​អ្នក​បើក​ឡាន​កុង​តៃន័រ ក្រោយ​មក​​ ខ្ញុំ​ថា ខ្ញុំ​ចង់​ធ្វើ​ទាហាន ហើយ​ខ្ញុំ​ក៏​បាន​ចូល​រៀននៅ​មហា​វិទ្យាល័យ ក្នុង​ការ​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ក្លាយ​ជា​វេជ្ជ​បណ្ឌិត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចាំ​ថា ខ្ញុំ​មិន​ដែល​មាននរណា​ម្នាក់​លើក​ទឹក​ចិត្ត ឲ្យ​ខ្ញុំ​ទៅ​ស្វែង​រក​ជីវិត​ដែល​ស្រគត់​ស្រគំ​ ឬស្ងៀមស្ងាត់​នោះ​ឡើយ ហើយ​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ដែលគិត​ចង់​ស្វែង​រក​វា​ដែរ។

ប៉ុន្តែ នោះ​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ នៅ​ទី​ក្រុង​ថែស្សាឡូនិច។ ទី​មួយ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្រឡាញ់​មហា​គ្រួសារ​នៃ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​(១ថែស្សាឡូនិច ៤:១០)។ បន្ទាប់​មក គាត់​ក៏បាន​ដាស់​តឿន ដោយ​ប្រាប់​ពួក​គេ​ឲ្យ​ខំ​ប្រឹង​អស់​ពី​ចិត្ត នៅ​ក្នុង​ការ​ស្វែង​រក​ជីវិត​ដែល​ស្រគត់​ស្រគំ ឬ​ស្ងប់​ស្ងាត់​(ខ.១១)។ ត្រង់​ចំណុច​នេះ តើ​សាវ័ក​ប៉ុល​ចង់​មាន​ន័យ​ដូច​ម្តេច? គាត់​បាន​ណែ​នាំ​ពួក​គេ ឲ្យ​ផ្តោត​ទៅ​លើ​កិច្ចការ​អ្វីដែល​ពួក​គេ​កំពុង​ធ្វើ ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដើម្បី​ឲ្យ​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គួរ​គប្បី ដល់​មនុស្ស​ខាង​ក្រៅ ហើយ​មិន​ធ្វើ​ជា​បន្ទុក​សម្រាប់​នរណា​ម្នាក់​(ខ.១១-១២)។ យើង​មិន​ត្រូវ​បំបាក់​ទឹក​ចិត្ត​ក្មេង​ៗ មិន​ឲ្យ​ដេញ​តាម​ក្តី​ស្រមៃរបស់​ខ្លួន តាម​អំណោយ​ទាន ឬ​ចិត្ត​ឆេះ​ឆួល​របស់​ពួក​គេ​នោះ​ទេ តែ​យើង​ប្រហែល​ជា​អាច​លើក​ទឹក​ចិត្ត​ពួក​គេ​ថា ទោះពួក​គេ​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ  ពួក​គេ​ត្រូវ​ធ្វើ​ដោយ​វិញ្ញាណ​ដែល​ស្រគត់​ស្រគំ។

នៅ​ក្នុង​ពិភព​លោក​ដែល​យើង​កំពុង​តែ​រស់​នៅ ពាក្យសេចក្តី​ប្រាថ្នា​ធំ និង ភាព​ស្រគត់​ស្រគំ គឺ​ហាក់​ដូច​ជា​មិន​អាច​ចូល​គ្នា​បាន​ទេ។ ប៉ុន្តែ យើង​នៅ​តែ​អាច​អនុវត្ត​តាម​ព្រះ​គម្ពីរ ទោះ​នៅ​សម័យ​ណា​ក៏​ដោយ ដូច​នេះ យើង​គួរ​តែ​ស្វែង​រក​ជីវិតដែល​ស្រគត់​ស្រគំ​វិញ។—JOHN BLASÉ