កាលពីមុន ខ្ញុំមានស្នាមពណ៌ខ្មៅ នៅលើច្រមុះរបស់ខ្ញុំ ហើយខ្ញុំក៏បានទៅជួបគ្រូពេទ្យ។ គេក៏បានយកបំណែកជាលិការបស់ស្នាមពណ៌ខ្មៅនោះ ទៅវិភាគ ហើយប៉ុន្មានថ្ងៃក្រោយមក លទ្ធផលនៃការពិនិត្យក៏បានបង្ហាញថា ខ្ញុំមានជំងឺមហារីកស្បែក។ វាជាដំណឹងដែលខ្ញុំមិនចងឮ។ ទោះគេអាចព្យាបាលមហារីកនោះ ដោយការវះកាត់ ហើយវាមិនបានគំរាមកំហែងជីវិតខ្ញុំក្តី ក៏ខ្ញុំនៅតែមានអារម្មណ៍ថា វាប្រៀបដូចជាគ្រាប់ថ្នាំដ៏ល្វីងដែលខ្ញុំត្រូវតែលេប។
ព្រះជាម្ចាស់បានបង្គាប់លោកអេសេគាល ឲ្យធ្វើកិច្ចការមួយ ដែលពិបាកដូចការលេបគ្រាប់ថ្នាំដ៏ល្វីង។ ទ្រង់បានឲ្យគាត់លេបក្រាំងមួយ ដែលមានកត់ទុកសុទ្ធតែពាក្យទំនួញ ពាក្យសោកសៅ និងសេចក្តីវេទនា(អេសេគាល ២:១០ ៣:១-២)។ គាត់ត្រូវលេបវាចូលទៅក្នុងពោះ ហើយថ្លែងពាក្យដែលមានក្នុងក្រាំងនោះ ដល់ជនជាតិអ៊ីស្រាអែល ដែលព្រះទ្រង់បានចាត់ទុកពួកគេជា “ពួកមនុស្សដែលរឹងចចេស និងមានចិត្តខែង”(២:៤)។ គេប្រហែលជាគិតថា ក្រាំងដែលមានកត់ទុកពាក្យសម្រាប់កែតម្រង់ មានរស់ជាតិដូចថ្នាំល្វីងដែរ។ តែលោកអេសេគាលបានពិពណ៌នាថា វាមានរស់ជាតិផ្អែមដូចទឹកឃ្មំ នៅក្នុងមាត់របស់គាត់(៣:៣)។
លោកអេសេគាលបានស្គាល់រស់ជាតិ នៃការកែតម្រង់របស់ព្រះ។ គាត់មិនបានគិតថា ពាក្យស្តីបន្ទោសរបស់ទ្រង់ មានរស់ជាតិល្វីងជូរចត់ ដែលគួរឲ្យជៀសវាងនោះទេ ផ្ទុយទៅវិញ គាត់បានទទួលស្គាល់ថា អ្វីក៏ដោយដែលល្អសម្រាប់វិញ្ញាណមនុស្ស គឺមាន “រស់ជាតិផ្អែម”។ ព្រះជាម្ចាស់បានប្រៀនប្រដៅ និងការតម្រង់យើង ដោយសេចក្តីសប្បុរស និងក្តីស្រឡាញ់ ដោយជួយយើងឲ្យរស់នៅ តាមរបៀបដែលថ្វាយព្រះកិត្តិនាម និងគាប់ព្រះទ័យទ្រង់។
សេចក្តីពិតខ្លះ មានរស់ជាតិដូចថ្នាំដែលល្វីង ដែលពិបាកនឹងលេបចូល តែសេចក្តីពិតខ្លះទៀត មានរស់ជាតិផ្អែម។ បើយើងចាំថា ព្រះទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា នោះសេចក្តីពិតរបស់ទ្រង់នឹងមានរស់ជាតិផ្អែម ដូចទឹកឃ្មំ។ ទ្រង់ប្រទានព្រះបន្ទូលទ្រង់ ដើម្បីជាប្រយោជន៍ដល់យើងរាល់គ្នា ដោយប្រទានប្រាជ្ញា និងកម្លាំង ដើម្បីអត់ទោសឲ្យអ្នកដទៃ និងងាកចេញពីការនិយាយដើម ហើយស៊ូទ្រាំ នៅក្នុងការធ្វើទុក្ខបុកម្នេញ។ ឱព្រះអម្ចាស់ សូមជួយយើងខ្ញុំឲ្យដឹងថា ប្រាជ្ញាព្រះអង្គ គឺជាការប្រឹក្សា ដែលពិតជាមានរស់ជាតិផ្អែម។—KIRSTEN HOLMBERG